ភ្ញៀវទេសចរបរទេស នាំគ្នាទៅមើលកញ្ចុំផ្កាយកាឡាក់ស៊ី មីលគីវ៉េ នៅលើភ្នំបូកគោ
កំពត៖ រឿងដ៏អស្ចារ្យមួយដែលកើតមាននៅកម្ពុជា យូរណាស់មកហើយ ប៉ុន្តែហាក់មិនទាន់មានភាពល្បីសុះសាយនៅឡើយ នោះគឺការមើលឃើញកាឡាក់ស៊ី ឬ កញ្ចុំ ផ្កាយរាប់ពាន់លានដួង(galaxy Milky Way) ដែលរះនៅអវកាស ពីលើកំពូលភ្នំបូកគោ និងលើកំពូលភ្នំឱរ៉ាល់ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា លោក បានជួបជជែកសំណេះសំណាលការងារជាមួយលោក ស្រ៊ុន សុភា ជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់សៀមរាប-អង្គរ មួយរូប ដែលជាមគ្គុទ្ទសក៍យ៉ាងស្ទាត់ជំនាញក្នុងការដើរជាមួយភ្ញៀវទេសចរធំៗ នៅលើនាវាទេសចរណ៍ តាមដងទន្លេមេគង្គ ហើយលោក សុភា បាននាំដំណឹងអំពីការចាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេស ទៅលើការទស្សនាកញ្ចុំផ្កាយកាឡាក់ស៊ី ពីលើភ្នំបូកគោ នៅខេត្តកំពត និងនៅលើកំពូលភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
បើតាមលោក សុភា រឿងដ៏អស្ចារ្យមួយនេះ បានកើតមាននៅកម្ពុជាជាយូរណាស់មកហើយ ដែលអ្នកស្រាវជ្រាវវិទ្យាសាស្ត្រខ្លះ បានដឹង តែហាក់មិនទាន់មានភាពល្បីសុះសាយនៅឡើយ។ លោកថា ការមើលឃើញកញ្ចុំផ្កាយកាឡាក់ស៊ី រាប់ពាន់លានដួង ដែលរះនៅអវកាស គេអាចមើលឃើញតែពីរកន្លែងប៉ុណ្ណោះ គឺលើកំពូលភ្នំបូកគោ ម្តុំវាលស្រែមួយរយ និងលើកំពូលភ្នំឱរ៉ាល់ ។
លោក ស្រ៊ុន សុភា បានឱ្យដឹងទៀតថា ភ្ញៀវទេសចរ បានប្រាប់លោកថា កាឡាក់ស៊ីនោះ វាជាផ្កាយបញ្ចេញពណ៌ចម្រុះ នាពេលរាត្រី ស្ថិតនៅផ្តុំគ្នារហូតដល់រាប់ពាន់លានផ្កាយ ។ ជាទូទៅ មានតែតំបន់ប៉ូលទេទើបគេអាចមើលផ្កាយចម្លែកនេះដោយកាមេរ៉ាពិសេស ។ ប៉ុន្តែបែរជានៅកម្ពុជា មានវាសនាអាចមើលឃើញ និងអាចថតរូបបានដូចនៅតំបន់ប៉ូលដែរ ។
លោក សុភា បានបញ្ជាក់ថា នៅចន្លោះខែមករាដល់ខែឧសភា ផ្កាយនេះ រះក្នុងចន្លោះម៉ោង ២ភ្លឺដល់ម៉ោង ៤ភ្លឺ ។ រីឯពីខែមិថុនាដល់ខែធ្នូ វារះក្នុងចន្លោះពីម៉ោង ៩យប់ ដល់ម៉ោង ១២កណ្តាលអាធ្រាត្រ និង រះនៅទិសអាគ្នេយ៍តែមួយគត់។
លោក រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ចំណុចនេះគឺជារឿងដ៏អស្ចារ្យ និងអច្ឆរិយៈដ៏ល្អមួយសម្រាប់កម្ពុជា ដែលនេះគឺជាផលិតផលទេសចរណ៍ថ្មីមួយដ៏គួរឱ្យទាក់ទាញ ។
លោករដ្ឋមន្ត្រី បានបន្តថា ហ្វូងផ្កាយមីលគីវេ នេះ មានរូបរាងល្អចម្លែក ខុសពីផ្កាយធម្មតា ដែលមនុស្សមិនអាចមើលឃើញញឹកញាប់ ក្នុងពេលរាត្រីឡើយ មានតែទីទួលខ្ពស់ ដូចជា ភ្នំបូកគោជាដើម ទើបអាចមានឱកាសបានមើលឃើញ ។
បើតាមក្រុមតារាសាស្រ្ត បានប៉ាន់ស្មានថា បណ្ដុំផ្កាយមីលគីវេនេះ មានអាយុកាលជាង ១៣,២ពាន់លានឆ្នាំ កន្លងមកហើយ ។ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា នេះជាអច្ឆរិយភាពមួយទៀតរបស់ប្រទេសកម្ពុជា ដែលមានទីតាំងដ៏ល្អនេះ មិនងាយមានប្រទេសណាផ្សេង ចេះតែមាននោះទេ ប៉ុន្តែប្រទេសកម្ពុជា ពិតជាទីតាំងដ៏ល្អសម្រាប់ទស្សនាកញ្ចុំផ្កាយ ឬ កាឡាក់ស៊ីនេះ ។
លោករដ្ឋមន្ត្រី បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមសាកល្បងទៅទស្សនានូវទស្សនីយភាពដ៏អច្ឆរិយៈនេះឱ្យបានច្រើនកុះករ ហើយក៏អំពាវនាវឱ្យក្រុមហ៊ុនសុខា បូកគោ រៀបចំ សម្បទាទេសចរ ឱ្យបានល្អសមរម្យគ្របគ្រាន់ នៅចំណុចគោលដៅទេសចរណ៍នោះ ដើម្បីបម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍