Connect with us

ADB​ ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​ ​នៅតែ​មាន​កំណើន​រឹងមាំ​ ​ក្នុង​ឆ្នាំ២០១៩​ ​និង​ ​២០២០​

ភ្នំ​ពញ​៖​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ហៅ​កាត់​ថា​ ​ADB​ ​នៅ​ថ្ងៃទី០៣​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ ​ដោយ​បាន​ព្យាករណ៍​អំពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ថា​ ​នៅតែ​មាន​កំណើន​រឹងមាំ​ ​។​ ​


​បើ​តាម​របាយការណ៍​ស្តី​ពី​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​ ​(​ហៅ​កាត់​ថា​ ​ADO​)​ ​ឆ្នាំ២០១៩​ ​បាន​បញ្ជាក់​ថា​ ​បន្ទាប់ពី​សេដ្ឋកិច្ច​មាន​កំណើន​យ៉ាង​ខ្ពស់​កាលពី​ឆ្នាំមុន​ ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​ទំនងជា​នឹង​ថមថយ​បន្តិច​ ​ប៉ុន្តែ​នៅតែ​ជា​កំណើន​ដ៏​រឹងមាំ​ ​។​ ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​កើនឡើង​ប្រមាណ៧​%​ ​នៅ​ឆ្នាំនេះ​ ​និង​ ​៦,៨​%​ ​នៅ​ឆ្នាំក្រោយ​ ​។​ ​ដោយសារ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជឿនលឿន​ ​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ដែល​ជាទី​ផ្សារ​នាំចេញ​ដ៏​ចម្បង​របស់​កម្ពុជា​ ​ត្រូវ​បាន​ព្យាករ​ថា​ ​នឹង​មានការ​ថយ​ចុះ​ ​កំណើន​នៃ​ការនាំចេញ​ ​និង​វិស័យ​ទេសចរណ៍​កម្ពុជា​ ​ទំនងជា​នឹង​ថមថយ​បន្តិច​ ​បើ​ធៀប​នឹង​ឆ្នាំមុន​។​

​លោកស្រី​ ​Sunniya​ ​Durrani​-​Jamal​ ​នាយក​ ​ADB​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​«​ប្រទេស​កម្ពុជា​ ​នឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាង​រឹងមាំ​ ​ក្នុងរយៈពេល​ពីរ​ឆ្នាំទៅ​មុខ​ ​បើ​ទោះជា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហ​កម្ម​ធំៗ​ ​ចុះ​ខ្សោយ​ក៏ដោយ​។​ ​កត្តា​សំខាន់​មួយ​ដែល​អាច​ទាក់ទាញ​ ​និង​រក្សា​ឱ្យ​បាន​នូវ​កំណើន​ក្នុងរយៈពេល​វែង​ ​គឺ​កត្តា​គុណភាព​ធនធានមនុស្ស​របស់​កម្ពុជា​ ​ដែល​រួម​បញ្ជូល​ទំាង​ជំនាញ​បច្ចេកទេស​ ​និង​ជំនាញ​វិជ្ជាជីវៈ​ ​ដែល​អាច​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​»​។​


​កំណើន​ទិន្នផល​ឧស្សាហកម្ម​ ​ទំនងជា​ថយ​ចុះពី​ប្រមាណ​ ​១០,៨​%​ ​ក្នុង​ឆ្នាំ​ ​២០១៨​ ​មក​នៅ​ត្រឹម​ ​១០,១​%​ ​ក្នុង​ឆ្នាំ​ ​២០១៩​។​ ​កំណើន​នៃ​វិស័យ​សេវាកម្ម​ ​នឹង​ថមថយ​បន្តិច​ពី​ ​៦,៩​%​ ​កាលពី​ឆ្នាំមុន​ ​មក​ ​៦,៨​%​ ​ក្នុង​ឆ្នាំ​ ​២០១៩​។​ ​វិស័យ​កសិកម្ម​ ​ត្រូវ​បាន​ព្យាករ​ថា​ ​មាន​កំណើន​ប្រមាណ​ ​១,៧​%​ ​ពោល​គឺ​ថយ​ចុះ​បន្តិច​ពី​ ​១,៨​%​ ​កាលពី​ឆ្នាំមុន​។​ ​ឱនភាព​សារពើពន្ធ​ ​ត្រូវ​បាន​គ្រោងទុក​ក្នុង​កម្រិត​ ​៤,៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស​)​ ​នៅ​ឆ្នាំនេះ​ ​បើ​ធៀប​នឹង​ ​៥,១​%​ ​នៃ​ ​ផ.ស.ស​ ​ដែល​បាន​គ្រោងទុក​កាលពី​ឆ្នាំមុន​។​ ​របាយការណ៍​នេះ​ ​លើកឡើង​បន្ថែម​ថា​ ​ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ដែល​រំពឹង​ថា​ ​នឹង​ថយ​ចុះ​បន្តិច​ ​ឱនភាព​គណនីចរន្ត​របស់​ប្រទេស​កម្ពុជា​ ​គួរតែ​ថយ​ចុះ​ ​នៅ​ឆ្នាំនេះ​ ​និង​ឆ្នាំក្រោយ​។​ ​អត្រា​អតិផរណា​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ស្ថិតនៅ​កម្រិត​ ​២,៥​%​ ​ជាមធ្យម​ ​សម្រាប់​ឆ្នាំ​ ​២០១៩​ ​និង​ ​ឆ្នាំ​ ​២០២០​ ​។​ ​ការ​ហូរ​ចូល​នៃ​ការ​វិនិយោគ​ក្នុង​កម្រិតខ្ពស់​ ​នឹង​ជួយ​ផាត់ទាត់​ ​ឱនភាព​គណនីចរន្ត​ ​ព្រម​ទំាង​ជួយ​បង្គរ​ទុនបម្រុង​អន្តរជាតិ​សរុប​ ​រហូតដល់​ប្រមាណ​ ​១២​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០១៩​ ​សម្រាប់​រ៉ាប់រង​ការនាំចូល​ប្រមាណ​ ​៦​ ​ខែ​។

​ចំពោះ​បញ្ហា​ប្រឈម​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ ​ត្រូវ​បាន​ ​ADB​ ​មើលឃើញ​ថា​ ​រួមមាន​៖​ ​១​៖​ ​ការ​ចុះ​ខ្សោយ​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​សកលលោក​ ​ដែល​អាច​មាន​ល្បឿន​លឿន​ជាង​ការ​រំពឹង​ទុក​ ​។​ ​២​៖​ ​សហភាព​អឺរ៉ុប​ ​បន្ត​អនុវត្ត​ផែនការ​ព្យួរ​ការ​ផ្តល់​ភាព​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា​ ​ក្រោម​កម្មវិធី​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​។​ ​៣​៖​ ​កំណើន​ឥណទាន​ក្នុង​កម្រិតខ្ពស់​ ​និង​ការ​ប្រមូល​ផ្តុំ​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ ​បង្ក​ហានិភ័យ​ដល់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ហានិភ័យ​ដ៏​សំខាន់​មួយទៀត​ ​គឺ​គ្រោះ​រាំងស្ងួត​ ​នៅ​ឆ្នាំនេះ​ ​។​


​របាយការណ៍​ ​ADO​ ​ឆ្នាំ​ ​២០១៩​ ​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ ​អំពី​គម្លាត​ជំនាញ​ដែល​កើតឡើង​ដោយសារ​ភាព​មិនស៊ីគ្នា​ ​រវាង​ជំនាញ​ដែល​កម្លាំង​ពលកម្ម​មាន​ ​និង​ជំនាញ​ដែល​និយោជក​ត្រូវការ​។​ ​កម្ពុជា​ ​ត្រូវការ​គ្រូបង្រៀន​ដែល​មានគុណ​ភាព​បង្រៀន​ខ្ពស់​ច្រើន​នាក់​ថែមទៀត​ ​និង​ត្រូវ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ក្រីក្រ​ ​ដែល​រៀន​ពូកែ​ ​ដើម្បី​ជួយ​ឱ្យ​ពួកគេ​បន្ត​ការសិក្សា​ ​និង​រៀន​ជំនាញ​ដែល​ត្រូវការ​ ​ក្នុង​យុគសម័យ​ឌីជីថល​ ​៕​

    Loading...

    ពេញនិយម