Connect with us

ខេត្តហ៊ូណាន របស់ចិន ចង់នាំមុខគេលើវិស័យផលិតកម្មឆ្លាតវៃ

ដោយស្ថិតនៅចំកណ្តាលប្រទេសចិន ខេត្ត ហ៊ូណាន បាននិងកំពុងអភិវឌ្ឍវិស័យផលិតបែបឆ្លាតវៃរបស់ខ្លួន ដើម្បីកសាងខេត្តនេះ ឱ្យក្លាយជាខេត្តមួយក្នុងចំណោមខេត្តកំពូលៗដែលពូកែខាងផ្នែកផលិត នៅប្រទេសចិន។

កាលពីមុន វិស័យផលិតកម្មនៅខេត្តហ៊ូណាន គឺមិនខុសគ្នាប៉ុន្មានពីខេត្តក្រុងនិងតំបន់ស្វយ័ត ផ្សេងៗនៅប្រទេសចិននោះឡើយ។ តែឥឡូវ ខេត្តនេះមានផែនការរយៈពេល៥ឆ្នាំដ៏មហាសាលមួយ ដែលចង់កសាងខ្លួនឱ្យក្លាយជាខេត្តដែលពូកែបំផុតខាងផ្នែកផលិតកម្ម ពោលគឺចង់ក្លាយខ្លួនជាកន្លែងផលិតដែលប្រើបច្ចេកវិទ្យាដ៏ឆ្លាតវៃបំផុតមួយ។

អ្នកគាំទ្រផែនការនេះ ក៏បានអនុញ្ញាតឱ្យខេត្តហ៊ូណាន អាចសម្រេចបាននូវរបកគំហើញជាច្រើន ផ្នែកផលិតសម្ភារៈ កំពូលកុំព្យូទ័រ ប្រព័ន្ធដឹកជញ្ជូនលើគោកល្បឿនមហាលឿន និងប្រព័ន្ធផ្កាយរណបសម្រាប់ធ្វើពិសោធន៍វិទ្យាសាស្ត្រជាលក្ខណៈអាជីវកម្ម ដំបូងគេបង្អស់ក្នុងប្រទេសចិនផងដែរ។

កាលពីមុន វិស័យឧស្សាហកម្មធន់ធ្ងន់ គឺជាកត្តាសំខាន់ដែលខេត្តនេះផ្តោតជាចំបង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខេត្ត។ តែឥឡូវ ដោយមានផែនការដ៏ធំនេះ ខេត្តហ៊ូណាន ចង់អភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។

លោក ជិន សូវ សាស្ត្រាចារ្យ សាកលវិទ្យាល័យហ៊ូណាន បាននិយាយថា “កាលពីមុន យើង ផ្តោតសំខាន់ទៅលើវិស័យឧស្សាហកម្មធន់ធ្ងន់ ដោយសារវាមានសារៈសំខាន់ចំពោះវិស័យផលិតកម្មទាំងមូល។ យើងត្រូវការអភិវឌ្ឍវា ហើយស្វែងរកវិធីដើម្បីអភិវឌ្ឍវាឱ្យបាន។ ដូច្នេះ នេះហើយគឺជាឬសគល់ ដែលនាំឱ្យមានយុទ្ធសាស្ត្រដែលចង់អភិវឌ្ឍវិស័យផលិតកម្មបែបឆ្លាតវៃ ឱ្យកាន់តែទំនើប ដោយអភិវឌ្ឍបន្ថែមពីលើវិស័យផលិតកម្មធម្មតាៗដែលយើងមានស្រាប់។”

ក្រុមហ៊ុនសាងសង់ផ្លូវដែកធន់ធ្ងន់ចិន គឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន សាងសង់ផ្លូវដែកចិន (China Railway Construction Corporation) ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនទាំង៥០០ក្នុងពិភពលោក ដែលរកប្រាក់ចំនូលបានច្រើនបំផុត។

ម៉ាស៊ីនខួងផ្លូវក្រោមដីរបស់ក្រុមហ៊ុននេះ កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ទាំងនៅក្នុងប្រទេសចិន និងនៅបរទេស។ បច្ចេកវិទ្យាទំនើបៗដូចជាបច្ចេកវិទ្យារចនាសិប្បនិម្មិត បច្ចេកវិទ្យារំញោច បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាផ្សេងៗទៀត ធ្វើឱ្យម៉ាស៊ីននេះអាចដំណើរការបាន ដោយមិនចាំបាច់មានភ្លើងបំភ្លឺ។ ក្រុមហ៊ុននេះ ក៏បានចុះកិច្ចសន្យាមួយ ជាមួយប្រទេសតួគី ដើម្បីសាងសង់ផ្លូវរថភ្លើងក្រោមដី នៅទីក្រុង អ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំមួយរបស់តួគី។

លោក លាវ ហាយហួរ អនុប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុនសាងសង់ផ្លូវដែកធន់ធ្ងន់ចិន
បានលើកឡើងថា “ក្រោយពីទទួលបានបទពិសោធន៍នៅប្រទេសចិនរួចមក មានអតិថិជនអន្តរជាតិជាច្រើនបានទទួលស្គាល់ស្នាដៃរបស់យើង តាមរយៈការបង្កើតទីផ្សាររបស់យើងនៅបរទេស។ ហើយទីបំផុតទៅ យើងក៏បានទទួលកិច្ចសន្យាសាងសង់ផ្លូវរថភ្លើងក្រោមដី នៅទីក្រុង អ៊ីស្តង់ប៊ុល ជាមួយប្រទេសតួគីនេះ។”

ខេត្តហ៊ូណាន កំពុងដាក់គោលដៅលើឧស្សាហកម្មថ្មីៗចំនួន២០ ក្នុងផ្នែកដឹកជញ្ជូនតាមរថភ្លើង និងម៉ាស៊ីនវិស្វកម្ម ដើម្បីកសាងបណ្តុំឧស្សាហកម្មផលិតកម្មដ៏ឆ្លាតវៃលំដាប់ពិភពលោកមួយ៕

   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម