Connect with us

មតិគួរពិចារណា៖ ទោះធ្វើបុណ្យប៉ុនភ្នំធំប៉ុនមេឃ ក៏មិនអាចទូទាត់នឹងបាបតូចតាចបានដែរ!

ជីវិតកើតមានលើលោកចៀសមិនផុតពីសេចក្ដីទុក្ខ គ្រាន់តែទុក្ខច្រើនទុក្ខតិច និងយូរឬឆាប់។ មនុស្សមិនអាចគ្រប់គ្រងវាសនា តែអាចគ្រប់គ្រងសកម្មភាពដែលអាចកែកុនប៉ះប៉ូវវាសនាបាន។ សកម្មភាពមានច្រើនយ៉ាងតែបើសង្រួមមកគឺមានតែពីរប៉ុណ្ណោះគឺ អំពើ “បុណ្យ” និង “បាប”។

មនុស្សជាច្រើនជឿថាទង្វើបុណ្យនឹងឱ្យផលល្អមកវិញ ហើយទង្វើបាបនឹងផ្ដល់ផលអាក្រក់។ រឿងនេះជាសច្ចដែលមិនអាចប្រកែកបានដែលមានចែងច្បាស់ក្នុងពុទ្ធចក្រ។

តែក៏មានមនុស្សជាច្រើនជឿថា បុណ្យអាចយកទៅទូទាត់បាបបាន ដែលមានន័យថាបើជ្រុលធ្វើបាបមួយភាគ អាចធ្វើបុណ្យមួយភាគវិញដើម្បីជម្រះបាប។ តែតាមពុទ្ធចក្រ បុណ្យ និងបាប​មិន​អាច​ទូទាត់គ្នាបាន​ទេ។

បុណ្យ និង​បាប​ជា​សភាវៈ​ពីរ​ដាច់​ពីរគ្នា។ ទង្វើ​ល្អ​ដូចជាការជួយអ្នកដទៃបង្កើត​បាន​ជា​បុណ្យ​ ហើយផ្ដល់​មកវិញ​ដោយ​ផលល្អ រី​ឯទង្វើអាក្រក់​ដូច​ជា​ការ​ជាន់​ឈ្លី ​កេង​ប្រវ័ញ្ច​អ្នក​ដទៃ​បង្កើត​បាន​ជា​បាប ហើយនឹងផ្ដល់មកវិញនូវផលអាក្រក់ចៀសពុំរួច។

តាមពុទ្ធចក្រ បើយើងធ្វើទាំងល្អផងនិងអាក្រក់ផង នោះយើងនឹងទទួលបានទាំងផលល្អនិងអាក្រក់វិញ ដូចជាទឹកមួយកែវមានប្រេងនិងទឹក គឺលទ្ធផលវាមិនអាចក្លាយជាល្បាយនៃប្រេងនិងទឹកទេ គឺវានៅតែជាសារធាតុពីរមិនរលាយចូលគ្នា។

សាធុជនភាគច្រើនតែងមើលរំលងនូវក្រឹត្យក្រមនេះ ហើយតែងមិនចាប់អារម្មណ៍ធ្វើបុណ្យដោយសារមិនសូវមើលឃើញផលជាក់ស្ដែងភ្លាមៗ ហើយចូលចិត្តធ្វើបាបដោយសារបានផលចំណេញច្រើនហើយមិនឃើញទទួលបាបកម្មភ្លាមៗ។

ក្រោយធ្វើបាបគេតែងគិតថាចាំធ្វើបុណ្យលាងវិញ លុះត្រាពេលរងកម្មទើបភ្ញាក់ខ្លួនភ្លឺភ្នែក ហើយសួរថាហេតុអ្វីបុណ្យដែលខ្លួនបានសាងមិនមកជួយខ្លួនផង???

ទោះយ៉ាងណាគ្មាននរណាអាចដឹងថាពេលណាទើបបុណ្យនិងបាបឱ្យផលមក និងឱ្យផលប៉ុន្មានទេ តែអ្វីដែលច្បាស់គឺវានឹងឱ្យផលមកដោយចៀសមិនរួច (តាមពុទ្ធចក្រ អាចផ្ដល់ជាតិនេះឬជាតិមុខ ហើយបើតាមវិទ្យាសាស្ដ្រគឺឱ្យផលជាការប៉ះទង្គិចផ្លូវចិត្តដោយការធ្វើបាបនិងការសប្បាយចិត្ដដោយការធ្វើបុណ្យ) ហើយវាមិនអាចស៊ីសងគ្នាបានទេ។

បើ​យើងធ្វើបុណ្យច្រើនប៉ុនភ្នំ ឬសមុទ្រនោះនឹងទទួលបានផលល្អទាំងនោះមកវិញទៅថ្ងៃមុខឬជាតិមុខ និងសេចក្ដីសុខផ្លូវចិត្តនៅពេលនេះផ្ទាល់ តែបើធ្វើអាក្រក់ប៉ុនក្រចកនោះនឹងទទួលផលអាក្រក់ប៉ុនក្រចកមកវិញចៀសមិនផុតទោះបុណ្យប៉ុនភ្នំក៏លាងមិនជ្រះ ហើយវិបត្តិផ្លូវចិត្តនឹងអន្ទោលតាមប្រាណរហូត។

ហេតុ​នេះបើចង់ទទួលផលល្អទៅថ្ងៃមុខត្រូវធ្វើតែអំពើល្អ ដោយចៀសអំពើអាក្រក់តាមដែលអាចធ្វើបាន។ បើទោះផលនៃទង្វើល្អមកដល់ពេលខាងមុខ តែចិត្តដែលជ្រះថ្លាក្រោយធ្វើអំពើល្អវានៅជាប់នឹងយើងជានិច្ច ហើយចិត្តដែលហ្មងសៅក្រោយធ្វើអំពើបាបក៏នៅលងជាប់ខ្លួនយើងជានិច្ចដែរមុននឹងផលបាបមកដល់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម