Connect with us

ក្មេងទើបកើត កុំធ្វើរឿងទាំងប៉ុន្មាននេះដាក់ឲ្យសោះ

ក្មេងទើបកើត កុំធ្វើរឿងទាំងប៉ុន្មាននេះដាក់ឲ្យសោះ

កូនក្មេងទើបកើត ស្បែកក៏នៅខ្ចី ស្តើង ឆ្អឹងក៏ខ្ចី ឯប្រព័ន្ធភាពស៊ាំក៏ខ្សោយ តម្រូវឲ្យម៉ាក់ប៉ាយកចិត្តទុកដាក់ថែទាំឲ្យបានដិតដល់ នោះទើបលូតលាស់បានល្អ មិនសូវមានបញ្ហាសុខភាព។
ខាងក្រោមនេះរឿងមួយចំនួន ដែលម៉ាក់ប៉ាមិនត្រូវធ្វើដាក់កូនតូចនោះទេ ព្រោះអាចនឹងប៉ះពាល់ដល់សុខភាព និងរាងកាយ។

១- ហាមឲ្យកូនគេងផ្ងារ
បន្ទាប់ពីកើតភ្លាម គ្រូពេទ្យបានណែនាំឲ្យម៉ាក់ៗដាក់កូនគេងផ្អៀងទៅឆ្វេង ឬខាងស្តាំ មិនឲ្យអូនតូច គេងផ្ងារនោះទេ។ ការឲ្យកូនគេងផ្អៀង ដើម្បីទម្លាក់ទឹកព្រៃដែលនៅសេសសល់តាមច្រមុះ ឬមាត់ឲ្យអស់ មិនឲ្យឈ្លក់ និងចូល សួត។

២- ហាមឲ្យកូនញ៉ាំទឹក
កូនកើតមកភ្លាម រហូតដល់អាយុ ៦ខែ យើងមិនត្រូវឲ្យកូនញ៉ាំទឹកនោះទេ។ ម៉ាក់ៗត្រូវឲ្យកូនម៉ឹមតែទឹកដោះមួយមុខគត់ គ្រប់គ្រាន់ហើយ ព្រោះទឹកដោះម៉ាក់ៗសម្បូរជាតិទឹក។
៣- ហាមបន្តក់ទឹកដោះលើភ្នែកកូន
ម៉ាក់ៗដែលកើតកូនតាមធម្មជាតិ អាអូនមានបញ្ហាភ្នែកច្រើនជាងសម្រាលដោយវះកាត់ តែទោះយ៉ាងណា យើងមិនត្រូវបន្តក់ទឹកដោះលើភ្នែកកូននោះទេ ព្រោះរឹតតែធ្វើឲ្យភ្នែកស្អិត ហើម និងរលាកភ្នែក។ ភ្នែកកូនតូចឈឺ គ្រូពេទ្យបានណែនាំឲ្យបន្តក់សេរ៉ូមប្រៃ។
៤- ហាមរោយម្សៅលើផ្ចិតកូន
ក្រោយចេញពីពេទ្យ ម៉ាក់ប៉ាត្រូវថែទាំផ្ចិតកូនឲ្យបានល្អ ដើម្បីបង្ការការឆ្លងរោគ ដោយធ្វើអនាម័យ និងលាងសម្អាតផ្ចិតកូនជាមួយអាល់កុល និងថ្នាំមេតាឌីន មិនត្រូវយកដីដំបូក សំបុកពីងពាង-ឆ្កែញ៉ាំង ផេះ ម្សៅហុយមកបិទ ឬរោយពីលើផ្ចិតនោះទេ។ ផ្ចិតកូនក្មេងនឹងក្រៀមជ្រុះដោយឯកឯងក្នុងអំឡុង ៥-១៥ ថ្ងៃក្រោយសម្រាល។

៥- ហាមលាបប្រេងកូឡាលើបង្ហើយកូន
ចាស់ៗតែងលាបប្រេងកូឡានៅបង្ហើយកូនង៉ែត ដើម្បីឲ្យបង្ហើយឆាប់រឹង មិនផើតផត។ ជំនឿបែបនេះមិនត្រឹមត្រូវឡើយ ហើយថែមទាំងបង្កផលប៉ះពាល់ដល់ខួរក្បាលកូន និងមានអាចម៍ក្របីលើក្បាល។
៦- ហាមឲ្យកូនគេងតែមួយទម្រង់
កូនទើបនឹងកើតឆ្អឹងលលាដ៍ក្បាលនៅខ្ចីខ្លាំងណាស់ ដូច្នេះយើងមិនត្រូវឲ្យកូនគេងផ្អៀង ឬផ្ងារ រហូតទេ ត្រូវផ្លាស់ប្តូរទម្រង់នៃការគេង ម្តងឲ្យកូនគេងផ្អៀងទៅស្តាំ ម្តងគេងទៅស្តាំ ឬផ្ងារ។ ធ្វើបែបនេះទើបទម្រង់ក្បាលកូនល្អ មិនសំប៉ែត៕

ប្រភព Hello Krupet

    Loading...

    ពេញនិយម