Connect with us

អាមេរិក​ព្រម​បក​ក្រោយ​ហើយ​!​ ​ក្រុមហ៊ុន​ ​Huawei​ ​នឹងអាច​រកស៊ី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ដូចដើម​វិញ​!​

ជប៉ុន​ ​៖​ ​វា​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​ ​និង​ពាណិជ្ជកម្ម​សកល​ ​ជាពិសេស​រវាង​ក្រុមហ៊ុន​ចិន​ ​និង​សហរដ្ឋអាមេរិក​ ​ដោយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​ ​G20​ ​នៅ​ទីក្រុង​អូ​សា​កា​ ​ប្រទេស​ជប៉ុន​ ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​ប្រធានាធិបតី​អាមេរិក​បាន​អះអាង​ថា​ ​ក្រុមហ៊ុន​អាមេរិក​នានា​នឹង​ទទួលការ​អនុញ្ញាត​ ​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន​ ​Huawei​ ​ឡើងវិញ​ ​ដែល​នេះ​មានន័យថា​ ​Huawei​ ​នឹងអាច​ត្រូវ​ដក​ពី​បញ្ជីខ្មៅ​នៃ​បម្រាម​ពាណិជ្ជកម្ម​ក្នុង​ពេល​ឆាប់​ៗ​។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ ​សារព័ត៌មាន​អាមេរិក​ ​Bloomberg​ ​នា​ល្ងាច​ថ្ងៃសៅរ៍​ ​ទី២៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​លោក​ ​ត្រាំ​ ​បាន​ថ្លែង​ច្បាស់​ៗ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ​នៅ​ទីក្រុង​អូ​សា​កា​យ៉ាង​ដូច្នេះ​ថា​ ​«​ខ្ញុំ​បាន​និយាយ​ហើយ​ ​វា​គឺ​គ្មាន​បញ្ហា​ទេ​!​ ​វា​ធ្វើឲ្យ​យើង​អាច​បន្ត​លក់​ផលិតផល​របស់​យើង​.​.​.​ ​ពួកគេ​គឺជា​ក្រុមហ៊ុន​របស់​អាមេរិក​ ​ដែល​បាន​ផលិត​ផលិតផល​ទាំងនេះ​ ​(​បរិ​ក្ខា​បំពាក់​ឲ្យ​ ​Huawei​)​។​ ​វា​ពិតជា​ស្មុគស្មាញ​ណាស់​ចំពោះរឿងនេះ​។​ ​ខ្ញុំ​យល់ព្រម​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​លក់​ផលិតផល​នោះ​ ​នោះ​ទើប​ក្រុមហ៊ុន​អាមេរិក​អាច​បន្តដំណើរ​ទៅមុខ​ទៀត​បាន​.​.​.​»​។​

កាលពីដើម​សប្តាហ៍​នេះ​ ​កាសែត​អាមេរិក​ ​Wall​ ​Street​ ​Journal​ ​ក៏បាន​ចេញផ្សាយ​ផង​ដែរ​ថា​ ​ប្រទេស​ចិន​នឹង​យក​ ​Huawei​ ​ដាក់លើ​តុ​ ​ដើម្បី​ទាមទារ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ ​ឬក៏​អាចប​ង្កើត​ ​លក្ខណៈ​ពិសេស​ដើម្បី​អាច​ឲ្យ​ ​Huawei​ ​បន្ត​ការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​នានា​ឡើងវិញ​។​ ​តួយ៉ាង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​ ​G20​ ​និង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក​ ​ត្រាំ​ ​និង​លោក​ ​ស៊ី​ ​ជិន​ពីង​ ​ភាព​វិជ្ជមាន​ជាច្រើន​បាន​កើតឡើង​ដូចជា​ ​អាមេរិក​បាន​សន្យា​មិន​ដំឡើង​ពន្ធ​លើ​ចិន​ទៀត​ ​និង​បាន​ព្រមព្រៀង​គ្នា​បន្ត​កិច្ចពិភាក្សា​ ​ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ ​ជាពិសេស​គឺ​បញ្ហា​ ​Huawei​ ​នេះ​តែម្តង​។​

​គួរ​បញ្ជាក់​ថា​ ​ការសម្រេច​របស់​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​ថា​នឹង​ដក​ការ​រឹតត្បិត​លើ​ក្រុមហ៊ុន​ចិន​ ​Huawei​ ​ខាងលើ​នេះ​ ​បាន​កើតមានឡើង​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ជាបន្តបន្ទាប់​ថា​ ​ក្រុម​ហ៊ុន​ធំៗ​ដូចជា​ ​Google​ ​Qualcomm​ ​Intel​ ​និង​ ​Xilinx​ ​ជាដើម​បាន​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក​ ​ឲ្យ​ដក​ការ​រឹតត្បិត​ចំពោះ​ ​Huawei​ ​ព្រោះ​ពួកគេ​ក៏​នឹង​ទទួលការ​ខាតបង់​ផង​ដែរ​ពី​សង្គ្រាម​នេះ​។​ ​យោង​តាម​តួលេខ​កាលពី​ឆ្នាំ២០១៨​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ចំណាយ​រហូតដល់​ ​១១ពាន់​លាន​ដុល្លារ​ ​ក្នុង​ការទិញ​បន្ទះ​ឈីប​ ​(​Chip​)​ ​ពី​ក្រុមហ៊ុន​យក្ស​អាមេរិក​ចំនួន​បី​ប៉ុណ្ណោះ​គឺ​ ​Intel​ ​Qualcomm​ ​និង​ ​Micron​៕​

    Loading...

    ពេញនិយម