ច្បាប់អន្តោប្រវេសន៍ថ្មីរបស់ជប៉ុន បើកផ្លូវឱ្យពលករបរទេសនាំសាច់ញាតិមករស់នៅជាមួយបានបង្កភាពចម្រូងចម្រាស
កាលពីខែមីនាកន្លងទៅ កម្ពុជា និងជប៉ុន បានពិភាក្សារៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី លើការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ដោយធ្វើយ៉ាងណាគ្រប់គ្រង និងការពារផលប្រយោជន៍ពលករកម្ពុជាស្របតាមច្បាប់នៃប្រទេសទាំងពីរ។ ប្រទេសជប៉ុន បានបើកភ្លើងខៀវដល់កម្ពុជា ក្នុងការបញ្ជូនពលករជំនាញ ទៅធ្វើការងារផ្លូវការនៅប្រទេសខ្លួន ចាប់ពីខែមេសា ឆ្នាំ២០១៩ តទៅ។ ការបញ្ជូនពលករជំនាញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុននេះ ពាក់ព័ន្ធនឹងច្បាប់អន្តោប្រវេសន៍ថ្មីដែលគ្រោងនឹងអនុវត្តក្នុងខែមេសាឆ្នាំនេះផងដែរ។
ក្រោយពីមានវិបត្តិកង្វះកម្លាំងពលកម្មក្នុងវិស័យនានាមក រដ្ឋាភិបាលប្រទេសជប៉ុនបានសម្រេចអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មី ដោយផ្ដល់លក្ខខណ្ឌកាន់តែពិសេស សម្រាប់ពលករជំនាញ ឱ្យមានឱកាសបម្រើការងារនៅប្រទេសជប៉ុន។ ជាងនេះទៅទៀត ច្បាប់ថ្មីនេះ មានលក្ខខណ្ឌធូរស្រាលជាងច្បាប់ចាស់។ តើច្បាប់ថ្មីនេះ មានគោលបំណងសំខាន់អ្វីខ្លះ ហើយអ្វីទៅជាផលលំបាកសម្រាប់រដ្ឋាភិបាល និងសង្គមជប៉ុន ក្នុងការអនុវត្ត?
ក្រោមច្បាប់ចាស់ ការងាររបស់ពលករបរទេសនៅជប៉ុន ត្រូវបានផ្ដល់ជូនក្រោមរូបភាពជាការបំពាក់បំប៉ន ដោយទទួលបានប្រាក់បៀវត្សរ៍ ប្រាក់ឈ្មួលទាប ព្រោះពួកគេមានឋានៈត្រឹមជា អ្នកហាត់ការតែប៉ុណ្ណោះ ហើយមិនមែនជាកម្មករជំនាញច្បាស់លាស់នោះឡើយ។ ពួកគេ ទទួលបានការបំពាក់បំប៉នលើជំនាញ និង បច្ចេកវិទ្យា ដែលមានស្រាប់នៅប្រទេសជប៉ុន និងនាំយកជំនាញដែលខ្លួនទទួលបាន ត្រឡប់មកជួយអភិវឌ្ឍប្រទេសកំណើតរបស់ពួកគេវិញ។ សម្រាប់ច្បាប់ចាស់នេះ ពលករបរទេសទាំងឡាយ អាចទទួលបានទិដ្ឋាការស្នាក់នៅត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ នៅជប៉ុន។
ដើម្បីដោះស្រាយកង្វះកម្លាំងពលកម្ម រដ្ឋាភិបាលជប៉ុនបានសម្រេចបន្ថែមរយៈពេលស្នាក់នៅពី ៣ឆ្នាំ ទៅ ៥ ឆ្នាំ សម្រាប់ពលករបរទេស កាលពីឆ្នាំ២០១៧ ក៏ប៉ុន្តែការផ្លាស់ប្ដូរមិនសូវទទួលបានជោគជ័យទេ។ ម្យ៉ាងទៀត ការលំបាកមួយទៀត គឺពលករទាំងនោះ ត្រូវត្រឡប់ទៅប្រទេសកំណើតជាមុនសិន បន្ទាប់ពីស្នាក់នៅបាន ៣ឆ្នាំ រួចវិលមកជប៉ុនវិញ ទើបមានសិទ្ធិពន្យារពេលទិដ្ឋាការរបស់ពួកគេ។
ដើម្បីរួមចំណែកដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យផ្សេងៗ ដែលប្រទេសជប៉ុនកំពុងជួបវិបត្តិប្រជាជនវ័យចំណាស់កាន់តែច្រើនផងដែរនោះ ត្រូវការចាំបាច់នូវច្បាប់អន្តោប្រវេសន៍ថ្មី ជាពិសេសមុនព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ និងព្រឹត្តិការណ៍ពិព័រណ៍ខ្នាតធំនៅក្រុងអូសាកាឆ្នាំ២០២៥ ដែលជប៉ុនត្រូវធ្វើជាម្ចាស់ផ្ទះ។
ច្បាប់អន្តោប្រវេសន៍ថ្មីរបស់ជប៉ុន បានកំណត់ចេញទិដ្ឋាការចំនួន ២ ប្រភេទសម្រាប់ពលករបរទេស (ប្រភេទ១ និង ប្រភេទ២)។ ខុសពីច្បាប់ចាស់ ពលករបរទេសត្រូវឆ្លងកាត់ការប្រឡងតេស្តសាកល្បងសមត្ថភាពជាមុនសិន។ ក្រោយពីជាប់ ពួកគេ ក៏មានឱកាសធ្វើការងារនៅក្នុងវិស័យកាន់តែទូលំទូលាយថែមទៀត នៅជប៉ុនផងដែរ។
សម្រាប់ទិដ្ឋាការ ”ប្រភេទ១” អាចបម្រើការក្នុងវិស័យចំនួន១៤ រួមមាន ការថែទាំ សេវាកម្មម្ហូបអាហារ សំណង់ ផ្នែកសម្អាត រោងចក្រវេចខ្ចប់អាហារ សណ្ឋាគារ កសិកម្ម សិប្បកម្ម សំណង់នាវា នេសាទ ការជួសជុលយានយន្ត ឧស្សាហកម្មម៉ាស៊ីន អេឡិចត្រូនិក និងអាកាសចរណ៍។
សម្រាប់ ”ប្រភេទ២” មានលក្ខណៈពិសេសជាង ដោយអាចបម្រើការតែក្នុងវិស័យ សំណង់ និង ការផលិតនាវាប៉ុណ្ណោះ ដោយគ្រោងអនុវត្តនៅឆ្នាំ២០២១។
ពលករដែលកាន់ទិដ្ឋាការ ប្រភេទ១ អាចស្នាក់នៅរយៈពេល ៥ឆ្នាំ និងអាចពន្យារពេលបានច្រើនលើក ក៏ប៉ុន្តែមិនអាចនាំបងប្អូន សាច់ញាតិមករស់នៅជាមួយបានទេ។ ពួកគេត្រូវ ត្រឡប់ទៅប្រទេសកំណើតសិន ទើបអាចពន្យារពេលទិដ្ឋាការ ពេលត្រឡប់មកប្រទេសជប៉ុនវិញ។ ខុសពីប្រភេទ១ ករណីនេះត្រូវបានលើកលែងសម្រាប់ពលករដែលកាន់ទិដ្ឋាការ ប្រភេទ២។ ដោយសារពលករកាន់ទិដ្ឋាការប្រភេទ២ អាចនាំសាច់ញាតិមករស់នៅប្រទេសជប៉ុនជាមួយបាន លក្ខខណ្ឌនេះបានបង្កភាពចម្រូងចម្រាសទាំងក្នុងគណបក្សកាន់អំណាច ទាំងក្នុងគណបក្សប្រឆាំងនៅប្រទេសជប៉ុន។
ក្រុមប្រឆាំងអះអាងថា ទិដ្ឋាការប្រភេទ២នេះ បើកផ្លូវឱ្យពលកររស់នៅប្រទេសជប៉ុនជាអចិន្ត្រៃយ៍ ទោះបីជារដ្ឋាភិបាលចាត់ទុកថានេះគ្រាន់តែជាករណីបណ្ដោះអាសន្នក៏ដោយ។
តាមការប៉ាន់ស្មាន ក្នុងពេល ៥ឆ្នាំខាងមុខ ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៩ ពលករបរទេសប្រមាណ ២៦ម៉ឺននាក់ ដល់ ៣៤,៥ ម៉ឺននាក់ នឹងទៅរស់នៅលាយឡំជាមួយប្រជាជនម្ចាស់ផ្ទះជប៉ុន។ រដ្ឋាភិបាលជប៉ុន គ្រោងធ្វើការផ្សព្វផ្សាយដើម្បីគាំទ្រសហគមន៍ចម្រុះជាតិសាសន៍ និងផ្ដល់សេវាកម្មរដ្ឋបាលពហុភាសានៅកម្រិតក្រុង ខេត្ត ផងដែរ។ ជាងនេះទៅទៀត សេវាកម្មបង្រៀនភាសាជប៉ុន ជារឿងដ៏សំខាន់មួយ ហើយការពង្រឹងសេវាគាំពារសុខភាព ការគាំទ្រ និងជូនដំណឹងពីគ្រោះមហន្តរាយ សុវត្ថិភាពចរាចរណ៍ លំនៅឋាន ធនាគារ និងសេវាទូរគមនាគមន៍ នឹងត្រូវដាក់ជាអាទិភាពផងដែរ៕
ប្រភព៖ Asian Correspondent
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍