Connect with us

វេបសាយលក់ទំនិញបញ្ចុះតម្លៃតាមអនឡាញរបស់ចិន ត្រូវគេចោទប្រកាន់អំពីរឿងលក់ទំនិញក្លែងក្លាយ

ក្រោយពីបង្ហាញវត្តមាននៅលើផ្សារហ៊ុន ណាស់ដាក (Nasdaq) កាលពីថ្ងៃទី២៦កក្កដាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនលក់ទំនិញបញ្ចុះតម្លៃតាមអនឡាញរបស់ចិនឈ្មោះថា ភីនទ័រទ័រ (Pinduoduo) បានរងការចោទប្រកាន់ថា ផលិតផលខ្លះដែលបានដាក់លក់នៅលើវេបសាយរបស់ខ្លួន គឺជាទំនិញក្លែងក្លាយ ឬ មានគុណភាពទាបជាងស្តង់ដា។

កាលពីថ្ងៃពុធកន្លងទៅ រដ្ឋបាលនិយ័តកម្មទីផ្សារនៃរដ្ឋចិន បានឱ្យដឹងថា ខ្លួនកំពុងស្នើឱ្យមានការស៊ើបអង្កេតមួយ អំពីការលក់ទំនិញក្លែងក្លាយ ដែលបំពានកម្មសិទ្ធបញ្ញា នៅលើវេបសាយ ភីនទ័រទ័រ (Pinduoduo)។
អ្នកនាង ស៊ែនឌី សឹន នាយកផ្នែកស្រាវជ្រាវ ក្រុមហ៊ុន Gartner បានបញ្ជាក់ថា “រឿងនេះ នឹងកំណត់ថាតើក្បួនធ្វើអាជីវកម្មរបស់ក្រុមហ៊ុននេះ នឹងជោគជ័យឬបរាជ័យ ពីព្រោះគេមិនអាចបន្តទៅមុខទាំងបែបនេះទេ ជាពិសេសនៅពេលដែលគេគឺជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំបែបនេះ។”
ដោយចាប់ផ្តើមអាជីវកម្មដំបូងកាលពីជិត៣ឆ្នាំមុន ក្រុមហ៊ុន ភីនទ័រទ័រ បានរៃអង្គាសថវិកាក្នុងឆ្នាំនេះ បានជាង១ពាន់៦រយលានដុល្លារអាមេរិក ដោយក្រុមហ៊ុនចិនមួយ នៅលើផ្សារហ៊ុន ណាស់ដាក (Nasdaq) ដែលជាផ្សារហ៊ុនធំបំផុតលំដាប់ទីពីររបស់អាមេរិក។
ក្រុមហ៊ុនភីនទ័រទ័រ ច្របាច់បញ្ចូលគ្នារវាងសេវាទិញទំនិញតាមអនឡាញនិងសេវាបណ្តាញសង្គម ដោយអ្នកប្រើប្រាស់ត្រូវអញ្ជើញមិត្តភក្តិឱ្យមកចូលរួមជាក្រុមអ្នកទិញទំនិញ ដើម្បីទទួលបានការបញ្ចុះតម្លៃលើផលិតផល។
ក្បួនអាជីវកម្មនេះ បានជួយឱ្យក្រុមហ៊ុន ភីនទ័រទ័រ ទាក់ទាញអ្នកប្រើប្រាស់បានជាង៣០០លាននាក់។
អ្នកជំនាញផ្នែកច្បាប់ លោក លាវ យៀក បាននិយាយថា តម្លៃទំនិញធូរថ្លៃ គឺជាកត្តាទាក់ទាញដ៏សំខាន់។ ប៉ុន្តែនៅពេលដែលគេពិនិត្យមើលផលិតផលមួយចំនួនឱ្យស៊ីជម្រៅទៅ គេរកឃើញថា មានចំនុចខ្លះៗដែលក្រុមហ៊ុននេះប្រហែលជាបានអនុញ្ញាតឱ្យផលិតផលក្លែងបន្លំ អាចដាក់លក់នៅលើវេបសាយរបស់ខ្លួនបាន។
ជាឧទាហរណ៍ សាប៊ូបោកខោអាវម៉ាក ធីដូរ (Tido) មានឡូហ្គោដែលស្រដៀងទៅនឹងសាប៊ូរបស់អាមេរិកឈ្មោះថា ថាយដ៍ (Tide)។
លោក លាវ យៀក អ្នកជំនាញផ្នែកច្បាប់ ក្រុមហ៊ុនច្បាប់ប៉េកាំងតាឈី បញ្ជាក់ថា “បើសិនជាការរចនាសំបកផលិតផល បានទទួលប៉ាតង់ វាអាចជាការបំពានលើសិទ្ធកាន់កាប់ប៉ាតង់។ វាក៏មានសណ្ឋានធ្ងន់ធ្ងរល្មម ដែលអាចបំពានច្បាប់ស្តីពីការប្រឆាំងនឹងការប្រកួតប្រជែងដែលមិនស្មើភាព ដោយគេបញ្ឆោតអតិថិជនឱ្យជឿថា អតិថិជនកំពុងទិញផលិតផលដែលមានឈ្មោះល្បី។”
ក្រុមហ៊ុននេះ បាននិយាយថា ខ្លួនមានបំណងចង់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់ តាមរយៈការផ្តល់ផលិតផលដែលមានគុណភាពមធ្យម ជូនដល់អ្នកទិញដែលមានប្រាក់ចំនូលទាប និងជនចាស់ជរា ព្រមទាំងអតិថិជនដែលសាញនឹងរឿងតម្លៃ ដែលរស់នៅតាមទីក្រុងតូចៗ និងទីជនបទនានា ក្នុងប្រទេសចិន។
ដោយសារត្រូវបានចុះបញ្ជីក្នុងផ្សារហ៊ុនសាធារណៈ ក្រុមហ៊ុននេះមានសម្ពាធមួយ ដែលតម្រូវឱ្យគេចាត់វិធានការដោះស្រាយបញ្ហាទាំងនេះ។ នេះបើយោងតាមអ្នកនាង សឹន។
ក្រុមហ៊ុន ភីនទ័រទ័រ បានប្រកាសប្តេជ្ញានៅក្នុងសេចក្តីប្រកាសតាមអនឡាញមួយថា ខ្លួននឹង “កែតម្រូវព្រមទាំងកែទម្រង់” អាជីវកម្មរបស់ខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម