ភ្ញៀវទេសចរតាមនាវា រអ៊ូថា ចង់ទៅលេងអង្គរវត្ត តែគ្មានជើងហោះហើរវិលមកវិញទាន់
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិដែលមកដល់ប្រទេសកម្ពុជា តាមរយៈនាវាទេសចរណ៍ខ្នាតយក្សធំៗ នៅកំពង់ផែខេត្តព្រះសីហនុ កន្លងមក ក៏ចង់នាំគ្នាទៅទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ក្នុងរយៈពេលខ្លីណាមួយផងដែរ ក៏ប៉ុន្តែ មិនទាន់មានសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលអាចវិលមកវិញទាន់ការចាកចេញរបស់នាវា។
ត្រង់ចំណុចនេះ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។
លោកអនុរដ្ឋលេខាធិការបានឱ្យដឹងថា៖ ”ភ្ញៀវទេសចរភាគច្រើន ពួកគាត់មានបំណងចង់ទៅទស្សនាតាមកោះនានា និងចង់ជិះយន្តហោះទៅទស្សនាកម្សាន្ត នៅប្រាសាទអង្គរវត្ត ដោយវិលល្ងាចឱ្យទាន់ជើងនាវាចេញទៅវិញ ប៉ុន្តែការលំបាកលើទូកទេសចរណ៍ មិនមានម៉ោងកំណត់ជាក់លាក់ ហើយជើងហោះហើរមិនទៀងទាត់ទៀត”។
ក្រសួងទេសចរណ៍បន្តថា ចំណុចនេះ គឺបានបញ្ជាក់ពីការខាតបង់កំណើនភ្ញៀវទេសចរ ដែលទៅទស្សនារមណីយដ្ឋានអង្គរ ដោយសារបញ្ហាការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ក៏ដូចជា ភាពមិនទៀងទាត់នៃការចេញចាករបស់នាវាទេសចរណ៍អន្តរជាតិទាំងនោះ។ នៅរយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកចំនួននាវាទេសចរណ៍បាន ៣០គ្រឿង កើនឡើង ៥៧,៨៩% ដោយផ្ទុកភ្ញៀវទេសចរអន្តរជាតិចំនួន ២៩១១១នាក់ កើនឡើង ៧៨,២៥%។
អគ្គនាយកនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ការចូលចតរបស់នាវាទេសចរណ៍ទាំងនោះ មានរយៈពេលជាមធ្យមប្រមាណត្រឹមតែ ១៥ម៉ោង ប៉ុណ្ណោះ។ ចំពោះកត្តានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា គេចាំបាច់ត្រូវដោះស្រាយជាកញ្ចប់ ហើយតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងផ្នែកឯកជន៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍