Connect with us

អ្នកចាំទី Marc-Andre ter Stegen សង្រ្គោះបាល់ពិន័យ១១ម៉ែត្រចុងម៉ោង ជួយអោយ Barcelona ផ្តួល Sevilla ក្រសោបយកជើងឯក ពានរង្វាន់ Spanish Super Cup ជាលើកទី១៣

ក្រុមអ្នកមានបុណ្យ FC Barcelona បានក្រសោបយកជើងឯកពានរង្វាន់មុនបើករដូវកាល Spanish Super Cup ជាលើកទី១៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈជ័យជំនះលើ Sevilla ដោយលទ្ធផល ២-១។ ការប្រកួតនេះគឺដំណើរការ នាទីក្រុង Tangier ប្រទេសម៉ារ៉ុក ហើយគេមើលឃើញថា ក្រុមទាំងសងខាងពិតជាប្រឹងប្រែង ដាក់សម្ពាធទៅលើគ្នាមែនទែន ដើម្បីរកគ្រាប់បាល់ពីសំណាញ់ទីរៀងខ្លួន។ នៅនាទី៩ គ្រាប់បើកឆាកបានកើតឡើង ដោយ កីឡាករ Pablo Sarabia ជាអ្នកទាត់បញ្ចូលទី ជួយអោយ Sevilla នាំមុខមុន១គ្រាប់។

យ៉ាងណាក្តី គ្រាប់បាល់តាមស្មើរបស់ Gerard Pique នៅនាទី៤២ បានធ្វើអោយគ្រូបង្វឹក Ernesto Valverde ស្រួលចិត្តឡើងវិញ។ នាទី៧៨ ក្រុមអ្នកមានបុណ្យបាននាំមុខវិញ ដោយការស៊ុត១ជើង ពីក្រៅប្រអប់យ៉ាងស្អាតរបស់ Ousmane Dembele។ ដល់ចុងម៉ោង នាទី៩០+១ អ្នកចាំទី Marc-Andre ter Stegen បានបង្កកំហុសលើ កីឡាករ Aleix Vidal នាំអោយ Sevilla ទទួលបានបាល់ពិន័យ១១ម៉ែត្រ។

ខ្សែប្រយុទ្ធ Wissam Ben Yedder ជាអ្នកទទួលភារៈទាត់បាល់ពិន័យនេះ តែមិនសម្រេចឡើយ ព្រោះ អ្នកចាំទី Ter Stegen មិន អោយបាល់របូតពីដៃខ្លួនទេ ទើបចុងក្រោយ Barcelona ទទួលជ័យជំនះយ៉ាងរីករាយ។ ក្រោយចប់ការប្រកួតនេះ ក្រុមទាំង២ នឹងបន្តត្រៀមខ្លួន ចូលរួមការប្រកួតពានរង្វាន់ La Liga រដូវកាលថ្មីវិញម្តង ដោយ Barcelona បើកឆាកប៉ះ Alaves រីឯ Sevilla ត្រូវជួប Rayo Vallecano នៅថ្ងៃទី១៨ ខែសីហា ខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម