Connect with us

ប្រទេសសឹង្ហបុរី បង្កើតដេប៉ូកុងធេន័រនៅលើដំបូលអគារដំបូងគេបង្អស់ក្នុងពិភពលោក

ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹករបស់ចិនឈ្មោះថា ខូសខូ ស៊ីពភីង (COSCO SHIPPING) បានអភិវឌ្ឍវិធីថ្មីមួយសម្រាប់សន្សំសំចៃទីធ្លា ដោយសាងសង់ដេប៉ូកុងធេន័រដែលប្លែកខុសពីគេ នៅពីលើឃ្លាំងមួយ ក្នុងប្រទេសសឹង្ហបុរី។

ឃ្លាំងទំនិញច្រកចេញចូលតែមួយ ខូរជិន របស់ក្រុមហ៊ុនចិន ខូសខូ ស៊ីពភីង (COSCO SHIPPING) គឺជាឃ្លាំងដែលមានលក្ខណៈរួមបញ្ចូលគ្នាដ៏ធំបំផុតមួយ នៅប្រទេសសឹង្ហបុរី។ ដោយផ្អែកលើរចនាបទដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុន ខូរជិន ឃ្លាំងនេះគឺជាដេប៉ូកុងធេន័រដំបូងគេបង្អស់និងមានតែមួយគត់ក្នុងពិភពលោក ដោយមានទីតាំងនៅពីលើដំបូលអគារ កម្ពស់ជាង៥០ម៉ែតពីដី។

ដេប៉ូនេះ មានសមត្ថភាពផ្ទុកដ៏ធំ ដែលអាចដាក់កុងធេន័រកម្ពស់៤ម៉ែតកន្លះ គរលើគ្នាបាន។ ឃ្លាំងផ្ទុកទំនិញនេះ មានទីតាំងនៅក្បែរមហាវិថីសំខាន់ៗរបស់សឹង្ហបុរី ដែលសម្រួលដល់ការដឹកជញ្ជូនទៅកាន់កំពង់ផែ។

លោក គូ ជីងសុង នាយកក្រុមហ៊ុន COSCO SHIPPING International ប្រចាំសឹង្ហបុរី បាននិយាយថា “ទំហំដីនៅប្រទេសសឹង្ហបុរី គឺមានកម្រិត ដូច្នេះវិធីដ៏មានប្រសិទ្ធភាពរបស់យើង បានទទួលការគាំទ្រយ៉ាងខ្លាំង ពីរដ្ឋាភិបាលសឹង្ហបុរី។ មែនទែនទៅ ឃ្លាំងទំនិញច្រកចេញចូលតែមួយនេះ មិនស៊ីទីធ្លាអ្វីនោះទេ ពីព្រោះវាមានទីតាំងនៅពីលើដំបូងឃ្លាំងតែម្តង។ វាជួយសន្សំទាំងថវិកានិងពេលវេលា នៃការដឹកជញ្ជូនកុងធេន័រ។”

ក្រុមហ៊ុន ខូសខូ ក៏ជាម្ចាស់កប៉ាល់ដឹកកុងធេន័រដ៏ធំរបស់ចិនឈ្មោះថា ខូសខូ នេឌ័រលែន (COSCO NETHERLANDS) ផងដែរ ដែលបានចូលចតនៅឯកំពង់ផែសឹង្ហបុរី កាលពីថ្ងៃច័ន្ទកន្លងទៅ។

គេរំពឹងថា ក្រុមហ៊ុនដឹកជញ្ជូនកាន់តែច្រើនដូចជាក្រុមហ៊ុន ខូសខូ នឹងបង្កើតប្រព័ន្ធដឹកជញ្ជូនគ្រប់ជ្រុងជ្រោយជាច្រើន នាពេលអនាគត ឱ្យស្របទៅតាមចក្ខុវិស័យផ្លូវទឹករបស់ប្រទេសចិន ដែលមានបំណងចង់កសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្មដ៏រឹងមាំមួយ ដែលតភ្ជាប់ទ្វីបអាស៊ី ជាមួយទ្វីបអ៊ឺរ៉ុបនិងទ្វីបអាហ្វ្រិក ដែលស្ថិតនៅតាមបណ្តោយផ្លូវពាណិជ្ជកម្មបុរាណ និងដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរួមគ្នា សម្រាប់បណ្តាប្រទេសដែលពាក់ព័ន្ធទាំងអស់៕

  

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម