Connect with us

កម្មករទូកនេសាទ នៅខេត្តកោះកុង ជិត ១០០០នាក់ បង្ខំចិត្តចាកចេញពីការងារ ខណៈរដូវវស្សាឆ្នាំនេះជួបខ្យល់និងរលកធំជាងឆ្នាំកន្លងមក

កោះកុង៖ ទូកនេសាទ ជាច្រើនគ្រឿង នៅក្នុងដែនសមុទ្រខេត្តកោះកុង ត្រូវបានចូលចត តំរៀបគ្នានៅតាមកំពង់ផែ អស់រយៈពេលជាង២ខែកន្លងមកហើយ ខណៈដែលស្ថានភាពផ្ទៃ សមុទ្រ មិនអំណោយផល ស្របពេលដែលកម្ពុជាទទួលរងនូវបញ្ហាគ្រោះធម្មជាតិជំនន់ទឹកភ្លៀងផងដែរ។
បញ្ហាគ្រោះធម្មជាតិ ភ្លៀង ខ្យល់ បង្ករអោយមានរលកធំៗ លើផ្ទៃសមុទ្រ ទាំងនេះបានធ្វើឲ្យមានផលលំបាកដល់ការងារនេសាទ គ្រប់បែបយ៉ាង ថែមទាំងបានរុញច្រានផលនេសាទមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះថែមទាំងបានធ្វើឲ្យបាត់បង់នូវប្រាក់ចំណូល ទាំងម្ចាស់ទូកនេសាទ កម្មករនេសាទ និងកម្មករកំពង់ផែផងដែរ។
លោក ជិ ទុន ជំនួយការកំពង់ផែបាក់ខ្លង បានឲ្យដឹងកាលពីម្សិលមិញថា កម្មករនេសាទរាប់រយនាក់ ត្រូវបង្ខំចិត្តចាកចេញពីការងារនេសាទមួយរយៈកាលសិន វិលត្រលប់ទៅស្រុកកំណើត ដើម្បីរកការងារថ្មីធ្វើ ឬក៏ត្រលប់ទៅបង្ករបង្កើនផល ធ្វើស្រែចំការ បណ្តោះពេលមួយគ្រា ដើម្បីរងចាំស្ថានភាពអាកាសធាតុវិលមកប្រក្រតីវិញ។
លោកបានបន្តទៀតថា បញ្ហាអាកាសធាតុនៅឆ្នាំនេះមានលក្ខណធ្ងន់ធ្ងរជាងឆ្នាំមុនៗ ខណៈដែល ភ្លៀង និងខ្យល់នៅតែបន្តកើតមានឡើងឥតឈប់ឈរ ថែមទាំងធ្វើអោយទិន្នផលនេ សាទនៅកំពង់ផែបាក់ខ្លងកាន់តែធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរមួយកម្រិតទៀត មិនអាចឆ្លើយតប និងតម្រូវការទីផ្សារទាំងក្នុង និងក្រៅស្រុកបានទាន់ពេលវេលាឡើយ។
លោកបានបញ្ជាក់ទៀតថា ក្នុងរដូវវស្សាឆ្នាំនេះលំបាកនឹងរំពឹងទុកជាមុនណាស់ មិនដូចឆ្នាំកន្លងមក តាមធម្មតាត្រឹមពាក់កណ្តាលខែកញ្ញា រលកសមុទ្រនឹងវិលមករកសភាពស្ងប់ស្ងៀម ប៉ុន្តែឆ្នាំនេះមិនដឹងជាយ៉ាងណានោះទេ លោកមិនហ៑ានសន្និដ្ឋានបានឡើយ មានតែនាំគ្នាចូលរួមប្រុងប្រយ័ត្នអោយបានខ្ពស់តែប៉ុណ្ណោះ មុននឹងចេញទៅនេសាទ ត្រូវតែពិនិត្យស្ថានភាពរលកសមុទ្រអោយបានច្បាស់លាស់ ចៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម