Connect with us

មក​ដឹងពី​របៀប​លេង​ផ្សេងគ្នា​នៃ​ ​“​ល្បែង​ឈូង​”​ ​និង​ ​អត្ថ​ប្រយោជន៍​របស់​ល្បែង​នេះ​

​ល្បែង​ឈូង​ជា​ល្បែង​ប្រជាប្រិយ​ដែល​ប្រជាជន​ខ្មែរ​មិនដែល​មិនដែល​បំភ្លេច​ចោល​ឡើយ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ​ល្បែង​កំសាន្ត​នេះ​តម្រូវ​ឱ្យ​បែងចែក​ជា​ពីរ​ក្រុម​ ​ប្រុស​មួយ​ក្រុម​ ​និង​ ​ស្រី​មួយ​ក្រុម​ ​ហើយ​វិធី​លេង​មាន​ដូចតទៅ​៖​

  1. ​ល្បែង​ឈូង​ជា​ល្បែង​ម៉្យាង​របស់​មនុស្ស​ក​ម្លោះ​ក្រមុំ​ ​ឬ​ ​មនុស្ស​ចំ​ណាស់​ៗ​ប្រុសស្រី​ទូទាំង​ប្រទេស​កម្ពុជា​ ​គេ​តែង​លេង​នៅ​វេលា​យប់ខែភ្លឺ​ក្នុង​រដូវ​ចូលឆ្នាំ​ថ្មី​ ​(​ខែចេត្រ​-​ពិសាខ​)​។​ ​គេ​ចែក​គ្នា​លេង​ជា២ពួក​ ​ប្រុស១ពួក​ ​ស្រី១ពួក​ ​ក្នុង​មួយ​ពួ​កៗ​មាន​គ្នា​ចំនួន​ពី១០នាក់​ ​ឬ​ ​២០នាក់​ឡើង​ទៅ​ឈរ​ត្រៀម​ជា២ជួរ​ទល់មុខគ្នា​ ​ឃ្លាតពី​គ្នា​ប្រមាណ​ជា៨ឬ១០ម៉ែត្រ​។​ ​គេ​យក​ក្រមា​ឬ​កន្សែង​មក​ធ្មួល​ឱ្យ​មូល​ចង​រឹត​ឱ្យ​តឹងណែន​ល្អ​ទុក​ឱ្យ​មាន​កន្ទុយ​បន្តិច​ហៅថា​”​ឈូង​”​សម្រាប់​កាន់​បោះ​ឬ​ចោល​ទៅមករកគ្នា​។​
  2. ឈូង​ច្រៀងរាំ​ ​មុនដំបូង​ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅ​ឱ្យ​ពួក​ខាង​ស្រី​ ​ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំ​អោយ​ធ្លាក់​ដល់ដៃ​គេ​ចាត់ជា​ស្អុយ​ហើយ​គេ​ផ្តើម​បោះ​ទៅ​ឱ្យ​ខាង​ប្រុស​វិញ​ ​ពួក​ខាង​ប្រុស​ប្រុង​ចាប់​កុំ​អោយ​ដល់​ដី​។​ ​កាល​ចាប់បាន​ហើយ​ ​ខាង​ប្រុស​ចោលសំដៅ​ទៅ​ពួក​ខាង​ស្រី​គឺ​សំដៅ​នាង​ណា​ដែល​ចាប់អារម្មណ៍​ ​បើ​ចោល​ខុសគេ​ចាត់ជា​ស្អុយ​រួច​គេ​ផ្តើម​បោះ​ជាថ្មី​ទៀត​បើ​ចោលត្រូវ​ស្រី​ណា​ហើយ​ ​ស្រី​នោះ​ច្រៀងរាំ​យក​ឈូង​ទៅ​ជូន​ខាង​ប្រុស​ហៅថា​ច្រៀងរាំ​ជូន​ឈូង​។​ ​របៀប​ច្រៀងរាំ​នោះ​ម្នាក់​កាន់​ឈូង​នាំមុខ​ ​ម្នាក់​ដៃទទេ​រាំ​តាម​ក្រោយ​ហើយ​ច្រៀង​ជា​ទំនុក​ថា​៖​ ​ ​”​ប្អូន​ចាប់​ឈូង​បាន​ ​ឈូង​បែក​ជា​បួន​ ​ព្រលឹង​ប្រុស​ស្ងួន​ទទួល​ឈូង​ទៅ​”​។​ ​ពួ​ក​ស្រី​ៗ​ក្រៅពីនោះ​គ្រប់គ្នា​ទទួល​ថា​ ​”​ណា​កែវ​ ​កែវ​ពិ​អា​ ​ណា​កែវ​អឺយ​ ​អឺអឹង​អឺយ​!​”​ ​រួចហើយ​ហុច​ឈូង​នោះ​ទៅ​ឱ្យ​ប្រុស​ៗ​ទទួលយក​ហើយក៏​ផ្តើម​បោះ​ឈូង​នោះ​ទៅ​ឱ្យ​ពួក​ខាង​ស្រី​ចាប់​វិញ​។​ ​ពួក​ស្រី​ចាប់​ឈូង​បាន​ក៏​ចោលសំដៅ​ទៅ​ពួក​ប្រុស​ ​បើ​ចោលត្រូវ​ប្រុស​ណា​ប្រុស​នោះ​ត្រូវ​រាំ​នាំ​ឈូង​ទៅ​ជូន​ស្រី​ដោយ​ច្រៀង​ជា​ទំនុក​ថា​ ​”​បង​ចាប់​ឈូង​បាន​ ​បង​បីត្រកង​ ​ព្រលឹង​មាសបង​ ​ទទួល​ឈូង​ទៅ​”​។​ ​ពួ​ក​ប្រុស​ៗ​គ្រប់គ្នា​ទទួល​បន្ទរ​ថា​ ​”​ណា​កែវ​ ​កែវ​ពី​អា​ ​ណា​កែវ​អឺយ​ ​អឺ​អឺង​អឺយ​!​”​ ​ហើយក៏​ហុច​ឈូង​នោះ​ទៅ​ឱ្យ​ពួ​ក​ស្រី​ៗ​ទទួលយក​ទើប​ផ្តើម​បោះ​តទៅទៀត​។​
  3. ឈូង​លោះខ្ញុំ​ ​ដើមដំបូង​ខាង​ប្រុស​គេ​ផ្តើម​ច្រៀង១ទំនុក​ជាមុន​ ​ឯ​ទំនុកច្រៀង​ឈូង​មាន​ច្រើន​បែប​ប្លែក​ៗ​ទៅតាម​ប្រាជ្ញា​របស់​អ្នកនាំ​ច្រៀង​ ​និង​ ​តាម​ស្រុក​ ​ទីនេះ​ស្រង់​យក​តែ​ទំនុក​ធម្មតា​ដែល​អ្នកលេង​ឈូង​គ្រប់​ស្រុក​គេ​តែងតែ​ច្រៀង​គ្រប់គ្នា​ថា​៖​ ​“​បង​បោះ​ឈូង​ទៅ​អូន​អើយ​ ​កំពស់​ចុងដូង​(​ស្ងួន​)​ ​ក្រមុំ​ឈរច្រូង​ ​អូន​អើយ​ទទួល​ឈូង​បង​”​ ​ឬ​ ​ថា​ ​”​បង​បោះ​ឈូង​ទៅ​ ​ឈូង​បែក​ជា​បួន​ ​ស្រី​ណា​មានខ្លួន​ទទួល​ឈូង​បង​”​។​ល​។​ ​ច្រៀង​ហើយ​គេ​ស្រែក​ប្រាប់​ថា​”​ឈូង​អឺយ​ ​ឈូង​!​”​ ​ហើយ​អ្នក​ផ្តើម​ទំនុក​ក៏​បោះ​ឈូង​ទៅលើ​ពួក​​ស្រី​ៗ​ឱ្យ​ពួ​ក​ស្រី​ៗ​ចាប់​។​ ​ខាង​ស្រី​ចាប់​ឈូង​បាន​គេ​ចោលសំដៅ​ទៅ​រក​ប្រុស​ណា​ដែល​ត្រូវចិត្ត​បើ​ចោល​ទៅ​ត្រូវ​ប្រុស​ណា​គេ​ទៅ​ចាប់​យក​ប្រុស​នោះ​មក​ទុក​ខាង​ពួកគេ​។​ ​បើ​ចោលមិនត្រូវ​ទេ​ ​ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ​ចោលសំដៅ​មករ​ក​ស្រី​ណា​ដែលគេ​ស្ម័គ្រ​ ​បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី​ហើយ​ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យក​ទៅលើ​ក​មុន​នោះ​ត្រូវ​បាន​រួច​ខ្លូន​ ​បើ​ប្រុស​ចោលមិនត្រូវ​ស្រី​វិញ​ទេ​ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល​។​ ​បើ​ខាងណា​ប៉ិនប្រសប់​គេ​ចោល​យក​ខាងម្ខាង​ទាល់តែ​អស់​។​ ​កាលណា​អស់​គ្នា​ហើយ​គេ​ផ្តើម​លេង​សាជាថ្មី​ដោយ​ឱ្យ​ខាង​ស្រី​បោះ​ឈូង​ទៅ​ឱ្យ​ខាង​ប្រុស​មុន​វិញ​។​ ​មុន​នឹង​ស្រី​ៗ​បោះ​ឈូង​ទៅ​ឱ្យ​ខាង​ប្រុស​គេ​ស្រែកច្រៀង​ថា​ ​”​អូន​បោះ​ឈូង​ទៅ​បង​អើយ​ ​កំពស់​ចុង​ស្លា​ ​ប្រុស​ឈរត្រៀប​ត្រា​ ​បង​អើយ​ទទួល​ឈូង​ប្អូន​”​ ​។​ល​។​ ​​ច្រៀង​ហើយ​គេ​ស្រែក​ថា​ ​”​ឈូង​អឺយ​ឈូង​!​”​ ​ហើយ​គេ​បោះ​ឈូង​ទៅលើ​ពួ​ក​ប្រុស​ៗ​។​ ​ឯខាង​ប្រុស​បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ​គេ​ចោលឈូង​នោះ​សំដៅ​ទៅ​ស្រី​ៗ​ ​កាល​ត្រូវលើ​ស្រី​ណា​ម្នាក់​គេ​ចាប់​យក​ស្រី​នោះ​មក​ទុក​ខាងគេ​ ​បើ​ខាងណា​អស់​មនុស្ស​ ​គេ​ចែក​គ្នា​លេង​សា​ជា​ ​ថ្មី​។​ ​មនុស្ស​ដែលគេ​ចាប់បាន​នោះ​ជួនកាល​គេ​ចងមុខ​អោយ​ជិត​លែងឱ្យ​រត់​ជា​ការកម្សាន្ត​ ​ ​ ​សប្បាយ​។​ ​របៀប​លេង​ទី២នេះ​ជួនកាល​អ្នកលេង​គេ​ច្រូតកាត់​មិនបាច់​ច្រៀង​ស្រាប់តែ​ចោល​តែម្តង​ក៏​មាន​។​ ​​ល្បែង​នេះ​រាប់​ចូលក្នុង​ពួក​ការហាត់​ភ្នែក​ឱ្យ​វៃ​ ​ហាត់​ដៃ​ឱ្យ​ត្រង់​ផង​ជា​ការកម្សាន្ត​សប្បាយ​ដោយមាន​ការ​រាំច្រៀង​លាយ​ជាមួយ​ផង​៕​ ​

 

​ប្រភព៖​ ​ក្រសួងអប់រំយុវជន​និងកីឡា​
​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម