Connect with us

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែសីហា ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយសារឥទ្ធិពលព្យុះ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និង ឧតុនិយម បានអំពាវនាវ ដល់ប្រជាពលរដ្ឋមេត្ដាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសារ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែសីហា កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះ ។ ដូចនេះ ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីកូនព្យុះនេះ។

បើតាម ក្រសួងធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើអាកាសធាតុ រួចមកឃើញថា៖ ប្រព័ន្ធសម្ពាធទាបដែលកំពុងអូសកាត់លើអាងទន្លេមេគង្គ បានតភ្ជាប់នឹងវិសម្ពាធមួយ ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ នៅក្នុងប្រព័ន្ធសម្ពាធទាប មានសម្ពាធសកម្មមួយកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ សម្ពាធទាបសកម្មនេះ នឹងរំកិលខ្លួនឆ្ពោះទៅរកកោះហៃណាំ ហើយក្នុងអំឡុងពេល៣-៤ថ្ងៃ ទៀត វានឹងវិវត្តន៍ទៅជាកូនព្យុះ ស្ថិតនៅកោះហៃណាំ និងហុងកុង ។ ក្នុងពេលជាមួយគ្នានេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ឆ្នេរប្រទេសកម្ពុជា។

បើយោងតាមការព្យាករលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖ តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ជោគជាំច្រើនថ្ងៃបន្ថែមទៀត។ លើលំហសមុទ្រមានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ។ តំបន់ខ្ពង់រាប និងបណ្តាខេត្តស្ថិតតាមបណ្តោយព្រះដែនកម្ពុជា និងវៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រហូតដល់ចុងសប្តាហ៍ ។ បណ្តាខេត្តដទៃទៀត អាចនឹងមានភ្លៀងពីមធ្យមទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម