អ្នកនាំចេញ៖ ស្ថានភាពទឹកភ្លៀងកំពុងបង្កក្តីបារម្ភដល់គុណភាពអង្ករ
អ្នកនាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានអះអាងថា ស្ថានភាពភ្លៀងក្នុងមួយរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងអំឡុងពេលដែលការប្រមូលផលស្រូវសែនក្រអូបកំពុងមមាញឹកនោះ អាចបង្កផលប៉ះពាល់ដល់ប្រជាកសិករ និង គុណភាពអង្ករសម្រាប់នាំចេញផងដែរ។
លោក យ៉ន សុវណ្ណ នាយកក្រុមហ៊ុន បាយ័នសឺរៀល ដែលនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានអះអាងថា ស្ថានភាពភ្លៀងក្នុងពេលនេះមិនអំណោយផលដល់ប្រជាកសិករនោះទេ ព្រោះកសិករកំពុងតែប្រមូលផលស្រូវសែនក្រអូប ដែលជាប្រភេទស្រូវមានតម្រូវការច្រើនពីទីផ្សារក្រៅប្រទេស។
លោក យ៉ន សុវណ្ណ សង្កេតឃើញថា ភ្លៀងធ្លាក់យ៉ាងច្រើនក្នុងពេលស្រូវកំពុងចេញផ្កា និង ក្នុងពេលប្រមូលផលនាំពេលនេះ។ ភ្លៀងធ្លាក់ក្នុងដំណាក់កាលទាំងពីរនេះ ធ្វើឲ្យប៉ះពាល់ដល់គុណភាពអង្ករសម្រាប់នាំចេញ។
លោក ហេង ផេង នាយកក្រុមហ៊ុនថ្មគោលរ៉ាយស៍ ដែលមានរោងម៉ាស៊ីនខ្នាតធំនៅ ស្រុកថ្មគោលខេត្តបាត់ដំបង បានឲ្យដឹងថា កសិករកំពុងតែមមាញឹកក្នុងការប្រមូលផលស្រូវសែនក្រអូប ហើយ តំបន់មួយចំនួននៅខេត្តបន្ទាយមានជ័យ ត្រូវលិចទឹកដោយជន់ទឹកភ្លៀង ដែលជាហេតុបង្ខំអោយកសិករឆាប់ច្រូតមុនស្រូវទុំ ព្រោះខ្លាចទឹកជន់លិច។
លោក អះអាងថា ស្រូវសែនក្រអូបមានភាពប្រកួតប្រជែងខ្លាំងណាស់នៅទីផ្សារអន្តរជាតិ ដោយសារវាមានតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិ។
លោក អះអាងថា បើទោះបីភ្លៀងបង្កការលិចលង់ខ្លះ បង្កការលំបាកខ្លះ ប៉ុន្តែតម្លៃរបស់ស្រូវសែនក្រអូបនៅតែល្អសម្រាប់រដូវកាលនេះ។
និន្នាការនៃការផលិតស្រូវដែលមានគុណភាពល្អ មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមតម្រូវការទីផ្សារ ដែលកសិករអាចបង្កើនទាំងបរិមាណនៃការផលិត និង តម្លៃរបស់ផលិតផល។
យោងតាមទិន្នន័យនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បរិមាណអង្ករក្រអូបប្រណិតរបស់កម្ពុជា បានកើនឡើងជាតិបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២ ជាឆ្នាំដែលអង្ករកម្ពុជាឈ្នះពានអង្ករល្អបំផុតក្នុងពិភពលោក លើកដំបូង ចាប់តាំងពីកម្ពុជាចូលរួមប្រកួតលើកឆាកអន្តរជាតិ។
ក្នុងឆ្នាំ២០១២ បរិមាណអង្ករក្រអូបនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន ១០៣ ៤៩៣ តោន ហើយ បរិមាណនាំចេញអង្ករក្រអូបកើនឡើងស្ទើ១០០% នៅឆ្នាំ២០១៣ ដែលមានចំនួន ១៨៤ ៨៥៣ តោន។ រហូតដល់ឆ្នាំ២០១៧ កន្លងទៅនេះ ការនាំចេញអង្ករក្រអូបពីប្រទេសកម្ពុជាមានបរិមាណជិត ៤០០ ០០០តោន ដែលមានកំណើនស្ទើរបួនដងធៀបនឹងឆ្នាំ២០១២។
ការនាំចេញអង្ករក្រអូបត្រូវបានអ្នកប្រកបអាជីវកម្មក្នុងវិស័យនេះ បញ្ជាក់ថា ទីផ្សារស្រូបយកអង្ករក្រអូបពីកម្ពុជាច្រើនគឺទីផ្សារប្រទេសចិន ប្រទេសម៉ាឡេស៊ី និង ចំណែកខ្លះត្រូវស្រូបយកដោយទីផ្សារអឺរ៉ុប៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍