Connect with us

ប្រទេសចិន កំពុងជួយបង្ហាត់កសិករនៅទ្វីបអាហ្វ្រិក ពីវិធីធ្វើកសិកម្មបែបទំនើប

ចាប់តាំងពីឆ្នាំ ២០០៦មក ប្រទេសចិនបានបង្កើតមជ្ឈមណ្ឌលបង្ហាត់បង្ហាញជំនាញកសិកម្មច្រើនជាង ២០កន្លែងទូទាំងទ្វីបអាហ្វ្រិក ដើម្បីធ្វើការបង្រៀនកសិករក្នុងស្រុកនិងផ្ទេរបច្ចេកវិទ្យាទៅកាន់ទ្វីបនោះ។ ក្នុងនោះមានមជ្ឈមណ្ឌលមួយត្រូវបានសាងសង់ឡើងនៅប្រទេស តូហ្គោ (Togo) ដែលដើរតួនាទីដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិវិស័យកសិកម្ម រវាងចិននិងទ្វីបអាហ្វ្រិក ពីព្រោះមណ្ឌលនេះបានធ្វើឱ្យបច្ចេកទេសធ្វើកសិកម្មក្នុងប្រទេសនេះ រីកចម្រើនឈានឡើងមួយកម្រិតទៀត។

លោក ស៊ីម៉ាឡា ស៊ីនដា វីឌីកា គឺជាកសិករម្នាក់ដែលបានបោះបង់ចោលការងារជាជាងសំណង់ ហើយងាកមកធ្វើការក្នុងមជ្ឈមណ្ឌលបង្ហាត់បង្ហាញកសិកម្ម ឡូមេ (Lome) វិញ។
ដោយសាងសង់រួចក្នុងឆ្នាំ ២០១០ មជ្ឈមណ្ឌលនេះគ្របដណ្តប់លើដីទំហំ ១០ហិចតា។ ក្នុងនោះ៨ហិចតា ជាដីសម្រាប់ធ្វើស្រែ។
លោក ស៊ីម៉ាឡា ស៊ីនដា វីឌីកា អ្នកបច្ចេកទេស មជ្ឈមណ្ឌលបង្ហាត់បង្ហាញកសិកម្ម ឡូមេ (Lome) បាននិយាយថា ៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលអាចធ្វើការនៅទីនេះរហូតដល់សព្វថ្ងៃ។ ខ្ញុំបានរៀនចេះយ៉ាងច្បាស់នូវបច្ចេកទេសដាំស្រូវ ពោត និងដំណាំជាច្រើនផ្សេងទៀត។ ទោះជាខ្ញុំបាត់បង់ការងារក៏ដោយ ក៏ខ្ញុំនៅតែអាចដាំដំណាំនៅផ្ទះបាន ដោយមិនដាច់បាយទេ។ មនុស្សជាច្រើននៅប្រទេសតូហ្គោនេះ មិនទាន់យល់ពីសារៈសំខាន់នៃជំនាញបច្ចេកទេសនេះទេ។»
គម្រោងនេះមានបំណងចង់ផ្តល់ឲ្យកសិករនៅប្រទេសតូហ្គោទាំងអស់នូវបច្ចេកទេសធ្វើកសិកម្មបែបទំនើប។
លោក ហ័ង ឆាយលី ប្រធានការិយាល័យឡូមេនៃក្រុមហ៊ុន Zhongmei Engineering Group Ltd បានលើកឡើង ថា «ពួកយើងមកទីនេះជាមួយនឹងគំនិតថ្មីនៃការធ្វើកសិកម្ម។ ប្រជាជនក្នុងស្រុកនៅតែបន្តធ្វើកសិកម្មបែបដំណាំព្រៃដុត មុនពេលដែលពួកយើងមកដល់។ ប៉ុន្តែឥឡូវ បន្ទាប់ពីមានការបង្រៀនត្រឹមត្រូវមក កសិករនៅទីនេះបានទទួលជំនាញដាំដំណាំដ៏មានប្រសិទ្ធភាពនិងទទួលបានទិន្នផលខ្ពស់។»
ស្រូវដែលបានដាំនៅឯមជ្ឈមណ្ឌល ទទួលបានទិន្នផលច្រើនជាងយ៉ាងហោចណាស់ក៏៣ដងដែរ បើធៀបនឹងទិន្នផលស្រូវដែលដាំដោយកសិករធម្មតា ក្នុងករណីដីទាំងពីរនោះមានជីវជាតិស្មើគ្នា។ រូបមន្តសំខាន់ដែលនាំឱ្យជោគជ័យ គឺការថែទាំដីឱ្យបានត្រឹមត្រូវ។
លោក ហ័ង ឆាយលី បានបន្ថែមថា «យើងនឹងសាងសង់សួនឧស្សាហកម្មកសិកម្មដើម្បីបញ្ចូលជំនាញកសិកម្មនិងការគ្រប់គ្រងកសិដ្ឋានបន្ថែមទៀត។ ជាឧទាហរណ៍ យើងមិនត្រូវដាំស្រូវឱ្យគៀកគ្នាពេកនោះទេ។ ប៉ុន្តែកសិករភាគច្រើននៅទីនេះ ហាក់ដូចជាមិនអើពើនឹងចំនុចនេះសោះ។ ក្រៅពីនេះ តំបន់នេះក៏ខ្វះប្រព័ន្ធធារាសាស្ត្រទៀតផង ជាពិសេសគឺនៅរដូវប្រាំងតែម្តង។»
លោក ហ័ង សប្បាយចិត្តដែលប្រជាជននៅទីនេះយកតិចនិចដាំដុះរបស់គាត់ទៅប្រើប្រាស់ ហើយរដ្ឋាភិបាលតូហ្គោ ក៏បន្តបញ្ជូនសិក្ខាកាមមកកាន់មជ្ឈមណ្ឌល ដើម្បីរៀនសូត្របន្ថែមទៀតផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម