Connect with us

អ្នកគ្រប់គ្រង បណ្តេញបុគ្គលិកម្នាក់ពីការងារ ក្រោយតបសារដោយប្រើសញ្ញា អូខេ

ប្រទេសចិន៖ បុគ្គលិកធ្វើការនៅក្នុងបារមួយកន្លែង នៅប្រទេសចិន ត្រូវបានបណ្តេញចេញ ក្រោយប្រើសញ្ញា អូខេ ដើម្បីតបសារទៅអ្នកគ្រប់គ្រង ព្រោះលោក គិតថាវា ជាឥរិយាបថមើលងាយ ហើយលោក ក៏បានឱ្យបុគ្គលិកម្នាក់នោះ ទាក់ទងទៅផ្នែកធនធានមនុស្ស ដើម្បីយកពាក្យលាឈប់។

បុគ្គលិកម្នាក់នោះ បាននិយាយថា នាងបានធ្វើការនៅទីនោះច្រើនឆ្នាំមកហើយ នេះជាលើកទីមួយដែលនាងមានកំហុស។ ចំណែក មិត្តរួមការងាររបស់នាង ក៏បានបញ្ចេញយោបល់ដែរថា ប្រតិកម្មរបស់អ្នកគ្រប់គ្រង ពិតជាហួសហេតុពេកហើយ នាងបានបន្ថែមទៀតថា ក្រោយបញ្ហាបានកើតឡើង អ្នកគ្រប់គ្រង បានចេញច្បាប់ស្នើឱ្យបុគ្គលិកទាំងអស់ ឆ្លើយតបសារជាសំឡេង។ លោក Wang Li-ping ជាសាស្ត្រាចារ្យសាលាពាណិជ្ជកម្ម Renmin ជំនាញឯកទេសគ្រប់គ្រង និង ធនធានមនុស្ស បានមានប្រសាសន៍ថា៖ “ច្បាស់ណាស់ដែលវាជាហេតុផលបំពាន ក្នុងការបញ្ឈប់បុគ្គលិក ប៉ុន្តែវាប្រហែលជាកើតឡើងក្នុងក្រុមហ៊ុនខ្នាតតូច និង មធ្យមដែលពួកគេមិនមានបទបញ្ជា ឬ ប្រព័ន្ធដែលទាក់ទងនឹងស្ថានភាពបែបនេះ”។

នេះមិនមែនជាលើកទីមួយទេ ដែលបុគ្គលិកចិន ត្រូវបានចោទប្រកាន់ដោយអ្នកគ្រប់គ្រងថា “វិន័យមិនល្អ” ក្នុងការឆ្លើយតបសារទៅអ្នកដែលមានឋានៈខ្ពស់ជាង ដោយសារនៅដើមខែនេះ បុគ្គលិកម្នាក់ ត្រូវបានស្តីបន្ទោស ក្នុងការឆ្លើយតបដោយពាក្យ “Um” នៅក្នុងភាសាចិនដែលមានន័យថា “ចំណាំទុក” នេះបើយោងតាមរបាយការណ៍ប្រចាំតំបន់របស់សារព័ត៌មាន Chongqing Chen Bao ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម