Connect with us

ម៉ាក់ប៉ា​កុំ​ចេះតែ​បណ្ដោយ​!​ ​ឲ្យ​កូន​ម៉ឹម​រហូតដល់​ធំ​ពេក​ ​ដូច​ធ្វើបាប​កូន​ទៅវិញ​

ម៉ាក់ប៉ាមួយចំនួនព្រោះស្រលាញ់ពេក ចេះតែបណ្ដោយតាមចិត្តចង់របស់កូន ដោយឲ្យបន្តម៉ឹមទឹកដោះគោ រហូតដល់អាយុ ៤- ៥ ឆ្នាំ។ ប៉ុន្តែទង្វើបែបនោះ អាចជាការធ្វើបាបកូនទៅវិញទេ ព្រោះក្មេងៗអាចកើតមានបញ្ហាជាច្រើន។

លោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ នៃមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងថា គោលការណ៍នៃការបំបៅទឹកដោះ ឬបៅទឹកដោះគោត្រឹមរយៈពេល ២-៣ ឆ្នាំប៉ុណ្ណោះ តែសម្រាប់ម៉ាក់ប៉ាណាឲ្យកូនបៅរហូតដល់ធំពេក ត្បិតមិនប៉ះពាល់ចំពោះសុខភាព តែអាចឲ្យកូនជួបបញ្ហាការទំពា ព្រោះពួកគេទម្លាប់នឹងការបឺតជញ្ជក់ក្បាលដោះច្រើនជាង។

ក្រៅពីមិនសូវចេះទំពា កុមារក៏នៅប្រឈមនឹងបញ្ហាសំខាន់មួយទៀត គឺការរើសចំណី បន្លែផ្លែឈើដែលល្អចំពោះសុខភាព ដូចនេះពេលមានជំងឺអាចពិបាកព្យាបាលជាងកុមារមានប្រព័ន្ធភាពសាំក្នុងរាងកាយល្អដោយសារជីវជាតិចម្រុះ។ វេជ្ជបណ្ឌិត បានបន្តថា៖“កុមារពេលចូលដល់វ័យប៉ុណ្ណេះហើយ នឹងត្រូវការសារធាតុចិញ្ចឹមដទៃទៀត ទើបអាចទ្រទ្រង់រាងកាយឲ្យមាំមួនបាន ប្រសិនបើពឹងលើទឹកដោះគោមួយមុខ ពិតជាមិនគ្រប់គ្រាន់ឡើយ។

ម៉្យាងវិញទៀត កូនៗដែលម៉ឹមច្រើនអាចបាត់បង់ចំណង់អាហារ ហើយផ្ដោតចំពោះទឹកដោះមួយមុខ”។ កត្តាធ្វើឲ្យម៉ាក់ប៉ាមួយចំនួនចេះតែបណ្ដោយឲ្យកូនម៉ឹម ព្រោះការឆុងទឹកដោះគោ ឬម៉ឹមដោះ មានភាពងាយស្រួល និងមិនហត់ ខណៈដែលការឲ្យកូនញ៉ាំត្រូវចំណាយពេល និងហត់នឿយរត់តាមបញ្ចុក។ លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់។

នៅពេលកូនជួបបញ្ហារើសអាហារតើប៉ាម៉ាក់គួរធ្វើបែបណា? ដើម្បីឲ្យកូនចេះញ៉ាំចំណីចំណុកគ្រប់ប្រភេទ គួរតែព្យាយាមបង្រៀនដោយអនុវត្តជាមួយកូនផ្ទាល់ៗ។ ឧទាហរណ៍ បើអ្នកចង់ឲ្យកូនចេះញ៉ាំប៉ោម យើងត្រូវញ៉ាំជាមួយ ដើម្បីឲ្យកូនមើល ពេលកូនឃើញ កូននឹងចង់ញ៉ាំតាមយើង តែមិនត្រូវបង្ខំឡើយ ព្រោះកូននឹងខ្លាច៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com