Connect with us

ល្អាងសត្វប្រចៀវនៅលើភ្នំសំពៅ កំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើន

បាត់ដំបង៖ យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានរៀបរាប់ថា ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ភ្នំនេះ មានកម្ពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចម្ងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។

នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖ ១. ល្អាងផ្កាស្លា ២. ល្អាងគក់ទ្រូង ៣. ល្អាងខ្យល់ ៤. ល្អាងតែងខ្លួន ៥. ល្អាងល្ខោន ៦. ល្អាងជ្រៃ ៧. ល្អាងពេជ្រ ៨. ល្អាងខ្វែង ៩. ល្អាងប្រេង ១០. ល្អាងស្ថានីយ ឬល្អាងធំ ១១. ល្អាងក្បាលខ្មោច ១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមានតែល្អាងផ្កាស្លា និងល្អាងល្ខោន។ នៅក្បែរភ្នំសំពៅ មានចង្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅមិនត្រឹមតែជារមណីយដ្ឋានធម្មជាតិដ៍មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយដ៏ទាក់ទាញ ក្នុងចំណោមរមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង។

ទស្សនីយភាពហ្វូងសត្វប្រចៀវរាប់លានក្បាលដែលហោះចេញពីល្អាង អ្នកស្រុកតែងតែហៅហ្វូងប្រចៀវទាំងនោះថា “កងទ័ពប្រចៀវដ៍ក្លាហាន” ពីព្រោះការហោះហើររបស់ហ្វូងសត្វប្រចៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស។ ជារៀងរាល់ថ្ងៃ នៅមុនពេលសូរិយារៀបអស្ដង្គត នៅចន្លោះម៉ោង ៥:៣០ នាទី ដល់ម៉ោង ៦:១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែលហ្វូងសត្វប្រចៀវ ចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់រយនាក់ ក្នុងមួយថ្ងៃៗដែលនាំគ្នាអង្គុយរង់ចាំទស្សនាហ្វូងសត្វប្រចៀវរាប់លានក្បាលហើរចេញពីល្អាង សុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍អស្ចារ្យនេះ។ ម្យ៉ាងវិញទៀត ហ្វូងសត្វប្រចៀវទាំងអស់នោះ ត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹងដោយអាជ្ញាធរមូលដ្ឋាន។

ប្រជាពលរដ្ឋនៅតំបន់នោះ ឈ្មោះ អ្នកស្រី ញឹង ភាព ជាអ្នកទទួលខុសត្រូវយាមល្អាង សត្វប្រចៀវ និងជាអ្នកប្រមូលអាចម៍ប្រចៀវលក់ បានឱ្យដឹងថា ការអភិរក្សសត្វប្រចៀវ គឺពិបាកមែនទែន ដោយសារតែមានជនឆ្លៀតឱកាស មកលួចបាញ់ តែមកទល់ពេលបច្ចុប្បន្ននេះ គ្រាន់បើជាងមុន ហើយ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោជន៍របស់វា និងយល់ដឹងអំពីការប្រឈមនឹងផ្លូវច្បាប់។

បើនិយាយពីអត្ថប្រយោជន៍នៃសត្វប្រចៀវទាំងនេះ វាជួយបំផ្លាញសត្វល្អិតចង្រៃដែលបំផ្លាញដំណាំ របស់កសិករ ហើយអាចម៍របស់វា ត្រូវបានយកធ្វើជាជីទៀតផង។ អ្វីដែលពិសេសបំផុតនោះ គឺហ្វូងសត្វប្រចៀវទាំងនោះ បានក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ។ ដោយសារវត្តមានភ្ញៀវទេសចរនេះហើយ ធ្វើឱ្យបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការលក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ជាដើម។

បើនិយាយពីសេវាដឹកជញ្ជូនវិញ នៅភ្នំសំពៅមានឡានសម្រាប់ដឹងភ្ញៀវឡើងភ្នំចំនួន ០៨ គ្រឿង ដែលសុទ្ធតែបានមកធ្វើអាជ្ញាបណ្ណនៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។ ចំពោះកត្តាសន្តិសុខវិញ នៅរមណីយដ្ឋានភ្នំសំពៅ កម្លាំងនគរបាលទេសចរណ៍ មានចំនួន ០២ រូប និង កម្លាំងប្រជាការពារឃុំចំនួន ០៦ រូបនៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីរៀបចំថែរក្សាការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាហ្វូងសត្វប្រចៀវ និងមកកម្សាន្ត នៅរមណីយដ្ឋានភ្នំសំពៅនេះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម