Connect with us

ក្រសួងទេសចរណ៍ និងអង្គការដើម្បីភាពញញឹមនៃកុមារ រួមគ្នាជំរុញការបណ្តុះបណ្តាលធនធានមនុស្សបម្រើផ្នែកវិស័យទេសចរណ៍

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ រួមជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ បានប្រកាសផ្សព្វផ្សាយ និងដាក់ចេញការវាយតម្លៃការសិក្សាពីមុន ឬ បទពិសោធន៍ពីមុនរបស់អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ដោយចាប់ផ្តើមពីជំនាញក្នុងសេវាកម្មសណ្ឋាគារសម្រាប់ដំណាក់កាលដំបូង។ លោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ ស្ថាបនិកអង្គការ PSE បានបញ្ជាក់ថា ការប្រកាសផ្សព្វផ្សាយ និងដាក់ចេញការវាយតម្លៃការសិក្សា ឬ បទពិសោធន៍ពីមុនរបស់អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍នាថ្ងៃនេះ នឹងធ្វើឱ្យអ្នកជំនាញដែលកំពុងប្រកបការងារក្នុងវិស័យទេសចរណ៍នេះ កាន់តែមានភាពរស់រវើកថែមទៀត។

លោកស្រីបានបញ្ជាក់ថា យន្តការទាំងនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងទេសចរណ៍ ក៏ដូចជាជាគំនិតផ្ដួចផ្ដើមរបស់ជាតិ ដែលមិនត្រឹមតែឱ្យអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ទទួលបាននូវមុខងារកាន់តែខ្លាំងបន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការទទួលស្គាល់ជាផ្លូវការនូវសមិទ្ធផលរបស់ពួកគេផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការប្រកាសផ្សព្វផ្សាយ និងដាក់ចេញនូវយន្តការនេះ គឺជាការបង្ហាញពីសកម្មភាពយុទ្ធសាស្រ្តថ្មីមួយទៀត ដែលក្រសួងទេសចរណ៍បានរៀបចំ និងប្រកាសអនុវត្តចាប់ពីថ្ងៃនេះតទៅ ពោលគឺការវាយតម្លៃបទពិសោធន៍ ជំនាញ និងចំណេះដឹងរបស់អ្នកជំនាញដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ហើយដែលពុំទាន់មានវិញ្ញាបនបត្រ ឬសញ្ញាបត្រផ្លូវការបញ្ជាក់សមត្ថភាព ក្រោមយន្តការនៃការវាយតម្លៃការសិក្សាពីមុន។ នៅឆ្នាំ ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិជាង ៧លាននាក់ ដែលនឹងបង្កើតការងារផ្ទាល់ ១លាននាក់ និងចំណូលចូលជាតិ ៥០០០លានដុល្លារអាមេរិក។

ចំណែកនៅឆ្នាំ២០២៥ រំពឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ១០លាននាក់ វិស័យទេសចរណ៍នឹងបង្កើតការងារផ្ទាល់ប្រមាណ ១,២លាននាក់ និងនៅឆ្នាំ២០៣០ រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ ដោយបង្កើតការងារផ្ទាល់ប្រមាណ ២លាននាក់។ និន្នាការណ៍នេះបង្ហាញថា វិស័យទេស ចរណ៍កម្ពុជាត្រូវការពលកម្មជំនាញជាមធ្យមប្រមាណ ៥ម៉ឺននាក់ ក្នុងមួយឆ្នាំ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០៕

       

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម