Connect with us

វីង និង អាល់មិនគ្រុប ចាប់ដៃគូសហការក្នុងការផ្តល់បទពិសោធនៃការទូទាត់មិនប្រើសាច់ប្រាក់សម្រាប់អតិថិជន

ក្រុមហ៊ុន អាល់មិនគ្រុប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង (ខេមបូឌា) លីមីតធីតដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ ដោយមិនប្រើសាច់ប្រាក់នៅក្នុងព្រះរាជាណាចក្រ។
កម្មវិធីនេះប្រារព្ធធ្វើនៅក្នុងភោជនីយដ្ឋាន យី សាង ដែលជាហាងមួយរបស់ក្រុមហ៊ុន អាល់មិន គ្រុប ។ ភាពជាដៃគូនេះនឹងនាំមកនូវការដាក់ឱ្យប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់តាមអនឡាញ និងស្គេនកូដ QR ដែលហៅថា “WingPay” និងការទទួលទូទាត់តាមរយៈកម្មវិធីទូទាត់ប្រាក់លើទូរស័ព្ធដៃធំៗ ចំនួនពីររបស់ប្រទេសចិន គឺ “Ali Pay” និង “WeChat Pay” ដែលផ្តល់ជូនដោយវីង នៅបណ្តាហាងរបស់ក្រុមហ៊ុន អាល់មិន គ្រុប ១៧កន្លែង នៅកម្ពុជា។
លោក លូ ម៉េង អគ្គនាយក ក្រុមអាល់មិន គ្រុបមានប្រសាសន៍ថា អតិថិជនតែងតែធ្វើការសួរនាំទៅកាន់ក្រុមការងាររបស់លោក ដើម្បីដឹងថាពួកគាត់អាចធ្វើការទូទាត់ប្រាក់ដោយស្គេនកូដ QR កម្មវិធី Ali Pay ឬ WeChat Pay បានដែរឬទេ។ ដោយមើលឃើញមានសំនើរជាច្រើនពីអតិថិជន ក្រុមហ៊ុនអាល់មិនគ្រុបក៏ សម្រេចចិត្ត ជ្រើសរើសយកវីង ជាដៃគូសហការដើម្បីផ្តល់ជូនសេវាកម្មនេះ ដោយហេតុថា ក្រុមហ៊ុនបានមើល ឃើញនូវបទពិសោធន៍ជាច្រើនឆ្នាំរបស់ធនាគារមួយនេះក្នុងការផ្តល់សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា។
លោកលូ ម៉េង មានប្រសាសន៍ថា “វាគឺជាការតាំងចិត្តរបស់ក្រុមហ៊ុនអាល់ម៉ុនគ្រុប ក្នុងការផ្តល់ជូននូវសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិត ដោយរួមបញ្ចូលចាប់ពីសេវាកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ច រហូតដល់បទ ពិសោធន៍នៃការទូទាត់ប្រាក់ដែលរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់នូវសេវាកម្មនេះ យើងសង្ឃឹមថានឹងទទួលបានលទ្ធផលជាវិជ្ជមានពីអតិថិជន ជាពិសេសភ្ញៀវទេសចរជនជាតិចិនរាប់ពាន់នាក់ដែលមកលេងព្រះរាជាណាចក្រកម្ពុជា។”
មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លោកចូចូ ម៉ាឡូឡូស អគ្គនាយកធនគារឯកទេសវីងបានប្រាប់ឲដឹងថា វីងយល់ច្បាស់ពីតម្រូវការរបស់ដៃគូអាជីវកម្មរបស់ខ្លួន ក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ដោយមិនប្រើសាច់ប្រាក់នៅកម្ពុជា។ ការដាក់ឱ្យប្រើប្រាស់នូវសេវាកម្ម “WingPay” “Ali Pay” និង “WeChat Pay” នឹងឆ្លើយតបតម្រូវការនេះ និងបង្ហាញប្រាប់ពិភពលោកឲ្យបានដឹងថា ប្រទេសកម្ពុជាកំពុងខិតកាន់តែជិត និងក្លាយជាសង្គមមួយដែលមានប្រព័ន្ធអេកូនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។
លោក ម៉ាឡូឡូស មានប្រសាសន៍ថា “ជាផ្នែកមួយនៃប្រព័ន្ធប្រមូលសាច់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត អតិថិជនដែលមានកម្មវិធីស្មាតហ្វូនវីង កម្មវិធីAlipay ឬកម្មវិធី WeChat អាចប្រើទូរស័ព្ទរបស់ពួកគាត់ដើម្បីស្គេនកូដ QR នៅបណ្តាហាងរបស់ក្រុមហ៊ុនអាល់មិនគ្រុប ដើម្បីធ្វើការទូទាត់ប្រាក់ដោយចំនាយពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។”
WingPay ជាសេវាទូទាត់ដោយមិនប្រើសាច់ប្រាក់របស់វីង ដែលធ្វើឡើងដោយស្គេនកូដ QR ។ វាជាមុខងារ មួយក្នុងចំណោមមុខងារដែលមានអត្ថប្រយោជន៍ជាច្រើននៅលើកម្មវិធីស្មាតហ្វូនវីង ដែលអនុញ្ញាតឱ្យអតិថិជន អាចធ្វើប្រតិបត្តិការទូទាត់ប្រាក់ជាច្រើនដោយគ្រាន់តែចុចលើទូរស័ព្ទរបស់ពួកគេ។ លើសពីនេះទៀត កម្មវិធីស្មាតហ្វូនវីង អនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការដូចជាបង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ ទិញទំនិញតាមអនឡាញ។ ល។
ការទូទាត់តាមទូរស័ព្ទចល័តកំពុងក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមភ្ញៀវទេសចរចិន។ ជាង 90% នៃភ្ញៀវទេសចរចិន នឹងជ្រើសយកការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ប្រសិនបើបណ្តាហាងនៅក្រៅប្រទេសជាច្រើនមានផ្តល់សេវាកម្មនេះ។ នៅតំបន់អាស៊ីអាគ្នេយ៍ សេវាកម្ម Alipay ត្រូវបានគេប្រើប្រាស់នៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងហ្វីលីពីន ដែលមានអ្នកប្រើប្រាស់សញ្ជាតិចិនប្រមាណ ៥២០លាននាក់។ ទន្ទឹមនឹងនេះដែររបាយការណ៍ថ្មីមួយរបស់ស្ថានីយទូរទស្សន៍ CNBC បានបង្ហាញថា ប្រជាជនប្រមាណ៨០០លាននាក់បានប្រើប្រាស់សេវា WeChat ដើម្បីទូទាត់ប្រាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម