Connect with us

រាជរដ្ឋាភិបាល នឹងរៀបចំអបអរពានរង្វាន់ដល់ប្រាសាទអង្គរវត្ត ដែលទើបទទួលបានចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត

ក្រសួងទេសចរណ៍ ប្រកាសបង្កើតកម្មវិធីកំសាន្តក្នុងខេត្តសៀមរាប នៅថ្ងៃទី០៩ ខែសីហា ខាងមុខនេះ ដើម្បីអបអរសាទរដល់ប្រាសាទអង្គរវត្ត ដែលទើបទទួលបានចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រល្បីៗក្នុងពិភពលោក។
តាមមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ឋ ដើម្បីរៀបចំកម្មវិធីសប្បាយៗ ក្នុងន័យអបអរសាទរដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា។
ក្រសួងទេសចរណ៍ បានឲ្យដឹងដែរថា ពិធីប្រគល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១នេះ នឹងត្រូវរៀបចំឡើងនៅក្រុងសៀមរាប ទីតាំងខាងមុខបរិវេណប្រាសាទអង្គរវត្ត នាពេលព្រឹក និងពិធីអបអរសាទរ រាំលេងសប្បាយជាមួយការប្រគុំតន្ត្រីនៅតំបន់ Pub Street ពេលរាត្រី នាថ្ងៃទី០៩ ខែសីហា ខាងមុខនេះ។
សូមបញ្ជាក់ថា ការផ្ដល់ចំណាត់ថ្នាក់លេខ ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងឆ្នាំ ២០១៨ បានលេចចេញតាមរយៈការស្រង់មតិរយៈពេល ១២ ខែ លើចំណាប់អារម្មណ៍និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ របស់ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ដែរថា វាជាឆ្នាំទី ៥ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរទូទាំងពិភពលោកបោះឆ្នោតគាំទ្រ ហើយកន្លងមកក៏ទទួលបានចំណាត់ថ្នាក់លេខ ១ ជាប់ៗ គ្នាតាម រយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗ ទៀតផងដែរ ចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០១៧។
ក្នុងរបាយការណ៍កន្លងមក បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ មានភ្ញៀវទេសចរមកទស្សនាប្រាសទអង្គវត្ត ចំនួនជាង២លាន ៤សែននាក់ កើនឡើង ១១.៨២ភាគរយ និងរកប្រាក់ចំណូលបាន ១០៧លានដុល្លារអាមេរិក កើនឡើង ៧២ភាគរយ ។ ក្នុងនោះប្រាក់ឧបត្ថមជាង ៤លានដុល្លារ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
គួរកត់សម្គាល់ដែរថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនា កម្ពុជា មានចំនួនជាង ៣លាននាក់ ដែលមានកំណើន ១៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។នេះប់យោងតាមរបាយការណ៍របស់ក្រសួងទេសចរ។
ក្រសួងសង្ឃឹមដែរថា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិបានប្រមាណជាង ៦,២លាននាក់ ក្នុងកំណើន ១២% ។
ស្របជាមួយនឹងសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ធនធាន និងសក្តានុពលទេសចរណ៍ កម្ពុជា សង្ឃឹមថា នឹងទទួលទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងប្រមាណ១៥លាននាក់ នៅឆ្នាំ២០៣០៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម