Connect with us

អ្នកបកប្រែ​សៀវភៅ​រឿង​មហាភារតៈ និង រឿងរាមាយណៈទទួលមរណភាព​

ភ្នំពេញ៖ លោក ធន់ ហ៊ិ​ន ជា​អ្នកបកប្រែ​សៀវភៅ​រឿង មហាភារតៈ និង​ រឿងរាមាយណៈបានទទួល​មរណភាព នៅ​ម៉ោង​៣​ និង​៤០​នាទី​រសៀល ថ្ងៃទី​៧​មិថុនា ឆ្នាំ​២០១៩ ក្នុង​អាយុ​៧៤​ឆ្នាំ ដោយ​រោគាពាធ​។

កើតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ លោក ធន់ ហ៊ិន មានស្រុកកំណើតនៅឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវដែលមានដំណើរជីវិតជាកូនកសិករដែលបានតស៊ូរៀនសូត្រជោគជ័យរហូតក្លាយជាសាស្ត្រាចារ្យភាសាបារាំង និងក្រោយមកក្លាយជាមន្ត្រីការទូតនៅតាមបណ្តាប្រទេសមួយចំនួនផងគឺមិនមែនជារឿងងាយស្រួលនោះឡើយដោយសារការតស៊ូព្យាយាមរហូតទទួលបានបណ្ណសរសើរជាសិស្សឆ្នើមផ្នែកភាសាបារាំងផងនោះ អតីតគ្រូភាសាបារាំង និងជាអតីតមន្ត្រីការទូតរូបនេះមានប្រសាសន៍ថា លោកបានចូលរៀននៅសាលាបឋមសិក្សាបំពេញវិជ្ជាអង្គការនៅពេលលោកមានអាយុ៧ឆ្នាំ និងក្រោយមកចូលរៀនបន្តថ្នាក់មធ្យមសិក្សានៅវិទ្យាល័យព្រះឧទ័យ ក្រុងដូនកែវ។

លុះដល់ពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ លោកបានប្រឡងជាប់ជាគ្រូបង្រៀននៅសាលាបឋមសិក្សាបំពេញវិជ្ជា។ នៅឆ្នាំ១៩៧១ លោកបានប្រឡងជាប់ជាគ្រូបង្រៀនមធ្យមសិក្សាបឋមភូមិ ផ្នែកភាសាបារាំង ហើយនៅចន្លោះឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៥ លោក ធន់ ហ៊ិន បានធ្វើជាគ្រូបង្រៀនភាសាបារាំងនៅវិទ្យាល័យសន្តិភាពក្នុងខេត្តកំពង់ស្ពឺ។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី សេរី វុទ្ធី នៅឆ្នាំ១៩៨១ និងទទួលបានកូនស្រីម្នាក់ប៉ុណ្ណោះ។ ក្រៅពីបទពិសោធន៍ជាគ្រូបង្រៀនភាសាបារាំងនិងមន្ត្រីការទូត លោកបានចំណាយពេលជាច្រើនលើការងារស្រាវជ្រាវអក្សរសាស្ត្រខ្មែរនិងវប្បធម៌អរិយធម៌ឥណ្ឌា–ខ្មែរ។ អត្ថបទជាច្រើនដែលជាស្នាដៃប្រែសម្រួលរៀបរៀងឡើងវិញនិងតែងនិពន្ធរបស់ លោក ធន់ ហ៊ិន រួមមានរឿងរាមាយណៈដែលមាន៩ភាគ សៀវភៅស្តីពីការប្រើរាជសព្ទក្នុងភាសាខែ្មរ សៀវភៅនិយាយពីវេយ្យាករណ៍ខ្មែរ សៀវភៅសាស្ត្រា ផ្គរផ្តាំក្តាម អត្ថបទពុទ្ធទំនាយ និងឥន្ទទំនាយ។  ក្នុងវិស័យអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ លោកគ្រូបានបន្សល់ទុកស្នាដៃជាច្រើន ហើយក្នុងនោះមានស្នាដៃបកប្រែធំចំនួនពីរគឺ:
១-រឿងរាមាយណៈ
២-រឿងមហាភារតៈសង្ខេប

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម