Connect with us

ករណីជម្ងឺគ្រុនឈាម មានការកើនឡើងខ្លាំង តែនៅមិនទាន់ដល់ចំនួនប្រកាសអាសន្ននោះទេ

ភ្នំពេញ ៖ ករណីជម្ងឺគ្រុនឈាម មានការកើនឡើងខ្លាំងនៅក្នុងរដូវវស្សាឆ្នាំ ២០១៨នេះ ប៉ុន្តែ មិនទាន់ដល់ចំនួន ដែលត្រូវប្រកាសអាសន្ននោះទេ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យ ក្រសួងសុខាភិបាល ។
លោកវេជ្ជបណ្ឌិត លី សូវាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថា ទោះជាឆ្នាំនេះជាវឌ្ឍន៏នៃជំងឺគ្រុនឈាមក្តី តែការកើតមានជម្ងឺគ្រុនឈាម នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ ។ បើតាមរបាយការណ៍ រហូតមកទល់ថ្ងៃម្សិលម៉ិញនេះ មានករណីកើតជម្ងឺគ្រុនឈាម មានសរុបជាង ៤២០០ ករណី នៅទូទាំងប្រទេស ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា នេះ គឺដោយសារតែព្រោះមន្រ្តីសុខាភិបាលនៅគ្រប់កន្លែង បានឆ្លើយតបបន្ទាន់ និង ទប់ស្កាត់ទាន់ពេលវេលា ដោយក្នុងនោះ គ្រប់ទីកន្លែងណាដែលមានកើនឡើងករណីគ្រុនឈាមច្រើន មន្រ្តីសុខាភិបាល បានចុះដាក់ថ្នាំអាបេតបន្ថែម និង បាញ់ថ្នាំសំលាប់មូស រួមនិងបំផ្លាញជំរកមូស និងដង្កូវទឹក ។
តែទោះយ៉ាង លោកវេជ្ជបណ្ឌិត ក៏នៅតែអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រយ័ត្នជានិច្ច ទាំងវិធានការបង្ការ និង បញ្ជូនករណីសង្ស័យជំងឺគ្រុនឈាមទៅមន្ទីរពេទ្យជាបន្ទាន់ ។ ក្រៅពីនេះ ពលរដ្ឋ អាចរាយការមកលេខ ១១៥ ដែលមិនគិតថ្លៃពីប្រព័ន្ទ ប្រសិនជាមានការសង្ស័យថា កូនចៅរបស់ខ្លួន កើតមានជម្ងឺគ្រុនឈាម ។
សូមបញ្ជាក់ថា ដោយសារឆ្នាំនេះ ជាវឌ្ឍន៏នៃជំងឺគ្រុនឈាម កាលពីដើមឆ្នាំ ក្រសួងសុខាភិបាល បានត្រៀមថ្នាំអាល់បែត ចំនួន ៣៥០តោន និង ថ្នាំសម្លាប់សត្វម៉ូស ជាង ៦០០០លីត្រ ដោយបានបែងចែកទៅខេត្តរាជធានី ដើម្បីត្រៀមឆ្លើយតបនៅពេលមានកើតឡើងនូវជម្ងឺគ្រុនឈាម ។
ក្រសួងសុខាភិបាល ក៏បានដាក់ចេញវិធានការ ចំនួន៥៖
១៖ ការណែនាំដល់ភ្នាក់ងារសុខាភិបាលផ្តល់សារអប់រំសុខភាព ដែលមានបិទបង្ហាញតាមគ្រឹះស្ថានសុខាភិបាល និង ប្រព័ន្ធផ្សព្វផ្សាយផ្សេង ដូចជាវេបសាយ វិទ្យុ ទូរទស្សន៍ កាសែត។
២៖ សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក។ល។
៣៖ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។
៤៖ ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ៖ ដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ។ល។
៥៖ ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។ គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម