Connect with us

ក្រុម “ដូចឆ្កែ” ត្រូវបានអញ្ជើញឱ្យទៅសម្តែងនៅក្នុងកម្មវិធីប្រគំតន្ត្រី “Wacken” ដ៏ធំនៅប្រទេសអាល្លឺម៉ង់

អបអរសាទរដល់យុវជនរើសសំរាមដែលស្រលាញ់តន្រ្តីមួយនេះផង!

ភ្នំពេញ៖ គ្រាន់តែឮឈ្មោះ “ដូចឆ្កែ” ប្រិយមិត្តប្រាកដជាឆ្ងល់ហើយថាហេតុអ្វីបានជាពួកគេដាក់ឈ្មោះក្រុមយ៉ាងដូច្នេះ។ ក្រុម “ដូចឆ្កែ” មានសមាជិក ៤ នាក់ដែលមានឈ្មោះដូចជា អ៊ុច ហ៊ីង, អ៊ុច ធារ៉ា, សុចិត្រា ពេជ្រ និងសុខ វិជ័យ។

យោងតាមកិច្ចសម្ភាសន៍ជាមួយ MyTV PLUS ពួកគេបានឱ្យដឹងថា មូលហេតុដែលនាំឱ្យពួកគេដាក់ឈ្មោះ “ដូចឆ្កែ” ក៏ដោយសារតែនៅពេលដែលពួកគេលេងបទចង្វាក់ metal គឺគ្មាននរណាស្តាប់ពួកគេយល់ទេ ហើយថែមទាំងថាឱ្យពួកគេថាច្រៀងឡូឡាដូចជាឆ្កែ មិនតែប៉ុណ្ណោះពួកគេដាក់ឈ្មោះយ៉ាងដូចច្នេះ ក៏ដោយសារតែពួកគេបានលើកឡើងថា ជីវិតរបស់ពួកគេដូចជាសត្វឆ្កែ ដែលពួកគេធ្លាប់លំបាកដើររើសសម្រាម និងរើសចំណីញុំាទៀតផង។

បន្ទាប់មកពួកគេក៏ទទួលបានការបណ្តុះបណ្តាលនៅអង្គការ “Moms Against Poverty” មកពីទីក្រុង San Francisco សហរដ្ឋអាមេរិក ដែលអង្គការដែលជួយទៅដល់កុមារក្រីក្រឱ្យពួកគេទទួលបានការអប់រំ ។

ដោយឡែកកាលពីពេលថ្មីៗនេះ ក្រុម “ដូចឆ្កែ” ត្រូវបានអញ្ជើញទៅសម្តែងនៅប្រទេសអាល្លឺម៉ង់ក្នុងកម្មវិធីប្រគំតន្ត្រី “Wacken” ដែលជាកម្មវិធីប្រគំតន្ត្រី metal ដ៏ធំជាងគេបង្អស់នៅលើពិភពលោក ដោយសារតែអ្នករៀបចំកម្មវិធីចាប់អារម្មណ៍ជាមួយជីវិតរបស់ពួកគេ។

ពួកគេក៏បានប្រាប់មកកាន់ MyTV PLUS ផងដែរថា ទំរាំតែពួកគេត្រូវបានអញ្ជើញទៅសម្តែងនៅប្រទេសអាល្លឺមង់ក្នុងកម្មវិធីប្រគំតន្ត្រី “Wacken” ពួកគេជួបការលំបាកច្រើនណាស់ ដោយពួកគេខ្វះខាតថវិកាជាច្រើនក្នុងការធ្វើដំណើរជាដើម។ បច្ចុប្បន្នពួកគេកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Yab Moung Records និងធ្វើការហ្វឹកហាត់ជាប្រចាំ ដើម្បីត្រៀមខ្លួនទៅសម្តែងនៅក្នុងកម្មវិធីដ៏ធំមួយនេះ។

ពួកគេក៏បានបន្តទៀតថា ពួកគេរីករាយក្នុងការទទួលជំនួយផ្សេងៗប្រសិនបើមានសប្បុរសជនចាប់អារម្មណ៍ចង់ជួយដល់ពួកគេ ដែលសប្បុរសជនអាចទាក់ទងបានតាមរយៈទំព័រ Facebook Doch Chkae និង Moms Against Poverty៕

   

សូមទស្សនាវីដេអូ

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម