Connect with us

សម្តេច​តេជោ​ ​សម្ពោធ​សារមន្ទីរ​បង្ហាញ​ពី​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ខ្មែរ​តាំងពី​សម័យ​ហ្វូណន​

​(​ភ្នំពេញ​)​៖​ ​នៅ​ថ្ងៃទី០៨​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ ​«​ព្រះស្រី​ឦសាន​វរ្ម័ន​»​ ​ដែល​ជា​សារមន្ទីរ​បង្ហាញ​អំពី​សាវ​តា​សេដ្ឋកិច្ច​ ​និង​ ​រូបិយវត្ថុ​របស់​ខ្មែរ​តាំងពី​សម័យកាល​ហ្វូណន​។​

សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ ​«​ព្រះស្រី​ឦសាន​វរ្ម័ន​»​ ​ដែល​ជា​សារមន្ទីរ​នាំ​ឱ្យ​ពលរដ្ឋខ្មែរ​បាន​ស្គាល់​ពី​សាវ​តា​នៃ​ការ​ធ្វើ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ដ៏​យូរលង់​របស់​ខ្លួននេះ​ ​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ​ ​និង​ធ្លាប់​ជា​អតីត​សាលាក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ១៩០៨​,​ ​អតីត​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ឆ្នាំ១៩៩២​។​ ​អគារ​សារមន្ទីរ​ ​បាន​បង្ហាញ​ពីរ​នា​បថ​សម័យ​អាណាព្យាបាល​នា​ដើម​សតវត្សរ៍​ទី២០​។​

​អគារ​សារមន្ទីរ​ជា​អគារ​ស្ថិតនៅ​ទីប្រជុំ​នៃ​សំណង់​អគារ​តាម​ស្ថាបត្យកម្ម​ពី​សម័យ​អាណានិគម​បារាំង​ ​ដូចជា​ស្ថានីយ​រថភ្លើង​ ​លំនៅឋាន​របស់​រេ​ស៊ី​ដង់​បារាំង​ ​អគារ​រតនាគារជាតិ​ ​ស្ពាន​នាគ​ ​ក៏ដូចជា​អតីត​មន្ទីរពេទ្យ​យោធា​។​ល​។​ ​សារមន្ទីរ​នេះ​ ​ស្ថិតនៅ​ជិត​កំពង់ផែ​ស្វយ័ត​ ​ដែល​ជា​ចំណតទូក​វែង​ ​និង​នាវា​ ​ចម្បាំង​តូច​ៗ​ ​ដែល​ធ្វើដំណើរ​ពី​សៃហ្គន​ ​ប្រទេស​វៀតណាម​ ​មក​តាម​ទន្លេមេគង្គ​ ​និង​មាន​ព្រំប្រទល់​ជាប់​ផ្លូវ​លេខ១០៦​ ​ពីដើម​មានឈ្មោះ​ថា​ ​ផែ​ ​«​Verneville​»​ ​នៅ​តាម​បណ្តោយ​ផ្លូវទឹក​ដែល​តភ្ជាប់​ពី​បឹងកក់​ ​ទៅ​ទន្លេសាប​ ​ដែល​ជា​គម្រោង​ប្រព័ន្ធ​ប្រឡាយ​ទឹកធំ​មួយ​ដែល​បារាំង​បាន​ធ្វើឡើង​។​

​តំបន់​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ខ្លួន​ទៅជា​តំបន់​ទំនើប​មួយ​យ៉ាង​ឆាប់រហ័ស​។​ ​សារមន្ទីរ​នេះ​ ​មិន​ត្រឹមតែ​មាន​ទីតាំងនៅ​ជិត​ផ្សារ​មូលបត្រ​កម្ពុជា​ប៉ុណ្ណោះទេ​ ​ថែមទាំង​ព័ទ្ធជុំវិញ​ដោយ​អគារ​របស់​ធនាគារជាតិនៃកម្ពុជា​ ​គឺ​មណ្ឌល​សិក្សា​បច្ចេកទេស​ ​ធនាគារ​ ​ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​បណ្តុះបណ្តាល​បុគ្គលិក​ធនាគារជាតិនៃកម្ពុជា​។​

​មុននឹង​បាន​ជួសជុល​កែប្រែ​ទៅជា​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​ ​រូបិយវត្ថុ​ ​«​ព្រះស្រី​ឦសាន​វរ្ម័ន​»​ ​អគារ​សារមន្ទីរ​នេះ​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម​។​ ​ទ្រង់ទ្រាយ​នៃ​សារមន្ទីរ​នេះ​ ​ត្រូវ​បាន​រក្សាទុក​ឱ្យ​មាន​សភាព​ដើម​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ចំណែក​ផ្ទៃ​ខាងក្នុង​ត្រូវ​បាន​រៀបចំ​ ​ដើម្បី​ដាក់​តាំង​បង្ហាញ​អំពី​កំណប់​រូបិយវត្ថុ​ ​និង​វត្ថុបុរាណ​តាំងពី​សម័យ​ហ្វូណន​។​

​បើ​តាម​លោក​ ​ជា​ ​ចាន់​តូ​ ​អគ្គ​ទេសាភិបាល​ធនាគារជាតិ​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​គម្រោង​សាងសង់​អគារ​សារមន្ទីរ​ ​ដែល​ត្រូវ​បាន​ប្រសិទ្ធ​ជា​គម្រោង​ ​«​ដ៏​មាន​មហិច្ឆតា​»​ ​នេះ​ ​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ២០១២​ ​បន្ទាប់ពី​ទទួល​បាន​អនុសាសន៍​ពី​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​។​ ​លោក​អគ្គ​ទេសាភិបាល​ ​បាន​អះអាង​ថា​ ​សារមន្ទីរ​ស្តីអំពី​ប្រវត្តិសាស្ត្រ​ ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​របស់​កម្ពុជា​នេះ​ ​ត្រូវ​បាន​រចនា​ឡើង​ដោយយោងទៅតាម​រូបិយវត្ថុ​ ​ដែល​បាន​បោះផ្សាយ​ ​និង​ត្រូវ​បាន​ប្រើប្រាស់​នា​ពេល​កន្លងមក​។​

​លោក​ ​ជា​ ​ចាន់​តូ​ ​បាន​បន្ថែម​ថា​ ​ការសាងសង់​ ​និង​រចនា​នូវ​អគារ​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ ​«​ព្រះស្រី​ឦសាន​វរ្ម័ន​»​ ​ត្រូវ​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ពី​ចំណុចសូន្យ​។​ ​បើ​តាម​លោក​ ​ជា​ ​ចាន់​តូ​ ​ដោយសារតែ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​មានការ​ប្រែប្រួល​ច្រើន​ ​និង​មាន​ភាព​ស្មុគស្មាញ​ ​ព្រមទាំង​មិនសូវ​មានការ​ចងក្រង​ឯកសារ​ផង​នោះ​ ​បាន​បង្ក​ជា​ការ​លំបាក​ក្នុង​ការ​ចងក្រង​ប្រមូល​ផ្តុំ​ ​និង​សាងសង់​នូវ​សារមន្ទីរ​មួយ​នេះ​ផង​ដែរ​។​

​លោក​អគ្គ​ទេសាភិបាល​ ​បាន​អះអាង​ថា​ ​ដើម្បី​សាងសង់​សារមន្ទីរ​នេះ​ឡើង​ ​គឺ​ត្រូវ​ធ្វើការងារ​ពាក់ព័ន្ធ​នឹង​ចំណុច​សំ​ខាន់​ៗ​ចំនួន៣រួមមាន​៖​ ​ទីមួយ​ ​ការ​ស្តា​ឡើងវិញ​នូវ​រឿង​ពិត​ដ៏​សំខាន់​មួយ​ដែល​ជា​ញឹកញាប់​មិន​មានការ​យកចិត្ត​ទុកដាក់​ ​គឺ​រូបិយវត្ថុ​ ​និង​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ​ទីពីរ​ ​គឺ​ការ​ប្រមូល​ផ្តុំ​ឯកសារ​ ​រូបភាព​ ​និង​ ​កាស​ ​(​រូបិយវត្ថុ​សម្រាប់​ចាយ​ ​មាន​សណ្ឋាន​មូល​ ​ប្រហោង​កណ្ដាល​ ​៤​ ​ជ្រុង​ ​ធ្វើ​ដោយ​ស្ពាន់​,​ ​ទង់ដែង​,​ ​សាំង្កសី​)​ ​ដើម្បី​ទុកជា​ភស្តុតាង​ ​និង​ ​ទីបី​គឺ​ការ​ផ្តល់​ជូន​នូវ​ទីកន្លែង​នៃ​ចំណេះដឹង​ទំនើប​ថ្មី​មួយ​ ​និង​ ​ប្រកបដោយ​អន្តរកម្ម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ជាពិសេស​សម្រាប់​សិស្ស​ ​និង​និស្សិត​។​



​សូម​បញ្ជាក់​ថា​ ​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ ​«​ព្រះស្រី​ឦសាន​វរ្ម័ន​»​ ​មាន​ពិព័រណ៍​ចំនួន​ ​១២ម៉ូឌុល​ ​ដែល​ពិពណ៌នា​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ​ដោយ​រំលេច​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ក្នុង​សម័យ​ហ្វូណន​រហូតដល់​បច្ចុប្បន្ន​។​ ​ផ្នែក​ខាងក្នុង​នៃ​សារមន្ទីរ​ ​មាន​ភាព​ទំនើប​ ​និង​ត្រូវ​បាន​បំពាក់​ដោយ​ភាពយន្តឯកសារ​ ​ល្បែង​កម្សាន្ត​ ​និង​ផ្ទាំង​ប៉ះ​ ​(​Touch​ ​Screens​)​ ​ដែល​ផ្តល់​ភាព​សប្បាយរីករាយ​ ​និង​ចំណេះដឹង​ដល់​សាធារណជន​។​

​សារមន្ទីរ​នេះ​ ​ក៏​មាន​បណ្ណាល័យ​ ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ ​ហាង​កាហ្វេ​ ​និង​សួនច្បារ​ដ៏​ស្រស់​ស្អាត​។​ ​បន្ទាប់ពី​បើក​សម្ពោធ​ហើយ​សាធារណជន​នឹង​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​នៅក្នុង​សារមន្ទីរ​ដែល​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​របស់​កម្ពុជា​តាំងពី​សម័យ​ហ្វូណន​មួយ​នេះ​។​

​ភាព​សម្បូរ​បែប​នៃ​ការ​ពិពណ៌នា​តាមរយៈ​ការ​តាំងពិព័រណ៍​ ​វីដេអូ​ ​និង​គំនូរ​ជី​វល​នៅ​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ ​«​ព្រះស្រី​ឦសាន​វរ័្មន​»​ ​ដែល​រួមមាន​វីដេអូ​ចំនួន៥០​ ​ល្បែង​កម្សាន្ត​ ​និង​អេក្រង់​ប៉ះ​ ​(​Touch​ ​Screens​)​ ​ទូ​តាំងពិព័រណ៍​ ​ផ្ទាំង​អក្សរ​ ​ក៏ដូចជា​ការរៀបចំ​សាច់រឿង​តាម​បែប​សម័យ​ទំនើប​ ​ដែល​រចនា​ ​និង​ផលិត​ដោយក្រុម​ហ៊ុន​នៅ​កម្ពុជា​ ​នឹង​ផ្តល់​ភាព​ពេញចិត្ត​ដល់​សាធារណជន​កម្ពុជា​ ​និង​បរទេស​ផង​ដែរ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម