តើទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ អាចកើនដល់ ១៥ប៊ីលានដុល្លារទេ នៅឆ្នាំ ២០២០?
ភ្នំពេញ÷ មន្ត្រីជំនាញក្រសួងពាណិជ្ជកម្មបារម្ភថា ទិសដៅបង្កើនទំហំពាណិជ្ជកម្មដែលរដ្ឋាភិបាលកម្ពុជា និងថៃ បានប្តេជ្ញាថាជំរុញឲ្យកើនដល់ ១៥ប៊ីលានដុល្លារ នៅឆ្នាំ ២០២០ នឹងមិនអាចសម្រេចទៅតាមការគ្រោងទុកឡើយ ខណៈដែលការដឹកជញ្ជូនទំនិញចេញចូលរបស់កម្ពុជាឆ្លងកាត់ព្រំដែនថៃនៅតែប្រឈមបញ្ហា ក្នុងនោះរួមបញ្ចូលទាំងផលិតផលកសិកម្មផងដែរ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី៣ នៃគណៈរដ្ឋមន្ត្រីចម្រុះ កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ គឺបានដាក់ចេញនូវគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១៥ប៊ីលានដុល្លារ ត្រឹមឆ្នាំ ២០២០។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យសម្រេចទៅតាមទិសដៅកំណត់ កម្ពុជា បានស្នើឲ្យភាគីថៃពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើទំនិញឆ្លងកាត់ព្រំដែន និងអនុញ្ញាតជម្រុញឱ្យចុះហត្ថលេខាលើ MOU ដើម្បីឱ្យមានការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមគ្រប់ច្រក។
បន្ថែមពីលើនេះ កម្ពុជា ក៏បានស្នើបន្ថែមកូតាអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ពី ១៥០ ទៅ៣០០ និងទៅ៥០០ ជាដំណាក់កាល និងសម្របសម្រួលនីតិវិធីក្នុងការនាំចូលទំនិញកសិកម្មពីកម្ពុជាទៅថៃ ចៀសវាងការដាក់ចេញនូវឧបសគ្គនានា ដែលធ្វើឱ្យកម្ពុជា-ថៃ ពុំអាចសម្រេចគោលដៅពាណិជ្ជកម្មដែលបានកំណត់។
ឯកឧត្តមលើកឡើងទៀតថា យើងបារម្ភដែរចំពោះការកំណត់ទិសដៅបង្កើនទំហំពាណិជ្ជកម្មនេះ ហើយវាអាចនឹងមិនសម្រេចតាមការគ្រោងទុក ប្រសិនបើភាគីទាំងពីរមិនអាចដោះស្រា យបញ្ហាទាំងនេះបានទាន់ពេលវេលាទេនោះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបន្ថែមថា កន្លងមកក្រសួងពាណិជ្ជកម្មបានពិភាក្សាច្រើនលើកច្រើនសារហើយជាមួយភាគីថៃ ដើម្បីឲ្យពួកគេបង្កើនការទិញទំនិញពីកម្ពុជាឲ្យបានច្រើន ជាពិសេសផលិតផលកសិកម្ម ដោយមិនកំណត់កូតា ព្រមទាំងមិនបង្កភាពស្មុគស្មាញក្នុងការនាំចេញនូវគ្រប់រដូវប្រមូលផលកសិកម្ម។
គួរបញ្ជាក់ថា កម្ពុជា និងថៃបានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលកិច្ចការនេះបានជួយសម្រួលក្នុងការវិយោគ និងធ្វើពាណិ ជ្ជកម្ម ដោយមិនតម្រូវឱ្យបង់ពន្ធនៅប្រទេសថៃទៀតទេ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់តាមព្រំដែន តម្លើងថ្នាក់ព្រំដែន ដូចជាចុះហត្ថលេខាលើ MOUs ជាច្រើន ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
តាមទិន្នន័យ នៃការនាំចេញទំនិញពីថៃមកកម្ពុជា ក្នុងរយៈពេល៤ខែ ដើមឆ្នំា២០១៨នេះ គិតជាទឹកប្រាក់មានចំនួន ២១៣៣លានដុល្លារ កើនឡើងជាង ២៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០១៧។ ក្នុងនោះកម្ពុជានាំទំនិញ ទៅលក់នៅថៃវិញ មានទឹកប្រាក់ចំនួន ៣៤១លានដុល្លារ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍