Connect with us

ពិធីប្រគល់វត្ថុបុរាណចំនួន៨៥មុខ/បំណែក ជាអំណោយរបស់លោកស្រី Fumiko Takakuwa

ប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះហើយវេលាម៉ោង៩ព្រឹកនៅសារមន្ទីរជាតិ

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានជូនដំណឹងឱ្យជ្រាបពីការរៀបចំពិធីទទួលអំណោយវត្ថុបុរាណខ្មែរចំនួន៨៥មុខ/បំណែក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅសារមន្ទីរជាតិ ពីលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា Fumiko Takakuwa ជនជាតិជប៉ុនដែលបានស្ម័គ្រចិត្តប្រគល់ជូនមករាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជាវិញដើម្បីឧទ្ទិសដល់វិញ្ញាណខ័ន្ធស្វាមីរបស់លោកស្រីគឺលោកបណ្ឌិតសាស្ត្រាចារ្យ ម៉ូរីហ្វូមី តាកាកុវ៉ា។ វត្ថុបុរាណទាំងនេះជាបដិមាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលម្អ ត្រាមានលម្អរូបសត្វធ្វើពីសំរិទ្ធ បំណែកតុបតែង ខ្សែកធ្វើពីមាស កុលាលភាជន៍ និង អកកំបោរធ្វើពីស្ពាន់ដែលមានអាយុកាលក្នុងសម័យបុរេប្រវត្តិសាស្រ្ត សម័យមុនអង្គរ និង សម័យក្រោយអង្គរ អំណោយវត្ថុបុរាណទាំង៨៥មុខនេះត្រូវបាននាំតាមរយៈលោក ម៉ាសាម៉ូតូ ហ្វូស៊ីណូ Masatomo Hoshino និង ភរិយា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីវប្បធម៌ និង វិចិត្រសិល្បៈបានលើកឡើងថា”គ្រប់ពេលវេលា ការប្រគល់ត្រឡប់មកវិញនូវរតនវត្ថុរបស់ជាតិគឺជាការវិលមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរ ជាមង្គលឧត្តមរបស់ជាតិ និងការប្រសើរឡើងនូវក្រមសីលធម៌នៃមនុស្សជាតិ និងការប្រសើរឡើងវិញនូវក្រមសីលធម៌អ្នកធ្វើសមុច្ច័យវត្ថុបុរាណ។ ដូចនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈសូមលើកទឺកចិត្តដល់បុគ្គលឯកជនសារមន្ទីរ ក្រុមហ៊ុន ក៏ដូចជាស្ថាប័ននាៗលើសកលលោកដែលកំពុងតាំងបង្ហាញ និង រក្សាទុកវត្ថុបុរាណកម្ពុជាសូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ស្ថានទូតកម្ពុជានៅតាមបណ្តាប្រទេសនីមួយៗក្នុងការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញ។ កម្ពុជាចាត់ទុកថាទង្វើដ៏ថ្លៃថ្លានេះមិនត្រឹមតែបង្ហាញពីការចូលរួមលើកតម្លៃដល់វប្បធម៌ជាតិសាសន៍នីមួយៗប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលឆ្លងកាត់សង្រ្គាមស៊ីវិល និង រងគ្រោះពីសោកនាដកម្ម និង ទារុណកម្មនៃអំពីប្រល័យពូជសាសន៍ប៉ុលពត៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម