Connect with us

អណ្ដើក​ភ្នំ​ ​ដែល​រង​ការ​គំរាមកំហែង​ ​កំពុង​មាន​វត្តមាន​កាន់តែ​ច្រើនឡើង​នៅ​កម្ពុជា​

លោក​ ​Michael Meyerhoff​ ​នាយក​ប្រចាំ​ប្រទេស​ ​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​អភិរក្ស​ជីវចម្រុះ​ ​(ACCB)​ ​បាន​គូសបញ្ជាក់​ថា​ការ​បង្កាត់ពូជ​អណ្តើក​ភ្នំ​ ​ឬ​ ​អណ្តើក​ព្រិច​ ​កំពុង​ដំណើរការ​យ៉ាង​ល្អ​ប្រសើរ​។​

​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ ​លោក​បាន​បន្ត​ថា​ ​គម្រោង​នៃ​ការ​បង្កាត់ពូជ​អណ្តើក​ភ្នំ​នេះ​ ​បាន​ចាប់ផ្តើម​ដំបូង​កាលពី​ឆ្នាំ២០១៣​ ​ហើយ​នៅក្នុង​ឆ្នាំ២០១៨​ ​មជ្ឈមណ្ឌល​របស់​លោក​បង្កាត់​បានកូន​អណ្តើក​ភ្នំ​ចំនួន​ ​៧៣ក្បាល​។​ ​លោក​សង្ឃឹមថា​ ​នៅ​ឆ្នាំ២០១៩នេះ​ ​ការ​បង្កាត់ពូជ​អណ្តើក​ភ្នំ​នេះ​ ​នឹង​បាន​ទិន្នផល​កាន់តែ​ប្រសើរ​។​

​គម្រោង​នៃ​ការ​បង្កាត់ពូជ​អណ្តើក​ភ្នំ​នេះ​បាន​ចាប់ផ្តើម​បន្ទាប់ពី​អង្គការ​របស់​លោក​ ​បាន​សង្កេតឃើញ​ ​អំពី​ការ​គំរាមកំហែង​ ​និង​ការ​ជួញដូរ​ខុសច្បាប់​កាន់តែ​ខ្លាំង​ឡើង​នៃ​ប្រភេទ​សត្វ​អណ្តើក​នៅក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​គឺ​អណ្តើក​ភ្នំ​ ​ដែល​អាច​ប្រឈម​នឹង​ការ​ផុតពូជ​ ​បើសិនជា​ពុំ​មាន​វិធានការណ៍​បន្ទាន់​នោះ​ទេ​។​ ​លោក​បាន​បន្ថែម​ថា​ ​មាន​សត្វ​អណ្តើក​ប្រមាណ​ជិត​ ​៥០០ក្បាល​ ​និង​ចំនួន​ ​៩ប្រភេទ​ ​កំពុង​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ ​រហូត​មកទល់​ពេលនេះ​។​



​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ប្រទេស​កម្ពុជា​ ​គឺជា​ប្រទេស​មួយ​ដែល​មាន​ ​សត្វព្រៃ​ជីវៈ​ចម្រុះ​ ​យ៉ាងច្រើន​សម្បូរ​បែប​ ​ប៉ុន្តែ​ចំនួន​ទាំងនេះ​បាន​ថមថយ​ ​និង​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ ​តាមរយៈ​ការរុករាន​ទីជម្រក​ ​ក៏ដូចជា​ការ​ជួញដូរ​ខុសច្បាប់​ ​ដែល​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ​ក្នុង​ការ​ថែរក្សា​ ​និង​អភិរក្ស​ ​ពី​គ្រប់​មជ្ឈដ្ឋាន​។​ ​អណ្តើក​ភ្នំ​ ​ឬ​ ​អណ្តើក​ព្រិច​ ​គឺជា​ប្រភេទ​អណ្តើក​ដែល​មាន​មាឌតូច​ ​ហើយ​អណ្តើក​ពេញវ័យ​មាន​ទម្ងន់​មិន​លើស​ពី​ ​៣,៥គីឡូក្រាម​ ​ដោយ​អណ្តើក​ញី​ ​មាន​មាឌធំ​ជាង​អណ្តើក​ឈ្មោល​ ​ហើយ​អណ្តើក​ពេញវ័យ​អាច​ ​បន្ត​ពូជ​បាន​ ​នៅពេល​មាន​អាយុ​ពី​ ​៦​ ​ទៅ​ ​៨ឆ្នាំ​។​ ​អណ្តើក​ប្រភេទ​នេះ​ ​រស់នៅ​តំបន់​ជួរភ្នំ​ក្រ​វ៉ា​ញ​ ​និង​តំបន់​ទំនាប​ភាគ​ខាងត្បូង​ ​និង​ភាគ​ខាងជើង​ ​នៃ​ដងទន្លេ​មេគង្គ​ ​ហើយ​ស្ថិត​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​ ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ខ្លាំង​ ​ប្រឈម​នឹង​ការ​ផុតពូជ​ ​ដោយ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ​ (International Union for Conservation of Nature)​។​



​សូម​បញ្ជាក់​ថា​ ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​អភិរក្ស​ជីវចម្រុះ​ ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​អំឡុង​ឆ្នាំ២០០៣​ ​ដោយ​ស្ថាបនិក​ជនជាតិ​អាល្លឺម៉ង់​។​ ​មជ្ឈមណ្ឌល​នេះ​ ​មាន​ចម្ងាយ​ប្រមាណ​ ​៤០គីឡូម៉ែត្រ​ ​ពី​ក្រុង​សៀមរាប​ ​លើ​ផ្ទៃដី​ ​១៤ហិ​ក​តា​ ​ក្នុង​ឃុំ​ឃុនរាម​ ​ស្រុក​បន្ទាយស្រី​ ​ខេត្តសៀមរាប​ ​ហើយ​កំពុងតែ​អភិរក្ស​ ​និង​ព្យាបាល​សត្វព្រៃ​ ​ជាពិសេស​គឺ​បក្សី​ ​និង​ល្មូន​ ​ជាង៦០០ក្បាល​ ​និង​មាន​ជិត​ ​៤០អំបូរ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម