Connect with us

ទស្សនៈជីវិតមានតម្លៃ៖ អ្នកជាមនុស្សប្រភេទណា? មនុស្សពងមាន់ មនុស្សការ៉ុត ឬមនុស្សកាហ្វេ?

ជីវិត​កើត​មក​ត្រូវ​ពើប​ប្រទះ​នឹង​គ្រប់​រសជាតិ​ផ្អែម​ល្វីងជូរចត់ ​ដែលទាមទារ​នូវ​ការ​អត់ធ្មត់ខ្ពស់ បត់បែនខ្លាំង​ទៅ​តាម​កាលៈទេសៈ​ដើម្បី​រស់​បន្ត ក៏​ដូច​ជា​សម្រេច​កិច្ច​ការ​តូច​ធំ​ផ្សេងៗ។  ជា​មួយ​គ្នានោះយើងមិនអាច​ខ្វះ​បាន​ឡើយ​នូវទស្សនវិជ្ជាមួយ​ចំនួន​ដើម្បី​តម្រែតម្រង់ទិសជីវិត​ឱ្យ​មានភាព​នឹងនរ​ច្បាស់លាស់។

នេះ​ជា​កម្រងទស្សនវិជ្ជាជីវិតមួយដែលមានន័យអប់រំផ្លូវចិត្តមនុស្សផងទាំងពួងកុំឱ្យទន់ជ្រាយនិងឆាប់ចុះញ៉ម និងឧបសគ្គ។ យើងមិននិយាយទៅដល់ចំណុចណាជ្រៅៗនោះទេ តែយើងគ្រាន់តែប្រៀបធៀបមនុស្សយើងទៅនឹង ពងមាន់ ការ៉ុត និងកាហ្វេ។

១. មនុស្សពងមាន់៖

ពងមាន់​បើកាល​ណា​នៅ​ឆៅ វា​មាន​សារ​ជាតិទន់​រាវ​កក្លាក់​នៅ​ខាង​ក្នុង​ តែ​បើកាល​ណា​ត្រូវភ្លើងមានកម្ដៅ​ខ្លាំង​ហើយ នោះ​វា​នឹង​ប្រែ​ទៅ​ជាកករឹង​បន្តិច​ម្ដងៗ។

មនុស្សពងមាន់ សម្ដៅទៅមនុស្សទាំងឡាយណាដែលនៅក្នុងស្ថានភាពធម្មតាគឺ​មានអត្តចរិតទន់ភ្លន់ដូច​ស្ថានភាពពងមាន់ឆៅ តែ​បើកាលណាជួប​នឹងបញ្ហា​ធំណា​មួយ ក៏ស្រាប់​តែមិនអាចទប់អារម្មណ៍ខ្លួនឯងបាន បែរជាក្ដៅឆេវមួរម៉ៅ​បញ្ចេញកំហឹង ប្រៀប​ដូចជាពងមាន​ឡើងរឹង​ពេលត្រូវ​កម្ដៅ​ដោយគ្មាន​អ្វីអាចទប់បាន។

ហេតុ​នេះយើង​ពុំគួរធ្វើខ្លួន​ជាមនុស្សពងមាន់ទេ ដែលមាន​ន័យថា​យើង​មិនគួរប្រែចរិតពីទន់ភ្លន់ស្លូតបូត ទៅជាកាចឆេវឆាវដោយសារតែបញ្ហាឬឧបសគ្គនៅចំពោះមុខនោះទេ។

. មនុស្សការ៉ុត

ធម្មជាតិ​របស់ការ៉ុត គឺមានសភាពរឹង តែបើកាលណៅត្រូវទឹកក្ដៅហើយ វាក៏ប្រែជាផុយរលួយមួយរំពេចនិងអាចបំផ្លាញបានយ៉ាងងាយ។ មនុស្សការ៉ុតគឺមិនខុសអីពីសភាវៈការ៉ុតដែរ ពោលគឺជាមនុស្សដែលក្នុងស្ថានភាពធម្មតាគឺមានលក្ខណៈរឹងប៉ឹងក្លាហាន មិនចេះខ្លាចអ្វី តែដល់ពេលណាបញ្ហាឬឧបសគ្គធំៗចូលមកដល់ភ្លាមក៏ប្រែជាទន់ជ្រាយ ទន់ខ្សោយ ចាញ់ច្រាប បាក់កម្លាំងកំហែងនិងស្មារតីទាំងស្រុង មិនខុសអីពីការ៉ុតពេលត្រូវទឹកក្ដៅ។

ហេតុ​នេះយើងក៏ពុំគួរប្រព្រឹត្តិខ្លួនជាមនុស្សការ៉ុតដែរ ដែលមានន័យថាយើងមិនគួរមានភាពរឹងប៉ឹងតែពេលគ្មានបញ្ហា ហើយពេលជួបបញ្ហាបែរជាទន់ជ្រាយ យកជាការអីមិនកើត។

 ៣. មនុស្សកាហ្វេ៖

សារ​ជាតិរបស់កាហ្វេគឺមានក្លិនឈ្ងុយតិចៗ តែបើកាល​ណាត្រូវទឹកក្ដៅពុះគគុកហើយ ក្លិនកាហ្វេនឹងរឹងរឹតតែឈ្ងុយឈ្ងប់ខ្លាំងជាងមុនរាប់សិបដង។ ហេតុនេះមនុស្សកាហ្វេគឺជាប្រភេទមនុស្សដែលនៅពេលស្ថានភាពធម្មតា​គឺមាន​លក្ខណៈល្អប្រសើរធម្មតា តែ​នៅពេល​ដែលជួបបញ្ហា ឬឧបសគ្គកាន់តែ​ធំ នោះគេ​នឹង​រឹងរឹតតែបង្ហាញភាពរឹងប៉ឹង​និងអស្ចារ្យកាន់តែខ្លាំងដើម្បីឆ្លើយតប​នឹងបញ្ហាទាំងនោះ។

ហេតុ​នេះយើងគួររៀនសូត្រប្រព្រឹត្តិខ្លួនឱ្យដូចជាកាហ្វេ ពោលគឺនៅពេលស្ថិតក្នុងស្ថានភាពធម្មតា គឺធ្វើខ្លួនឱ្យល្អប្រសើរ ហើយបើបញ្ហាមកកាលណាគឺត្រូវធ្វើខ្លួនឱ្យកាន់តែរឹងប៉ឹងក្លាហានថែមទាំងដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះ។

ជារួមដើម្បីក្លាយជាមនុស្សប្រកបដោយគុណសម្បត្តិ យើងគួរមានភាពទន់ភ្លន់តែកុំទន់ដូចពងមាន់ដែលប្រែជារឹងឆេវឆាវពេលជួបបញ្ហា ហើយគួរមានភាពរឹងមាំតែកុំរឹងដូចការ៉ុតដែលប្រែជាទន់ជ្រាយពេលជួបបញ្ហា។ ម្យ៉ាងទៀតគួរធ្វើខ្លួនដូចកាហ្វេដែលមានសភាពឈ្ងុយឈ្ងប់ទាក់ចិត្តគេឯង ហើយពេលជួបបញ្ហាកាន់តែធំកាន់តែបង្ហាញភាពខ្លាំងរបស់ខ្លួនប្រៀបដូចកាហ្វេត្រូវទឹកកាន់តែក្ដៅកាន់តែឈ្ងុយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម