Connect with us

ជប៉ុននឹងជំរុញឲ្យវិនិយោគិនខ្លួន បង្កើនការវិនិយោគលើឧស្សាហកម្មផលិតគ្រឿងបន្លាស់យានយន្ត និងគ្រឿងអេឡិចត្រូនិកកាន់តែច្រើននៅកម្ពុជា

ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាណាចក្រកម្ពុជា បានឲ្យដឹងថា ដើម្បីជួយឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ដូចអ្វីដែលនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមកប្រទេសជប៉ុននឹងជួយកម្ពុជា ផ្តោតទៅលើ ៣ចំណុចសំខាន់ គឺទី១ ការជំរុញលើកស្ទួយផ្នែកឧស្សាហកម្ម ទី២ ការកែលម្អរជីវភាពរស់នៅរបស់ប្រជាជន និងទី ៣ គឺការពង្រឹងអភិបាលកិច្ច។
ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា ចំពោះវិស័យឧស្សាហកម្មរដ្ឋាភិបាលជប៉ុន នឹងជួយជំរុញឲ្យមានការវិនិយោគកាន់តែច្រើនទៅលើរោងចក្រផលិតគ្រឿងបន្លាស់នៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្របពេលដែលប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រល្អ ដែលស្ថិតនៅចំកណ្តាលរវាងប្រទេសវៀតណាម និងថៃ ព្រមទាំងមានកំណើនសេដ្ឋកិច្ច ៧ភាគរយជាប្រចាំ។
ឯកឧត្តម បានថ្លែងថា ក្រុមហ៊ុនក្នុងវិស័យផលិតកម្មរថយន្តជប៉ុន កំពុងតែកំពុងតែស្វែងរកទី តាំងថ្មី សម្រាប់ពង្រីកផលិតកម្មគ្រឿងបន្លាស់រថយន្ត ហើយប្រទេសកម្ពុជា គឺជាទីតាំងដ៏សម ស្របសម្រាប់ក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគ ខណៈដែលការបង្កើនបរិមាណផលិតកម្មគ្រឿង បន្លាស់នៅក្នុងប្រទេសថៃ ក្រុមហ៊ុនជប៉ុនមួយចំនួនមិនអាចពង្រីកបានទៀតនោះទេ។
ប៉ុន្តែឯកឧត្តមលើកឡើងថា ចំពោះស្ថានភាពវិនិយោគនៅប្រទេសកម្ពុជា ក៏មានបញ្ហាមួយចំនួនដែរ ដូចជាបញ្ហាតម្លៃអគ្គិសនីថ្លៃ ប្រាក់ឈ្នួលកម្លាំងពលកម្មកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស និងភាពស្មុគស្មាញនៃបញ្ជីរដ្ឋបាលផ្សេងៗ។
គួរបញ្ជាក់ថា កន្លងមកនេះ ប្រទេសជប៉ុន ក៏បានសហការជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ការគាំពារមាតា និងទារក ការអប់រំ ការដឹកជញ្ជូន និងចរាចរណ៍ វិស័យកសិ កម្ម ការបោសសម្អាតមីន និងការកំណែទម្រង់ការបោះឆ្នោតជាដើម។ មិនតែប៉ុណ្ណោះជប៉ុន ក៏ ជាដៃគូរផ្តល់ជំនួយ និងហិរញ្ញប្បទានដ៏សំខាន់របស់កម្ពុជាផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម