Connect with us

ខ្ចៅ​ ​និង​លៀស​ ​ទន្លេមេគង្គ​ខេត្ត​កំពង់ចាម​ ​កំពុង​ត្រូវប៉ាន់​ក្នុង​រដូវទឹកឡើង​

​ខេត្ត​កំពង់ចាម​៖​ ​រដូវវស្សា​ ​បាន​ចូល​មកដល់​ ​ខណៈ​ទឹកទន្លេ​មេគង្គ​ ​ក៏បាន​ចាប់ផ្តើម​ជោរ​ ​និង​ឡើង​បន្តិចបន្តួច​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប្រភេទ​ខ្ចៅ​ ​និង​លៀស​ ​មានការ​រីក​ធំធាត់​ ​ជាពិសេស​ខ្ចៅ​សំបូរ​ទៅ​ដោយ​សាច់​ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​ ​CNC​ ​ចុះផ្សាយ​កាលពី​ថ្ងៃទី២៣​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ដងទន្លេ​មេគង្គ​ ​ជាពិសេស​ចាប់ពី​ចំណុច​ក្បាលកោះ​ប៉ែន​ ​រហូតដល់​ចុង​កោះសូទិន​ ​ស្ថិតនៅ​ក្នុង​ស្រុក​កោះសូទិន​ ​និង​ស្រុក​កំពង់សៀម​ ​ខេត្ត​កំពង់ចាម​ ​បាន​សម្រុក​នាំគ្នា​ទៅ​រាវរក​ខ្ចៅ​ ​និង​លៀស​ ​ដើម្បី​លក់​ទៅកាន់​ទីផ្សារ​ ​ហើយ​គ្រួសារ​មួយចំនួន​ទៀត​ ​បាន​ទៅ​រក​ដើម្បី​ធ្វើការ​ទទួលទាន​ប្រចាំថ្ងៃ​ ​ដោយ​ពុំ​មានការ​លក់ដូរ​នោះ​ទេ​។​

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ចំ​ណុ​ចកោះប្រ​លូង​ ​បាន​ប្រាប់​ប្រភព​ដដែល​ឲ្យដឹង​ថា​ ​ក្នុង​មួយ​ថ្ងៃ​ៗ​ ​ពួកគាត់​ ​អាច​រក​ខ្ចៅ​ ​បាន​ចន្លោះ​ពី​ ​២០កំប៉ុង​ ​ទៅ​ ​៥០កំប៉ុង​ ​អាស្រ័យ​ទៅតាម​ពេលវេលា​ ​ហើយ​នៅ​ចំណុច​ខ្លះ​ ​សំបូរ​ខ្ចៅ​ច្រើនជាង​លៀស​ ​ឬ​កន្លែង​ខ្លះ​ ​សំបូរ​លៀស​ ​ជាង​ខ្ចៅ​។​ ​ពួកគាត់​បន្ត​ថា​ ​បន្ទាប់ពី​ការ​រាវ​ខ្ចៅ​ ​នៅក្នុង​បាតទន្លេ​អស់​រយៈពេល​ពេញ​មួយ​ព្រឹក​ ​ពួកគាត់​បាន​យក​ទៅ​ស្ងោរ​លក់​ ​នៅក្នុង​ភូមិ​ ​ដោយ​ក្នុង១កំប៉ុង​ ​តម្លៃ​ ​១០០០រៀល​ទៅ​ ​១៥០០រៀល​ ​ហើយ​ខ្លះទៀត​លក់​ ​ទៅកាន់​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្តា​ខេត្ត​ ​ឬ​ ​នៅ​តាម​ទីផ្សារ​មួយចំនួន​ក្នុង​ខេត្ត​កំពង់ចាម​។​

ដោយឡែក​ខ្ចៅ​ភាគច្រើន​ ​ត្រូវ​បាន​ឈ្មួញ​ក្នុង​ខេត្ត​កំពង់ចាម​ ​ប្រមូល​ទិញ​យក​ទៅ​ស្ងោរ​លក់​ក្នុង​ ​តម្លៃ​ ​២០០០រៀល​ ​ទៅ​ ​៣០០០រៀល​ក្នុង១កំប៉ុង​ ​ហើយ​ប្រភេទ​ខ្ចៅ​ទន្លេ​ ​បែប​ធម្មជាតិ​ ​ដែល​មាន​រសជាតិ​ឆ្ងាញ់​នេះ​ ​គឺ​មាន​គាំទ្រ​ច្រើន​ផង​ដែរ​ ​ពីសំណាក់​អ្នកទទួល​ទាន​ក្នុង​ខេត្ត​កំពង់ចាម​។​

​ប្រជាពលរដ្ឋ​បន្ត​ថា​ ​នៅ​តាម​ស្រុក​មួយចំនួន​ជាប់​ដងទន្លេ​មេគង្គ​ ​មានការ​នេសាទ​ ​និង​រាវ​ខ្ចៅ​ដោយ​ខុស​លក្ខណៈ​បច្ចេកទេស​ ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ ​និង​ឧបករណ៍​នេសាទ​ខុសច្បាប់​ ​ដោយ​អូស​ទាំងថ្ងៃទាំងយប់​ ​និង​ពេលខ្លះ​មានការ​ផ្គើន​ទៅដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ថែមទៀត​ផង​៕​

 

អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម