Connect with us

ធនាគារ ព្រីនស៍ សហការជាមួយសមាគមគ្រប់គ្រងហិរញ្ញវត្ថុ និងទីផ្សារអឺរ៉ុប រៀបចំ វេទិកាវិស័យធនាគារ នៅកម្ពុជា

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ ព្រីនស៍ ម.ក បានសហការជាមួយសមាគមគ្រប់គ្រងហិរញ្ញវត្ថុ និងទីផ្សារអឺរ៉ុប ហៅកាត់ថា Efma ដែលជាស្ថាប័នអឺរ៉ុប ដែលទទួលបានការទទួលស្គាល់លំដាប់ថ្នាក់ពិភពលោក និងដើរតួនាទីក្នុងការសម្របសម្រួលទំនាក់ទំនងតភ្ជាប់ថ្នាក់ដឹកនាំដ៏មានឥទ្ធិពលនានា នៅក្នុងវិស័យធនាគារ ធានារ៉ាប់រង និងហិរញ្ញវត្ថុ។

វេទិកានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ក្រោមប្រធានបទ “ សេវាធនាគារសម្រាប់អតិថិជនសម័យថ្មី៖ បទពិសោធន៍បច្ចេកវិទ្យាទំនើប” ដែលមានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រងនៃវិស័យហិរញ្ញវត្ថុក្នុងតំបន់អាស៊ី ក៏ដូចជាវាគ្មិនអន្តរជាតិផងដែរ។

វេទិកា បានពិភាក្សាអំពីកាលានុវត្តភាព ក៏ដូចជាបញ្ហាប្រឈមនានា ដែលគ្រឹះស្ថានធនាគារ ក្នុងស្រុក និងអន្តរជាតិ ជួបប្រទះ នៅក្នុងការរៀបចំដំណើរការឌីជីថល ស្របទៅតាមភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា នៅទូទាំងពិភពលោក និងបម្រែបម្រួលនៃតម្រូវការរបស់អតិថិជន។

កម្មវិធីនេះ បានទទួលកិត្តិយសដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា។ វាគ្មិននៅក្នុងកម្មវិធី គឺរួមមានអ្នកជំនាញ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលមានដូចជាលោក Michael Lor ទីប្រឹក្សាជាន់ខ្ពស់អាស៊ីប៉ាស៊ីហ្វិករបស់ Efma លោក Christian Roland នាយកផ្នែក Agile Enablement នៃធនាគារ Siam Commercial Bank លោក Kazuya Sakakibara នាយកប្រតិបត្តិផ្នែកយុទ្ធសាស្រ្តបចេ្ចកវិទ្យាព័ត៌មានវិទ្យា និងការអភិវឌ្ឍផលិតផល នៃធនាគារ Jibun លោកស្រី Pui Fang Chow នៃធនាគារ DBS Bank Singapore និងលោកស្រី Supaneewan Chutrakul ដែលជាអនុប្រធានជាន់ខ្ពស់នៃធនាគារ Kasikorn Bank ។

ប្រធានបទសំខាន់ៗដែលបានពិភាក្សារួមមាន ៖

  • និន្នាការនៃការវិវឌ្ឍក្នុងវិស័យឌីជីថល
  • ដំណើរការរៀបចំសេវាធនាគារឌីជីថល
  • ការប្រើប្រាស់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិ្មត (A.I)
  • បទពិសោធន៍អតិថិជន និងបណ្តាញសេវាកម្មរបស់ធនាគារក្នុងសម័យឌីជីថល
  • ប្រព័ន្ធធនាគារបើកចំហ
  • ការរៀបចំបុគ្គលិកឱ្យស្របទៅតាមយុគសម័យឌីជីថល
  • សេវាកម្មធនាគារឌីជីថលសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម

ធនាគារព្រីនស៍ ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៥ ក្នុងទម្រង់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រោម ឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ហើយត្រូវបានផ្លាស់ប្តូរខ្លួនទៅជាធនាគារពាណិជ្ជ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ធនាគារនេះ ផ្តល់ជូនអតិថិជននូវសេវាប្រាក់បញ្ញើ សន្សំប្រាក់បញ្ញើតាមកាលកំណត់ ឥណទានគេហដ្ឋាន ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងឥណទានសម្រាប់អាជីវកម្ម។ បច្ចុប្បន្ន ធនាគារព្រីនស៍ មានសាខាចំនួន១៥ ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ សេវាធនាគារតាមប្រព័ន្ធទូរសព្ទដៃ និងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត៕

 

សម្រាប់ព័ត៌មានបន្ថែម សូមចូលមកកាន់គេហទំព័រ www.princebank.com.kh

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម