មន្រ្តីជាន់ខ្ពស់បរិស្ថាន អំពាវនាវពលរដ្ឋ ចូលរួមសន្សំសំចៃការប្រើប្រាស់ទឹក និងចរន្តអគ្គីសនី
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអំពាវនាវដល់ពលរដ្ឋទាំងអស់គ្នា ចូលរួមក្នុងការការពារភពផែនដី ដោយគ្រាន់តែចូលរួមសន្សំសំចៃការប្រើប្រាស់ទឹក និងចរន្តអគ្គិសនី ចូលរួមដាំដើមឈើ និងកាត់បន្ថយសំណល់រឹងរាវ សំរាម និងកាត់បន្ថយការដុតប្រេងឥន្ធនៈផូស៊ីល ព្រមទាំងប្រើប្រាស់សម្ភារដែលស៊ីភ្លើងតិច និងរស់នៅក្រោមប្រតិបត្តិបរិស្ថានល្អ ។
ក្នុងទិវា “មួយម៉ោងសម្រាប់ភពផែនដី”ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅយប់មិញនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា គោលបំណងនៃការប្រារព្ធទិវានេះ គឺបំផុសចលនាមហាជនឱ្យចូលរួមទទួលខុសត្រូវ លើការប្រើប្រាស់ថាមពល ប្រកបដោយនិរន្តរភាពបរិស្ថាន ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន និងជួយសង្គ្រោះភពផែនដីពីការកើនកំដៅ ។
លោក នេត្រ ភក្រ្តា បានលើកឡើងថា ដើម្បីធានាបានការរួមចំណែកនៅក្នុងការទប់ស្កាត់កំណើនកំដៅភពផែនដី និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នានា ជាពិសេសការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ចាំបាច់ត្រូវយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពបរិស្ថាន ដោយផ្តោតសំខាន់ទៅលើការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការប្រើថាមពលដោយវៃឆ្លាត។
ការប្រារព្ធទិវានៅឆ្នាំនេះ ធ្វើឡើងក្នុងបរិបទមួយដែលកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុងតំបន់ បាននិងកំពុងទទួលរងឥទ្ធិពលបាតុភូត អែល នីណូ ដែលបានបង្កឱ្យធាតុអាកាសនារដូវប្រាំងនេះ ជាពិសេសក្នុងអំឡុងខែមេសា និងឧសភាខាងមុខ មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមានៅពេលខ្លះ អាចហក់ឡើងដល់ ៤០ ទៅ៤២ អង្សាសេ ។
អាកាសធាតុក្តៅហួតហែងរបៀបនេះ បាននិងកំពុងជះឥទ្ធិពលដោយប្រយោលមកលើប្រទេសកម្ពុជា ធ្វើឱ្យមានរំហួតទឹកឆាប់រហ័ស ប្រភពទឹកមួយចំនួនបានរីងស្ងួត និងធ្វើឱ្យការប្រើប្រាស់ទឹក និងចរន្តអគ្គិសនីកើនឡើង។ នេះគឺជាសញ្ញាមួយយ៉ាងច្បាស់បង្ហាញពីផលប៉ះពាល់ ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅសល់រយៈពេលជិត ២ ខែទៀត ទើបរដូវវស្សាចាប់ផ្តើម ហើយក្នុងរយៈពេលនេះ កម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលបាតុភូតអែលនីណូ ធ្វើឱ្យអាកាសធាតុក្ដៅហួតហែង។ លោក រដ្ឋលេខាធិការ បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ស្មារតីនៃការប្រារព្ធ «ទិវាមួយម៉ោងសម្រាប់ភពផែនដី» នាពេលនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋទាំងអស់កាន់តែមានការយល់ដឹង និងចូលរួមយ៉ាងសកម្មថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន និងភពផែនដីប្រកបដោយនិរន្តភាព និងស្រស់បំព្រង។ «ទិវាមួយម៉ោងសម្រាប់ភពផែនដី» ត្រូវបានចាប់ផ្តើមប្រារព្ធលើកដំបូងនៅឆ្នាំ២០១៦ ដោយក្រសួងបរិស្ថាន សហការជាមួយអង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ (WWF) ហើយសម្រាប់ឆ្នាំ២០១៩នេះ ជាលើកទី៤ នៃការប្រារព្ធទិវានេះ ។
លោក សេង ទៀក ប្រធានអង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ បានថ្លែងថាការបិទភ្លើងមួយម៉ោង គឺជាការបង្ហាញពីការសន្យាខ្ពស់របស់ប្រជាពលរដ្ឋដែលសកកម្មចូលរួម និងនាំគ្នាពិភាក្សាពីធម្មជាតិ ពីសមុទ្រ ពីសត្វព្រៃ និងពីព្រៃឈើ។ ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ គឺការភ្ជាប់ទំនាក់ទំនងទៅនឹងភពផែនដី ។ វាជាការអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងពិភពលោកភ្ជាប់ទំនាក់ទំនងរបស់ខ្លួនឱ្យជិតបំផុតនឹងបញ្ហាបរិស្ថាន យកចិត្តទុកដាក់ចូលរួមពិភាក្សា និងរកដំណោះស្រាយពីបញ្ហាបរិស្ថានដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍