Connect with us

ហ្គេមដែលប្រើបច្ចេកវិទ្យា ប្លុកឆេន (Blockchain) ទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនានៅសន្និបាត ChinaJoy

ហ្គេមដែលប្រើបច្ចេកវិទ្យា ប្លុកឆេន (Blockchain) បានទាញចំណាប់អារម្មណ៍របស់អ្នកចូលរួមសន្និបាតហ្គេមប្រចាំឆ្នាំរបស់ប្រទេសចិនឈ្មោះថា China Joy ដែលបើកឲ្យចូលទស្សនាកាលពីថ្ងៃសុក្រកន្លងទៅ ក្នុងទីក្រុង សៀងហៃ។ ក្រុមហ៊ុនបង្កើតហ្គេម បានរំពឹងថា បច្ចេកវិទ្យា នឹងនាំឱ្យមានការផ្លាស់ប្តូរថ្មីក្នុងឧស្សាហកម្មហ្គេម។

នៅឯសន្និបាតឆ្នាំនេះ ការប្រើបច្ចេកវិទ្យា ប្លុកឆេន (Blockchain) ក្នុងការអភិវឌ្ឈន៍ហ្គេម បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ។ គេថែមទាំងបានរៀបចំវេទិកាមួយជាពិសេសតែម្តង ដើម្បីសម្រួលដល់ការពិភាក្សាលើប្រធានបទនោះក្នុងចំណោមអ្នកអភិវឌ្ឈន៍ហ្គេម។

អ្នកអភិវឌ្ឈន៍ហ្គេម ខ្រ៊ីបតូ ឃីតធីស៍ (Cryptokitties) ដែលប្រើបច្ចេកវិទ្យាប្លុកឆេនដំបូងគេក្នុងពិភពលោក គឺជាអ្នកទទួលផលដំបូងគេពីការប្រើប្រាស់បច្ចេកវិទ្យា ប្លុកឆេន។ ហ្គេមនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច ទិញ ប្រមូល ផលិតនិងលក់ប្រភេទឆ្មានិម្មិតជាច្រើន ដែលបច្ចុប្បន្នមានតម្លៃខ្ពស់ដល់ ១សែន ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកក៏មាន។

លោក ប៊ែននី គាំង សហស្ថានិក ហ្គេម CryptoKitties បាននិយាយថា «សម្រាប់យើង យើងបានគិតថា យើងគួរសាកប្រើការកំសាន្ត ធ្វើជាវិធីមួយដើម្បីបញ្ចូលបច្ចេកវិទ្យានេះ។ ប្រសិនបើយើងក្រឡេកទៅមើលអតីតកាលកាលពីពេលថ្មីៗនេះវិញ កម្មវិធី Farm Field គឺជាកម្មវិធីដ៏ធំមួយក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីជំនាន់ហ្វេសប៊ុកចាប់ផ្តើមដំបូងៗ។ វាបានជួយទាក់ទាញអ្នកប្រើប្រាស់ ៥០% ឱ្យមកប្រើហ្វេសប៊ុក ហើយវាបានទាក់ទាញស្ត្រីជាម្តាយនិងអ្នកប្រើប្រាស់អន្តរជាតិ ឱ្យមកលេងហ្វេសប៊ុកដែរ។ ដូច្នេះវាបង្ហាញឱ្យឃើញថា ហ្គេមគឺជាកត្តាមួយ ដែលនាំឱ្យមានការផ្លាស់ប្តូរសម្រាប់វេបសាយថ្មីៗ។»

ភាគជោគជ័យនៃហ្គេម ខ្រ៊ីបតូ ឃីតធីស៍ បានជំរុញទឹកចិត្តដល់អ្នកអភិវឌ្ឈន៍ហ្គេម ប្លុកឆេន ដែលក្នុងនោះ ក៏មានអ្នកបង្កើតហ្គេមជាច្រើននាក់ក្នុងប្រទេសចិនផងដែរ។ អ្នកជំនាញក្នុងឧស្សាហកម្មនេះ ជឿជាក់ថា ហ្គេម ប្លុកឆេនមានសក្តានុពលដ៏ធំធេង សម្រាប់រីកចម្រើនក្នុងទីផ្សារចិន។

លោក អ៊ូ សៀវ អ្នកអភិវឌ្ឍន៍ហ្គេម នៃក្រុមហ៊ុន Cell Evolution បានលើកឡើងថា «ខ្ញុំគិតថាក្នុងទីផ្សារដែលមិនទាន់មានភាពរឹងមាំពេញលេញ ក្រុមហ៊ុនទាំងឡាយ នឹងមានឱកាសច្រើនណាស់ ដើម្បីជោគជ័យ។ បើនិយាយអំពីឧស្សាហកម្មហ្គេមបែបប្រពៃណី ក្រុមហ៊ុនធំៗក្តោបក្តាប់ធនធានផ្សេងៗដែលមានអស់ទៅហើយ។ ប៉ុន្តែបើនិយាយចំពោះហ្គេមប្លុកឆេនវិញ យើងនៅមានឱកាសច្រើនណាស់។ វាពិតជាសាកសមនឹងឱ្យយើងព្យាយាមសាកល្បង៕»

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម