Connect with us

វឌ្ឍនៈភាពនៃវិស័យទេសចរណ៍កម្ពុជា កំពុងជំរុញអោយមានកំណើនវិជ្ជមានលើវិស័យពាក់ព័ន្ធ នានា ក្នុងនោះ រួមមានទាំងវិស័យកសិកម្មផងដែរ

ភ្នំពេញ ៖ វិស័យទេសចរណ៍នៅប្រទេសកម្ពុជា កំពុងជំរុញឲ្យមានកំណើនជាវិជ្ជមានទៅលើវិស័យជាច្រើន អស់រយៈពេលជាងពីរទសវត្ស៍កន្លងមក។ ដោយសារកំណើនភ្ញៀវទេសចរបរទេស កម្ពុជាទទួលបានការវិនិយោគជាច្រើនក្នុងវិស័យនេះ ដែលមានភាគរយៈលើសវិស័យដទៃទៀត ដែលជាមុខព្រួញសេដ្ឋកិច្ចរបស់កម្ពុជា។
ជាមួយភាពរីកចម្រើនក្នុងវិស័យទេសចរណ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា គោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ របស់កម្ពុជា មានបំណងជំរុញការរីកលួតលាស់ក្នុងវិស័យកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ និងការកែច្នៃផ្សេងៗទៀត។
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបានកំណើនភ្ញៀវទេសចរជារៀងរាល់ឆ្នាំ ដែលកម្ពុជាទទួលបានចំណូលរាប់ពាន់លានជារៀងរាល់ឆ្នាំ ចាក់បញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ចរបស់ជាតិ ប៉ុន្តែចំណូលពីវិសស័យទេសចរណ៍ត្រូវគេរាយការណ៍ថា បានបាត់បង់ទៅវិញប្រមាណជាង២០% នៃចំណូលសរុប ដោយសារកម្ពុជានាំចូលផលិតផលជាច្រើន មានផលិតផលកសិកម្មជាដើម ដើម្បីបំពេញត្រូវការភ្ញៀវទេសចរ។
ដោយឡែក ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាជាប្រទេសមួយស្ថិតក្នុងតំបន់ ដែលមានកំណើនទេសចរណ៍ខ្ពស់ហើយត្រូវបានទទួលស្គាល់ថា ជាគោលដៅទេសចរ ណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅ លំដាប់ពិភពលោក ជាមួយនឹងឧត្ដមភាពប្រៀបធៀប និងការប្រកួតប្រជែងខ្ពស់ ដោយឈរលើមូលដ្ឋាននៃបេតិកភ័ណ្ឌវប្បធម៌ និងធនធានធម្មជាតិ ដ៏សម្បូរបែបពេញផ្ទៃប្រទេស។
នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥,៦លាននាក់ កើនឡើង ១១,៨% និងទទួលបានចំណូលប្រមាណជាង ៣៦០០លានដុល្លា បានរួមចំណែកប្រមាណ ១២%នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ឱកាសការងារដោយផ្ទាល់ជាង៦៥ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។
នៅតំបន់ឆ្នេរ ឆ្នាំ២០១៧ ទទួលបានភ្ញៀវទេសចរប្រមាណ៣,២លាននាក់ ក្នុងទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់នាក់ កើនឡើង២០% ធៀបនឹង ឆ្នាំ២០១៦។ តាមការព្យាករណ៍នៅឆ្នាំ ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៧លាននាក់ ជាមួយនឹងចំណូលប្រមាណជាង ៥ពាន់លានដុល្លារ និងបង្កើតការងារ ដោយផ្ទាល់ប្រមាណ ១លាននាក់៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម