យុវវ័យត្រូវដឹង៖ កំហុសទាំង ៤ ដែលបង្កើតជាវិប្បដិសារីពេលយើង
យុវភាពជាវ័យដ៏ស្រស់បំព្រងមួយដែលគួរឱ្យចងចាំ អាចថាជាវ័យសប្បាយបំផុតក្នុងជីវិតមនុស្ស តែបើសិនជាខ្វះការប្រុងប្រយ័ត្ន បណ្ដោយខ្លួនឱ្យការសប្បាយភ្លើតភ្លើនអូសទាញ នោះយើងអាចជួបវិប្បដិសារីអស់មួយជីវិត ខាងក្រោមជាកំហុសទាំង ៤ ធំៗដែលយុវជន យុវនារីត្រូវចៀសឱ្យឆ្ងាយ ឬចាប់ផ្ដើមកាត់បន្ថយនិងលុបបំបាត់៖
១ ចាយវាយខ្ជះខ្ជាយ៖
ពិតណាស់ជាយុវវ័យខ្លួនមួយ យើងមិនចាំបាច់ចិញ្ចឹមនរណាទេ ហើយអ្នកខ្លះថែមទាំងយកលុយឪពុកម្ដាយចាយផង។ តែទោះបីយើងរកលុយខ្លួនឯងហើយចាយលុយខ្លួនឯង ឬយកលុយឪពុកម្ដាយចាយក្ដី គួរបង្កើតទម្លាប់ចេះសន្សំសំចៃពីឥលូវ ហើយចាយតែលើអ្វីចាំបាច់ ដើម្បីសន្សំលុយរៀបចំផែនការអនាគត។
បើមិនទាន់ចេះរកលុយ យ៉ាងហោចក៏ចេះសន្សំលុយដែលបានពីឪពុកម្ដាយដែរ។ បើចាំពេលមានគ្រួសារខ្លួនឯងទើបគិត នោះប្រាកដជាស្ដាយក្រោយធំហើយ។
២ ស្លាប់រស់នឹងស្នេហា៖
ការមានស្នេហាមិនជាការខុសឆ្គងទេ ព្រោះវាជារឿងធម្មជាតិដែលមនុស្សមិនអាចគេចផុត។ បើមានស្នេហាហើយចេះថែរក្សា និងស្រឡាញ់គ្នាជាមួយមនុស្សត្រឹមត្រូវសម្រាប់យើងនោះពិតជាល្អហើយ។ តែបើស្នេហានោះវាទាមទារពេលវេលា និងកម្លាំងកាយចិត្តយើងច្រើនលើសលុបរហូតមិនអាចផ្ដោតលើការងារ និងការសិក្សាបាន នោះវាជាបញ្ហាមួយដែលអាចប៉ះពាល់អនាគតយើងហើយ។
ម្យ៉ាងទៀតបើសិនជាការបែកបាក់ស្នេហាអាចធ្វើឱ្យយើងទន់ដៃទន់ជើងធ្វើអ្វីមិនកើត និងបំផ្លាញសេចក្ដីសុខយើងរយៈពេលយូរដោយកាត់ចិត្តមិនបាននោះ ទៅថ្ងៃមុខយើងនឹងនឹកស្ដាយក្រោយពីពេលវេលាដ៏ឈឺចាប់ដែលយើងខ្ជះខ្ជាយនៅពេលនេះ។
៣ មិនចេះបែងចែករឿងណាសំខាន់ជាងរឿងណា៖
យុវវ័យភាគច្រើនសុទ្ធតែមានចំណង់ចង់សប្បាយដូចគ្នា តែហេតុអ្វីអ្នកខ្លះអាចសប្បាយបានហើយអាចជោគជ័យក្នុងជីវិតការងារ និងសិក្សា ខណៈអ្នកខ្លះអាចបានតែសប្បាយតែត្រូវខូចអនាគត? នោះគឺដោយសារតែសមត្ថភាពនៃការបែងចែកភាពសំខាន់។ យុវវ័យដែលជោគជ័យ មិនមែនគេមិនចូលចិត្តសប្បាយទេ តែគេសប្បាយមានកម្រិត ដោយគេផ្ដល់អាទិភាពដល់ការងារ និងការសិក្សាសិន ហើយការសប្បាយផ្សេងៗគឺអាចធ្វើបានដរាបណាបំពេញការងារចប់រួចរាល់ និងសប្បាយក្នុងរឿងដែលសង្គមទទួលស្គាល់ និងមិនប៉ះពាល់អ្នកដទៃ។
៤ រវល់តែខ្វល់ច្រណែននឹងអ្នកដទៃ៖
ក្នុងយុវភាព យើងតែចូលចិត្តប្រៀបធៀបខ្លួននឹងមិត្តភក្ដិនិងអ្នកមានអាយុស្របាលគ្នា ហើយតែងឆ្ងល់ថា ម៉េ់ចគេស្អាតជាខ្លួន? ម៉េចគេរៀនពូកែជាងខ្លួន? ម៉េចគេមានសង្សារមុនខ្លួន? ម៉េចគេមានការងារល្អជាងខ្លួន?
ការឆ្ងល់យ៉ាងនេះវាមិនខុសទេ តែបើគ្រាន់តែឆ្ងល់ក៏វាគ្មានប្រយោជន៍អ្វីដែរ។ ជំនួសឱ្យការច្រណែនគេ ហើយមានគំនិតឈ្នានីសគេ យកល្អយើងគួរអបអរសាទរគេ ផ្ដោតលើអ្វីដែលយើងអាចរៀនសូត្របានពីគេ ហើយចាប់ផ្ដើមពង្រឹងខ្លួនឯងឱ្យកាន់តែប្រសើរវិញ។
ត្រូវចាំថាការទាញអ្នកដទៃឱ្យចុះមកក្រោម មិនអាចរុញយើងឱ្យឡើងទៅលើទេ! ហេតុនេះបើគេនៅលើស្រាប់ ហើយយើងចង់ទៅលើដែរ ហេតុអ្វីមិនរៀនពីបទពិសោធន៍គេធ្វើម៉េចគេអាចទៅលើបាន ហើយព្យាយាមឡើងទៅដែរទៅ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍