Connect with us

២ប្រកួត អាហ្សង់ទីនដែលអាចធ្លាក់វគ្គចែកពូល មាន១ពិន្ទុ ទាត់ចូល១គ្រាប់ដោយប៉េណាល់ទី

ប្រេស៊ីល៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន កាន់តែយ៉ាប់យឺន នៅក្នុងការប្រកួតកម្មវិធីពានរង្វាន់ទ្វីបអាមេរិកខាងត្បូង Copa America បន្ទាប់ពីប្រកួតស្មើជាមួយក្រុមប៉ារ៉ាហ្គាយ ក្នុងលទ្ធផល ១-១ នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ។ ១គ្រាប់របស់អាហ្សង់ទីន ធ្វើបានដោយខ្សែប្រយុទ្ធ Lionel Messi តាមរយៈបាល់ពិន័យ១១ម៉ែត្រ។

ឱកាសឡើងទៅកាន់វគ្គបន្ត របស់អាហ្សង់ទីន កាន់តែស្តួចស្តើង បន្ទាប់ពី ២ប្រកួត រកបានត្រឹមតែ ១ពិន្ទុ ឈរនៅបាតតារាង ក្នុងនោះ ប្រកួតទីមួយ បានចាញ់ក្រុមកូឡុំប៊ី ដោយលទ្ធផល ២-០។ អាហ្សង់ទីន ហាក់ធ្វើមិនបានល្អទាល់តែសោះ ក្នុង២ប្រកួតនេះ ដែលប្រឈមមុខនឹងការធ្លាក់ ប្រសិនបើពួកគេ ស្មើ ឬ ចាញ់ ក្រុមកាតា ដែលមាន ១ពិន្ទុដូចគ្នា ក្នុងការប្រកួតចុងក្រោយ នាថ្ងៃទី២៤ ខែមិថុនា ខាងមុខនេះ។

យ៉ាងណាមិញ អាហ្សង់ទីន ត្រូវការឈ្នះកាតា ដោយទាត់បញ្ចូលទីឱ្យបានច្រើនគ្រាប់តាមដែលអាចធ្វើទៅបាន ក្នុងករណី កូឡុំប៊ី ដែលមាន ៦ពិន្ទុ ប្រកួតស្មើជាមួយ ប៉ារ៉ាហ្គាយ ដែលមាន ២ពិន្ទុ។ តែបើ ប៉ារ៉ាហ្គាយ យកឈ្នះកូឡុំប៊ី នៅប្រកួតចុងក្រោយ ឬ ប្រកួតទី៣ នោះអាហ្សង់ទីន និង កាតា នឹងត្រូវហាលអាវដូចគ្នា ត្រឹមវគ្គសន្សំពិន្ទុនេះ។

សូមជម្រាបថា កូឡុំប៊ី ជាក្រុមទីមួយ ដែលបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ Copa America 2019 ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម