Connect with us

ក្រុមហ៊ុនឥណ្ឌូនេស៊ីទាំងឡាយ កំពុងសម្រុកទាញយកអត្ថប្រយោជន៍ពីវិស័យលក់ទំនិញតាមអនឡាញដែលកំពុងស្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេស

ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិន កំពុងលើកស្ទួយយ៉ាងខ្លាំងក្លាដល់វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណេតរបស់ប្រទេសឥណ្ឌូនេស៊ី ដោយវាផ្តល់ឱកាសដល់ក្រុមហ៊ុនឥណ្ឌូនេស៊ីមួយចំនួន សម្រាប់ពង្រីកអាជីវកម្ម។

ប្រាយអ៊ែន ខាណូ ជែន គឺជាអាជីវករម្នាក់ក្នុងចំណោមអាជីវកររាប់លាននាក់ ដែលប្រកបអាជីវកម្មនៅលើវេបសាយ ថូកូភីឌា (Tokopedia) ជាវេបសាយលក់ទំនិញតាមអនឡាញដ៏ធំបំផុតនៅឥណ្ឌូនេស៊ី។

ជាម្ចាស់ហាងលក់គ្រឿងសង្ហារឹមតាមអនឡាញមួយ ប្រាយអ៊ែននិយាយថាវេបសាយនេះ ជួយសម្រួលដល់អាជីវកម្មរបស់សហគ្រិននានាដូចជាគាត់ដែរ។

លោក ប្រាយអ៊ែន ខាណូ ជែន ម្ចាស់ហាងលក់គ្រឿងសង្ហារឹមតាមអនឡាញ បានលើកឡើងថា
“ដោយមានជំនួយពីទីផ្សារទាំងនេះ ក្រុមហ៊ុនថ្មីៗអាចស្វែងរកអតិថិជនបានកាន់តែទូលំទូលាយ។ សព្វថ្ងៃមានវេបសាយជាច្រើនដែលផ្តល់មុខងារពិសេសមួយដែលអតិថិជនអាចទិញបានតែទំនិញដែលផលិតក្នុងស្រុកប៉ុណ្ណោះ។ ក្រុមហ៊ុនធំៗកំពុងផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងស្រុក ដើម្បីអាចលេចធ្លោនិងធ្វើឱ្យសាធារណៈជនងាកមកទិញផលិតផលក្នុងស្រុក ជាជាងទិញផលិតផលដែលនាំចូលពីបរទេស។ ខ្ញុំយល់ឃើញថា និន្នាការនេះកំពុងរីកកាន់តែធំ ហើយក៏កំពុងជួយបណ្តុះឧស្សាហកម្មលក់ទំនិញតាមប្រព័ន្ធអ៊ីនធើណេតនៅប្រទេសឥណ្ឌូនេស៊ីនេះ។”

ជាង៥០ភាគរយនៃប្រាក់ទុនអន្តរជាតិដែលហូរចូលមកក្នុងវិស័យលក់ទំនិញអនឡាញរបស់ឥណ្ឌូនេស៊ី គឺបានមកពីប្រទេសចិន។ ក្រុមហ៊ុនចិននានាដូចជា អាលីបាបា និងធែនស៊ែន ព្រមទាំងក្រុមហ៊ុនវិនិយោគទុនផងនោះ កំពុងបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកក្នុងវិស័យដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនេះ។

ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន អាលីបាបា បានដឹកនាំការវិនិយោគចំនួន១ពាន់១រយលានដុល្លារអាមេរិកមកក្នុងក្រុមហ៊ុន ថូកូភីឌា ដែលនាំឱ្យអាលីបាបាអាចពង្រីកវត្តមាននៅអាស៊ីអាគ្នេយ៍បានកាន់តែឆាប់រហ័ស។

លោក ថូម៉ាស់ លឹមបុង គឺជាប្រធានគណៈកម្មការសម្របសម្រួលការវិនិយោគឥណ្ឌូនេស៊ី។ លោកនិយាយថា ក្រុមហ៊ុនឥណ្ឌូនេស៊ីគួរតែចាប់យកឱកាសនេះ ដើម្បីបញ្ចូលបច្ចេកវិទ្យាថ្មីៗដែលមាន ចូលទៅក្នុងអាជីវកម្មរបស់ពួកគេ។

លោក ថូម៉ាស់ លឹមបុង ប្រធានគណៈកម្មការសម្របសម្រួលការវិនិយោគឥណ្ឌូនេស៊ី បាននិយាយថា
“ខ្ញុំជឿថាប្រទេសចិន កំពុងស្ថិតក្នុងទីតាំងល្អណាស់ ដើម្បីដើរតួនាទីដ៏សំខាន់ក្នុងបដិវត្តឧស្សាហកម្មជំនាន់ទីបួននេះ ពីព្រោះប្រទេសចិនគឺជាកន្លែងដែលរោងចក្រលំដាប់ពិភពលោកជាច្រើនបោះទីតាំង ដូច្នេះខ្ញុំគិតថាបដិវត្ដឧស្សាហកម្មជំនាន់ទីបួននេះ ត្រូវតែឆ្លងកាត់ប្រទេសចិន។ ខ្ញុំគិតថា ប្រទេសទាំងឡាយដូចជាឥណ្ឌូនេស៊ីជាដើមនេះ នឹងរងឥទ្ធិពលមួយដែលយើងត្រូវតែដើរឱ្យទាន់បច្ចេកវិទ្យាថ្មីៗទាំងនេះ ហើយក៏ត្រូវដឹងថាតើបច្ចេកវិទ្យាថ្មីៗទាំងនេះ នឹងផ្លាស់ប្តូរទំហំនិងវិស័យណាខ្លះ ដែលយើងអាចចូលរួមចំណែកបាន៕”

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម