មកដឹងពីវិធីលេង “ល្បែងស្តេចចង់” ទុកលេងកម្សាន្តពេលចូលឆ្នាំថ្មីនេះ
ភ្នំពេញ៖ ប្រទេសកម្ពុជាមានល្បែងប្រជាប្រិយជាច្រើនអនេក ដែលប្រជាពលរដ្ឋទូទាំងប្រទេសនិយមលេងកម្សាន្ត នៅពេលទំនេរ ពេលបុណ្យទាន និងពេលធ្វើពិធីតូច ធំផ្សេងៗដូចជា៖ ពិធីចូលឆ្នាំជាដើមជាប់ជាប្រពៃណីតាំងពីព្រេងនាយមក។ យើងសូមណែនាំ ”ល្បែងស្តេចចង់” ជាល្បែងម៉្យាងដែលពួកកុមារា កុមារី ឬ យុវវ័យគ្រប់ភូមិ ស្រុក ទូទាំងប្រទេសតែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងត្រូវ មានប្រុស មានស្រីច្រើននាក់មិនកំណត់ ពេលលេងគេចែកគ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក ក្នុងបណ្តាអ្នកទាំងពីរពួកនេះគេតាំងប្រុស ឬ ស្រីម្នាក់ឱ្យធ្វើជាស្តេចឱ្យអង្គុយនៅទីមួយចំកណ្តាលទី លើកៅអី ឬ លើវត្ថុអ្វីមួយមានត្បាល់ជាដើម។
កាលអ្នកធ្វើស្តេចអង្គុយលើទឹកដីដ៏សមគួរមួយហើយ ខាងស្រីគេឱ្យស្រីម្នាក់ដើរចូលទៅខ្សឹបនឹងស្តេចថាខ្លួនស្រលាញ់ឈ្មោះណាមួយ ឧបមាថា ឈ្មោះ ក ឬ ខ ខ្សឹបហើយគេថយមកអង្គុយ ឬ ក៏មកឈរនៅកន្លែងដើមវិញ ខាងប្រុសគេឱ្យប្រុសម្នាក់ដើរចូលទៅរកស្តេចដែរ ប្រសិនជាមិនចំឈ្មោះដែលគេខ្សឹបទុកទេក៏ហីទៅ តែបើប្រុសដែលមកនោះចំលើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្តេចស្រែកថា ”អៀវៗ” ហើយគេបញ្ជិះទៅចុះនៅកន្លែងខាងស្រី។ រួចហើយខាងប្រុសគេឱ្យប្រុសខាងគេម្នាក់ចូលទៅខ្សឹបម្តង បើប្រុសនោះចូលទៅខ្សឹបថា”ខ្ញុំស្រឡាញ់នាងណាមួយ ឧបមាថាឈ្មោះ ”ខ” ខ្សឹបហើយគេថយទៅវិញ បើស្រីម្នាក់ឈ្មោះ”ខ”ចូលទៅមែនស្តេចស្រែកថា”អៀវៗ”ហើយឱ្យប្រុសជិះខាងស្រីវិញហើយស្រែក ”អៀវៗ” ដូច គ្នា។ បានសេចក្តីថាបើខាងណាចូលទៅខ្សឹបថាខ្លួនស្រលាញ់ឈ្មោះ ”ក” ហើយបែរជាឈ្មោះ ”ខ” ចូលមករកស្តេចវិញនោះស្តេចមិនឱ្យអ្នកខ្សឹបជិះ ឬ អៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេឱ្យម្ខាងចូលទៅខ្សឹបជាថ្មីទៀតចេះតែផ្លាស់គ្នារបៀបនេះរហូតដល់ឈប់។
អ្នកដែលធ្វើជាស្តេចត្រូវមើលការខុសត្រូវក្នុងរឿងនេះដោយសច្ចៈ និង យុត្តិធម៌ ល្បែងនេះស្រេចលើអ្នកធ្វើស្តេច បើអ្នកធ្វើស្តេចប្រកបដោយអគតិ ចង់ឱ្យអ្នកណាជិះអ្នកណាក្រៅពីឈ្មោះដែលគេខ្សឹបក៏បានគឺថាបើម្នាក់ចូលទៅខ្សឹបថាស្រលាញ់ឈ្មោះ ”ក” ហើយទោះបីឈ្មោះ”ខ” ចូលមកស្តេចស្រែកថា”អៀវ”ទៅក៏ចេះតែបានព្រោះអ្នកចូលទៅក្រោយមកបានឮអ្នកមុនគេខ្សឹបថាស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀបលេងលំអៀងបែបនេះអ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើងអាចសុំគេឱ្យប្តូរអ្នកធ្វើស្តេចបាន ប្រសិនបើអ្នកធ្វើស្តេចប្រកបដោយសច្ចៈ និង យុត្តិធម៌នោះការលេងនេះទៀងទាត់ណាស់។
ល្បែងនេះជាល្បែងកម្សាន្តមែនតែវាជាល្បែងហាត់ចិត្តមនុស្សឱ្យប្រកបដោយសច្ចៈ និង យុត្តិធម៌មិនឱ្យប្រកបដោយអគតិ(សេចក្តីលំអៀង) ៤ យ៉ាងគឺឆន្ទាគតិលំអៀងព្រោះស្រឡាញ់ ទោសាគតិលម្អៀងព្រោះខឹង ភយាគតិលម្អៀងព្រោះខ្លាច មោហាគតិ លម្អៀងព្រោះភ័ន្តច្រឡំ។ ម៉្យាងទៀតជាការបង្ហាត់ឱ្យមនុស្សចេះ ជ្រើសតាំងគ្នាឱ្យធ្វើការជាតំណាងភ្នែកច្រមុះខ្លួនឯងគឺត្រូវចេះជ្រើសរកនរណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធធ្វើការបានល្អតាមគន្លងធម៌ពិតៗ៕
Photo: Chea Phal
ដកស្រង់ដោយ ក្រសួងអប់រំយុវជននិងកីឡា
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured
- សង្ក្រាន្តឆ្នាំថ្មី

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍