Connect with us

កុំភាន់ច្រឡំ! គណៈគ្រប់គ្រងសាលា AII បកស្រាយរឿងបិទវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចឈប់ទទួលស្គាល់ វិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង។

ទាក់ទងនឹងប្រកាសនេះ គណៈគ្រប់គ្រងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានធ្វើការបំភ្លឺ ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន បាននិងកំពុងដំណើរការសាលាអប់រំចំនួន ៣សាលា រួមមាន៖ ១- វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង (សម្រាប់ការអប់រំថ្នាក់ឧត្តមសិក្សា៖ បរិញ្ញាបត្ររង) ដែលត្រូវបិទ, ២- មជ្ឈមណ្ឌលភាសា អេ អាយ អាយ (សម្រាប់ការអប់រំថ្នាក់ភាសាអង់គ្លេស ចិន ថៃ…) និង ៣- សាលារៀន អន្តរទ្វីប អាមេរិកាំង (សម្រាប់ការអប់រំថ្នាក់ចំណេះទូទៅភាសាខ្មែរ “ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២”)។

ចំពោះសេចក្ដីប្រកាសរបស់ក្រសួងអប់រំខាងលើ គឺយោងតាមសំណើសុំផ្អាកដំណើរការថ្នាក់បរិញ្ញាបត្ររង នៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង ទៅកាន់ក្រសួងអប់រំ ដូចនេះហើយក្រសួង បានសម្រេចបិទ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង តាមការស្នើសុំ។

វិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង មានទីតាំងស្ថិតនៅអគារលេខ ២១៧ ABCD ផ្លូវលេខ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រសួងអប់រំ តម្រូវឱ្យប្រធានក្រុមប្រឹក្សា និងនាយកវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង បញ្ឈប់ធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង និងគ្រប់រូបភាព ព្រមទាំងដោះស្រាយរាល់បញ្ហានានា ដែលនៅសេសសល់ជាមួយភាគីពាក់ព័ន្ធ ក្នុងដំណើរការរបស់វិទ្យាស្ថាននាពេលកន្លងមក ឱ្យបានចប់ត្រឹមត្រូវ។

គណៈគ្រប់គ្រងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបន្ថែមថា សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំង នៅតែបើកដំណើរការជាធម្មតាទាំង ៥សាខា (សាខាម៉ៅសេទុង សាលាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ និងសាខាផ្សារថ្មី)៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម