ដោយសារអាកាសធាតុក្តៅ ធ្វើឱ្យចំនួនទេសចរចូលទស្សនាតំបន់អង្គរធា្លក់ចុះ
ភ្នំពេញៈ មន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ដោយសារតែអាកាសធាតុក្ដៅខ្លាំង បានធ្វើឱ្យចំនួនភ្ញៀវទេសចរទៅទស្សនាតំបន់អង្គរ មានការធ្លាក់ចុះក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០១៩នេះ ។
យោងតាមតួលេខពីគ្រឹះស្ថានអង្គរ ដែលបានចេញកាលពីថ្ងៃម្សិលមិញ បង្ហាញថា ភ្ញៀវទេសចរបរទេស ៧៨៧ ៩០០ នាក់ បានមកទស្សនាតំបន់អង្គរ ចាប់ពីខែមករា ដល់ខែមីនា ដែលចំនួននេះ បានធ្លាក់ចុះ ៨,២៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈចំណូលបានពីការលក់សំបុត្រ ទទួលបានជាង ៣៥ ៩៥២ ៨៤០ ដុល្លារ ធ្លាក់ចុះ ៩,៣៤ ភាគរយ ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ការធ្លាក់ចុះនេះ គ្រាន់តែជានិន្នាការធម្មតាប៉ុណ្ណោះ ហើយវាកើតឡើងដោយសារការប្រែប្រួលទីផ្សារទេសចរណ៍ ។ លោក បានបញ្ជាក់ថា វាជានិន្នាការធម្មតាមួយ ដោយសារតែអាកាសធាតុក្ដៅខ្លាំង ហើយភ្ញៀវទេសចរ ផ្លាស់ប្តូរទិសដៅទៅតំបន់ឆ្នេរ ឬ ទៅលេងតំបន់អេកូទេសចរណ៍ ។ ទោះយ៉ាងណា ប្រាសាទអង្គរ នៅតែរកចំណូលពីភ្ញៀវទេសចរ នាំមុខគេ បើធៀបនឹងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ២ផ្សេងទៀត គឺ ប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា តម្លៃសំបុត្រចូលទស្សនាតំបន់អង្គរ សម្រាប់ជនបរទេស នៅពេលនេះ គឺ ៣៧ ដុល្លារម្នាក់ សម្រាប់សំបុត្រ ១ ថ្ងៃ, ៦២ ដុល្លារសម្រាប់សំបុត្ររយៈពេល ៣ ថ្ងៃ និង ៧២ ដុល្លារសម្រាប់សំបុត្រ ១ សប្ដាហ៍ ខណៈកាលពីមុនតម្លៃសំបុត្រ គឺ ២០ ដុល្លារ ៤០ ដុល្លារ និង ៦០ ដុល្លារ។
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជា បានទាក់ទាញភ្ញៀវទេសចរបរទេស សរុប ១,២៤ លាននាក់ក្នុងអំឡុងពេល ២ ខែដំបូង ឆ្នាំនេះ និងកើនឡើងជិត ១០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ កំណើនេះ ត្រូវបាននាំមុខដោយភ្ញៀវទេសចរចិន ។
របាយការណ៍ដដែល បានឱ្យដឹងបន្ថែមថា ក្នុងអំឡុងពេលនេះ ប្រទេសកម្ពុជា បានទាក់ទាញភ្ញៀវទេសចរចិន ៤១៨ ៥៧២ នាក់ កើនឡើង ៣១,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈភ្ញៀវវៀតណាម ឈរលំដាប់លេខ ២ ដោយមានចំនួន ១២៤ ២៦៦ នាក់៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍