Connect with us

យុវជនម្នាក់ ចេញគម្រោងផ្ទះឫស្សីតម្លៃទាបបំផុត និងឈ្នះពានរង្វាន់អន្តរជាតិ

ហ្វីលីពីន៖ យុវជនម្នាក់នៅប្រទេសហ្វីលីពីន បានធ្វើការច្នៃប្រឌិត ដោយប្រើប្រាស់ឫស្សី ធ្វើជាលំនៅឋាន ដែលឈ្នះពានរង្វាន់លំដាប់អន្តរជាតិ ចំពោះការរចនា ស្របពេលហ្វីលីពីន កំពុងជួបប្រទះនឹងវិបត្តិតម្លៃផ្ទះឡើងខ្ពស់។

យុវជននោះ មានឈ្មោះថា Earl Forlales អាយុ ២៣ឆ្នាំ បានឈ្នះពានរង្វាន់ពីវិទ្យាស្ថាន Royal Institute of Chartered Surveyors (RICS) ។ រូបគេ ទទួលបានប្រាក់រង្វាន់ជិត ៦៤០០០ ដុល្លារអាមេរិកសម្រាប់គម្រោងគំរូ។

ផ្ទះឫស្សីនេះ ត្រូវបានឱ្យឈ្មោះថា CUBO ដែលធ្វើឡើងពីឫស្សីទាំងស្រុង ដោយក្នុង១ម៉ែត្រការ៉េ គេចំណាយអស់ប្រហែល ៧៥ដុល្លារអាមេរិកតែប៉ុណ្ណោះ។ គេប្រើប្រាស់ពេលត្រឹមតែ ១សប្ដាហ៍ប៉ុណ្ណោះ ដើម្បីសាងសង់វាឡើង ឱ្យរួចរាល់ជាស្ថាពរ។ ចំណែកផ្នែកខាងក្នុង ផ្ទះនេះអាចកាត់បន្ថយកម្ដៅយ៉ាងមានប្រសិទ្ធភាព។

លោក John Hughes ប្រធាន RICS និងជាគណៈកម្មការវាយតម្លៃ បានផ្ដល់រង្វាន់ជូនដល់យុវជនខាងលើ។ លោកបានចាត់ទុកផ្ទះឫស្សីនេះ ជាគំនិតដ៏សាមញ្ញមួយ តែអាចដោះស្រាយបញ្ហាផ្ទះអនាធិបតេយ្យ ដែលកំពុងកើនឡើងនៅលើសាកលលោក។

នៅទីក្រុងម៉ានីល មានប្រជាជន ១២លាននាក់ ក្នុងនោះ ១ភាគ៣ រស់នៅតំបន់អនាធិបតេយ្យ។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ទីក្រុងមួយនេះ រំពឹងនឹងទទួលជនអន្តោប្រវេសន៍ ២,៥លាននាក់ទៀត មកធ្វើការនៅទីនោះ។ កាលពីឆ្នាំ២០១៨ អាជ្ញាធរលំនៅឋានហ្វីលីពីន បានដាក់ចេញផែនការសាងសង់ផ្ទះ ៨០ម៉ឺនខ្នងក្នុងរយៈពេល ៥ឆ្នាំ៕

ប្រភព៖ World Economic Forum

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម