Connect with us

ម្ចាស់បទ “ឆ្ងាយ” ចង់ឈប់ធ្វើបទថ្មី ដោយសារអ្នកលួចស្នាដៃខ្លួនបង្ហោះលើ YouTube

ភ្នំពេញ៖ លោក ម៉ម ពេជ្ជរិទ្ធ បានបង្ហាញការខកចិត្តចំពោះអ្នកដែលលួចយកបទចម្រៀងរបស់ខ្លួន ទៅចែកចាញលើបណ្ដាញសង្គម ដោយរប៉ាត់រប៉ាយ និងកេងចំណេញ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ម្ចាស់បទ “ឆ្ងាយ” ដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យនៅកម្ពុជា បានអះអាងថា គាត់ប្រហែលជាលាឈប់ពីអ្វីដែលគាត់ បាននិងកំពុងធ្វើរាល់ថ្ងៃផងដែរ។

ម៉ម ពេជ្ជរិទ្ធ សរសេរថា៖ “ចម្រៀងមួយបទដែលខ្ញុំបានយកបេះដូងមកធ្វើ ត្រូវបានចែកចាយលើបណ្ដាញសង្គម ដោយរប៉ាត់រប៉ាយ និងកេងចំណេញ គ្មានសណ្ដាប់ធ្នាប់ គ្មានការអនុញ្ញាត គ្មានភាពច្បាស់លាស់ ខ្ញុំប្រហែលជាត្រូវលាឈប់ពីអ្វីដែលខ្ញុំ កំពុងធ្វើនៅថ្ងៃណាមួយឆាប់ៗនេះ ដោយសារ រឿងដ៏តូចតាចមួយនេះ”។

តារាចម្រៀងដែលកំពុងមានការគាំទ្រក្នុងស្រទាប់យុវវ័យរូបនេះបន្តថា៖ “ខ្ញុំសូមអរគុណបងប្អូនចាស់ក្មេងដែលស្រឡាញ់ និងលើកទឹកចិត្តលើអ្វីដែលខ្ញុំប្រឹងប្រែង គ្មាននរណាម្នាក់ មានកំហុសទេ”។

ពាក់ព័ន្ធនឹងការលួចស្នាដៃទៅចែកចាយលើបណ្ដាញសង្គមនេះ ម៉ម ពេជ្ជរិទ្ធ បានបង្ហើបពីការផ្អាកដំណើរការលើ YouTube Channel របស់គាត់ អស់ជាច្រើនខែ កាលពីពេលកន្លងទៅ ដោយសារភាពអយុត្តិធម៌នៃការកាត់ក្ដីរបស់ YouTube ។ គាត់សរសេរថា៖ “ខ្ញុំធ្លាប់ត្រូវបានគេព្រួតកម្ទេច Youtube Channel ដែលខ្ញុំបង្ហោះចម្រៀងរបស់ខ្ញុំម្តងរួចហើយ ដោយសារខ្ញុំព្យាយាមហាមឃាត់គេ ហើយខ្ញុំបានបរាជ័យកិច្ចការពារស្នាដៃខ្លួន រីឯ ការបង្ហោះចម្រៀងរបស់ខ្ញុំ ត្រូវបានផ្អាកដំណើរការ ៦ខែ ទៅ ៩ខែ ហើយត្រូវបាន (YouTube) គំរាមលុបចោលនូវអ្វីទាំងអស់ ព្រោះការកាត់ក្តីបែបអេឡិចត្រូនិក ចោទថា ខ្ញុំមិនមែនជាម្ចាស់ស្នាដៃ”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម