Connect with us

ការ​តវ៉ា​នៅ​ហុងកុង​បាន​រំសាយ​ ​តែ​បាតុករ​មិន​ភ្លេច​ ​នាំគ្នា​ប្រមូល​សំរាម​ទេ​

​ហុងកុង​៖​ ​ចាប់ពី​ចុង​សប្ដាហ៍​កន្លងទៅ​ ​មកទល់​ថ្ងៃទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ទីក្រុង​ហុងកុង​ ​បាន​វឹកវរ​ ​ដោយសារ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋបាល​ហុងកុង​ ​ដែល​គ្រោង​ចេញច្បាប់​បត្យាប័ន​ថ្មី​ជាមួយ​ទីក្រុង​ប៉េកាំង​។​ ​ការ​តវ៉ា​នេះ​ ​បាន​បង្ក​ជា​អំពើ​ហិង្សា​ ​ដោយ​កម្លាំង​សន្តិសុខ​ ​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​គ្រាប់​ជ័រ​-​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ ​និង​ដំបង​ ​ជាដើម​ ​ដើម្បី​ទប់ទល់​នឹង​បាតុករ​ដែល​ប្រើប្រាស់​ដប​ទឹក​ ​និង​របស់​របរ​ផ្សេង​ៗ​ ​គប់​មក​លើ​សមត្ថកិច្ច​។​

​ជាមួយគ្នា​នេះ​ ​ការ​តវ៉ា​ ​ដែល​មាន​អ្នកចូលរួម​ប្រហែល​ ​១លាន​នាក់​ ​បាន​បន្សល់ទុក​នូវ​សំរាម​ពាសវាលពាសកាល​ ​នៅ​បរិវេណ​រដ្ឋសភា​ហុងកុង​ ​ដែល​មានការ​ប្រមូលផ្ដុំ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​។​ ​នៅ​ព្រឹក​ថ្ងៃទី១៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រោយ​ការរំសាយ​គ្នីគ្នា​ស្ទើរ១០០ភាគរយ​ ​គេ​សង្កេតឃើញ​ ​ក្រុម​អ្នក​តវ៉ា​មួយចំនួន​ ​បាន​នាំគ្នា​ត្រឡប់​មក​ទីតាំង​នោះ​វិញ​ ​ដើម្បី​ប្រមូល​សំរាម​ ​ជាមួយ​និង​រថយន្ត​ប្រមូល​សំរាម​ផង​ដែរ​។​

​ស្ត្រី​ ​២៤ឆ្នាំ​ម្នាក់​ ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ​ទោះបីជា​មានការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ ​ដែល​បណ្ដាល​ឱ្យ​សំរាម​ពង្រាយ​ពាសវាលពាសកាល​ក្ដី​ ​ក៏​ពួកគេ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​ ​ដោយ​ជួយគ្នា​ធ្វើការ​ប្រមូល​សំរាម​។​

​សូមជម្រាប​ថា​ ​សភា​ហុងកុង​ ​បាន​សម្រច​ផ្អាក​ការ​អនុម័ត​ច្បាប់​ស្ដីពី​បត្យាប័ន​ថ្មី​ ​ដែល​ទទួលការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រជាជន​នៅ​ទីក្រុង​ហុងកុង​ ​ដោយ​ពួកគេ​អះអាង​ថា​ ​ច្បាប់​នេះ​ ​បើកផ្លូវ​ឱ្យ​ទីក្រុង​ប៉េកាំង​ ​នាំ​ខ្លួន​ប្រជាជន​នៅ​ហុងកុង​ ​ទៅកាន់​ចិនដីគោក​បាន​៕​

 

​ប្រភព​៖​ ​Coconuts​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម