Connect with us

Alisson ចង់ផ្ដល់សុបិនអាក្រក់ឱ្យ Messi ពេលប្រេស៊ីល ប៉ះអាហ្សង់ទីន នៅវគ្គ១/២ Copa America

ប្រេស៊ីល៖ ប្រេស៊ីល នឹងតតាំងជាមួយអាហ្សង់ទីន នៅក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa America នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧:៣០ នាទីព្រឹក។ មុនការប្រកួត អ្នកចាំទីប្រេស៊ីល Alisson Becker រំពឹងថា ខ្លួននឹងផ្ដល់សុបិនអាក្រក់ដល់តារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi សាជាថ្មី។

Alisson ធ្លាប់ប៉ះជាមួយ Messi ចំនួន ៤លើកនៅកម្មវិធីពានរង្វាន់អឺរ៉ុប UEFA Champions League ក្នុង ២រដូវកាលចុងក្រោយ ពោលគឺពេលដែល Alisson ជួយឱ្យក្លិប Roma និង Liverpool ទម្លាក់ Barcelona របស់ Messi ក្នុងវគ្គ ៨ក្រុមចុងក្រោយ និងពាក់កណ្ដាលផ្តាច់ព្រ័ត្រ។ ជាក់ស្ដែងនៅរដូវកាលមុន ពេល Barcelona ជួប Liverpool ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ, Messi អាចទាត់បំប៉ោងសំណាញ់ទីរបស់ Alisson បាន២គ្រាប់ ក្នុងជើងទីមួយ ក៏ប៉ុន្តែ Alisson បានរក្សាសំណាញ់ទីយ៉ាងល្អ នៅជើងទីពីរ ដែលជួយឱ្យ Liverpool ទម្លាក់ Barcelona បានសម្រេច។

Alisson បានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យប្រេស៊ីលបានឡើងមកដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Copa America ខណៈ Messi ហាក់ធ្វើបានល្អឡើយ ដោយរកបានទើបតែ ១គ្រាប់ប៉ុណ្ណោះ។

ប្រេស៊ីល និងអាហ្សង់ទីន នឹងមានក្រុមមួយឡើងទៅជួប ស៊ីលី ឬ ប៉េរូ ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី៤ ខែកក្កដា វេលាម៉ោង ៧:៣០ ព្រឹក៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម