Connect with us

Ronaldo ទៅដល់សិង្ហបុរីភ្លាម និយាយរឿងដ៏ក្តុកក្តួលមួយ ប្រាប់សិស្ស

សិស្សសិង្ហបុរី ត្រងត្រាប់ស្ដាប់ Ronaldo យ៉ាងយកចិត្តទុកដាក់!

សិង្ហបុរី៖ Cristiano Ronaldo បានបង្ហាញខ្លួននៅប្រទេសសិង្ហបុរី ជាសាធារណៈក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្ស នៅសាលាបឋមសិក្សា Yumin កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចែករំលែកបទពិសោធន៍ដ៏ជូរចត់របស់ខ្លួន កាលពីនៅវ័យកុមារ មុនក្លាយជាកីឡាករបាល់ទាត់អាជីពដ៏ល្បីល្បាញដូចសព្វថ្ងៃ។

នៅមុខសិស្សជាង ១ពាន់នាក់ កីឡាកររបស់ក្លិប Juventus នៅអ៊ីតាលី បានរៀបរាប់ដូច្នេះថា៖ “ខ្ញុំបានចាប់ផ្ដើមលេងបាល់ ពេលអាយុ ១១-១២ ឆ្នាំ។ រឿងដែលពិបាកបំផុតសម្រាប់ខ្ញុំ គឺការចាកចេញពីក្រុមគ្រួសារ ដើម្បីក្លាយជាកីឡាករអាជីពម្នាក់។ ខ្ញុំ កើតចេញពីគ្រួសារដ៏តូចតាចមួយ តែគ្រួសាររបស់ខ្ញុំ បានផ្ដល់ឱកាសឱ្យខ្ញុំជាច្រើន។ ម៉ាក់ប៉ាខ្ញុំ ធ្លាប់ប្រាប់ខ្ញុំថា បើកូនចង់ធ្វើវា (លេងបាល់) ម៉ាក់ប៉ាមិនឃាត់ទេ។ ពេលនោះ ខ្ញុំក៏ទៅ Lisbon ដើម្បីសាកល្បង។ ខ្ញុំលេងឱ្យ Sporting ដែលជាក្លិបទីមួយរបស់ខ្ញុំ។ សំណាងបានកើតមានចំពោះរូបខ្ញុំ។ វាពិបាកណាស់ ជួនកាលខ្ញុំយំតែម្នាក់ឯង។ តែប៉ុន្មានឆ្នាំក្រោយមក អ្វីៗបានផ្លាស់ប្ដូរ។ ខ្ញុំមានអាយុ១៦ឆ្នាំ នៅពេលខ្ញុំ ទទួលបានកុងត្រាអាជីពជាលើកដំបូង”។

កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើបន្តថា៖ “ដើម្បីក្លាយជាកីឡាករបាល់ទាត់ម្នាក់ វាមិនមែនជារឿងងាយស្រួលទេ។ ប៉ុន្តែ ការងារណាក៏ដោយ ក៏មិនស្រួលដែរ បើយើងមិនព្យាយាម និងផ្ដោតធ្វើវា។ ខ្ញុំមិនដែលធ្លាប់គិតថា ខ្ញុំបោះបង់អាជីពនេះទេ។ មិនថា អ្នកចង់ក្លាយជា កីឡាករបាល់ទាត់ ឬ គ្រូពេទ្យ នោះទេ អ្នកត្រូវតែជឿជាក់លើក្ដីស្រមៃរបស់ខ្លួន ព្យាយាមធ្វើវា ព្រោះអ្វីៗក៏អាចទៅរួចបានដែរ។ កុំចុះចាញ់ កុំបោះបង់ ព្យាយាមដល់ទីបំផុត”។

សូមជម្រាបថា នេះជាដំណើរកម្សាន្តរបស់ Ronaldo ទៅសិង្ហបុរី រយៈពេល ២ថ្ងៃ ពោលគឺ គេនឹងចាកចេញពីសិង្ហបុរី នៅថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Straits Times

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម