Connect with us

ឪពុកដាក់កូនក្នុងអាវ ព្យាយាមឆ្លងទន្លេចូលទៅដីអាមេរិក តែត្រូវលង់ទឹកស្លាប់

អាមេរិក៖ រូបថតដែលបង្ហាញពី សពរបស់ឪពុក និងកូន ដែលបានលង់ទឹកស្លាប់ ពេលឆ្លងទន្លេមួយដើម្បីចូលទៅទឹកដីអាមេរិក កំពុងធ្វើឱ្យកក្រើកបណ្ដាញទំនាក់ទំនងសង្គមនៅជុំវិញពិភពលោក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដោយមតិមួយចំនួន បានរិះគន់លើគោលនយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ឪពុកអាយុ២៥ឆ្នាំ និងកូនស្រី អាយុជិត២ឆ្នាំ ដែលបានលង់ទឹកស្លាប់ពេលឆ្លងទន្លេ Rio Grande ជាជនចំណាកស្រុក ដែលធ្វើដំណើរមកពីប្រទេសអែលសាវ៉ាឌ័រ។ ចំណែក ម្ដាយ បានត្រឹមមើលឪពុក កូន លង់ទឹកស្លាប់ ពីច្រាំងម្ខាងនៃទន្លេ ដោយមិនអាចជួយអ្វីបានឡើយ។ រៀបរាប់ទាំងអួលដើមក ប្រាប់សារព័ត៌មាន AFP ម្ដាយកូនស្រី និងជាប្រពន្ធបុរសដែលស្លាប់ បានឱ្យដឹងថា ពួកគេគ្រាន់តែចង់ទទួលបានជីវិតដ៏ល្អប្រសើរមួយតែប៉ុណ្ណោះ។

លោក ដូណាល់ ត្រាំ បានចេញគោលនយោបាយអន្តោប្រវេសន៍ ដើម្បីការពារការហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើននាក់ ដែលមានបំណងឆ្លងចូលទឹកដីអាមេរិក តាមរយៈច្រកព្រំដែនម៉ិកស៊ិក-អាមេរិក។ ប៉ូលិសអាមេរិក បានអះអាងថា ជនចំណាកស្រុក បានកើនឡើងកាន់តែច្រើនឡើងៗ នៅភាគខាងត្បូង ដោយព្យាយាមឆ្លងចូលទឹកដីអាមេរិក ទន្ទឹមនេះ ពួកគេបានឃាត់ខ្លួន ជនអន្តោប្រវេសន៍ខុសច្បាប់ជិត ១៥ម៉ឺននាក់ កាលពីខែឧសភា កន្លងទៅ៕

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម