Connect with us

បង្កាន់ដៃនាគ អសុរ និងទេវតាមួយ ត្រូវបានជួសជុសឡើងវិញហើយ

សៀមរាប៖ បង្កាន់ដៃនាគដែលលម្អដោយ អសុរ និងទេវតា នៅខ្លោងទ្វារដីឆ្នាំង បានចាប់ផ្ដើមដំណើរការបើកការដ្ឋានជួសជុល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីទទួលបានអនុសាសន៍សម្រេចពីកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ។

ក្នុងពិធីប្រុងពលីបើកការដ្ឋានជួសជុល លោក គឹម សុធិន អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា កន្លែងសំខាន់ដែលត្រូវជួសជុលមានរូបទេវតា ៥អង្គ និងរូបយក្សកាន់ក្បាលនាគ នៅផ្នែកខាងមុខដែលផ្អៀង គ្រឹះស្រុតដោយសារទឹកភ្លៀងហូរច្រោះដី ទើបតម្រូវឱ្យមានការជួសជុល ព្រោះមានហានិភ័យខ្ពស់។ ដើម្បីជៀសវាងការដួលរលំ អ្នកជំនាញត្រូវរើពង្រឹងគ្រឹះ និងរៀបរូបឱ្យរឹងមាំ មានជំហត្រង់ឡើងវិញ។ ម្យ៉ាងទៀត ក្បាលនាគនេះធ្លាប់ដួលរួចម្តងហើយ ព្រោះវាខុសពីជំនាន់បារាំង។ គម្រោងនេះ នឹងបញ្ចប់ក្នុងរយៈពេល ១ឆ្នាំ ចំណាយថវិការរបស់មូលនិធិអភិរក្សអង្គរ ជួសជុលដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។

បង្កាន់ដៃនាគលម្អដោយអសុរនិងទេវតានៅក្លោងទ្វារដីឆ្នាំង មានប្រវែង១១២ម៉ែត្រ រងការខូចខាតដោយសារកត្តាមនុស្ស ភាពជាប់មាំរបស់សម្ភារៈហួសកាលកំណត់ អាយុកាលនៃថ្ម អាកាសធាតុ និងរុក្ខជាតិជាដើម។ ម្យ៉ាងទៀត បើតាមរយៈរូបភាពថតមុនឆ្នាំ១៩៣៩ ចម្លាក់ទាំងនេះ គឺដួលទាំងអស់ គ្មានរូបរាងជាជួរអ្វីឡើយ ហើយត្រូវបាន បារាំងជួសជុលរួចរាល់នៅឆ្នាំ១៩៤៤៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម