Connect with us

កម្ពុជាកំពុងពន្លឿនការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា-ឡាវ-មីយ៉ា ន់ម៉ា-វៀតណាម

ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអង្គការជីអាយហ្សិតនៃរដ្ឋាភិបាលអាល្លឺម៉ង់ (GIZ) និងលេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិភាក្សា និងប្រមូលធាតុចូលសម្រាប់កែលម្អលើសេចក្តីព្រាងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV Economic Development) នៅរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ។
ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា មូលហេតុនៃការរៀបចំក្របខ័ណ្ឌសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច CLMV ដោយសារទទួលបានការឯកភាពពីថ្នាក់ដឹកនាំកំពូលនៅឯកិច្ចប្រជុំកំពូល CLMV លើកទី៨ កាលពីខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ និងទទួលបានការគាំទ្រពីប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការ GIZ សម្រាប់រៀបចំក្របខ័ណ្ឌសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនេះ។
ឯកឧត្តម ក៏បានបានលើកទឹកចិត្តឱ្យមានលើកឡើងពីបញ្ហាប្រឈមនានាដែលស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេស CLMV កំពុងជួបប្រទះ ស្នើឡើងនូវដំណោះស្រាយនានារួមមាន ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ការពង្រឹងធនធានមនុស្ស រៀបចំលិខិតបទដ្ឋានច្បាប់ទាក់ទងនឹងពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ CLMV ទាំងផ្នែកទន់ និងរឹង ការធ្វើ ឱ្យប្រសើរឡើងនូវខ្សែសង្វាក់តម្លៃតំបន់ និងពិភពលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេស CLMV និងបង្កើនការនាំចេញទៅក្រៅតំបន់។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើឱ្យតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមក្នុងកិច្ចពិភាក្សា និងផ្តល់ធាតុចូលបន្ថែមទៀតលើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ច CLMV នេះ ដើម្បីទទួលបានសេចក្តីព្រាងដែលឆ្លុះបញ្ចាំងពីតថភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលអាចដោះស្រាយបញ្ហាប្រឈម និងទាញយកប្រយោជន៍ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងជាពិសេសដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមការគ្រោងទុក៕

    Loading...

    ពេញនិយម